តុលាការកំពូលប្រទេសថៃ កាលពីថ្ងៃទី ២០ ខែមិថុនា បានប្រកាសដាក់ទោស អតីតរដ្ឋមន្ត្រីការបរទេស លោក Surapong Tohvichakchaikul ជាប់ពន្ធនាគារ២ឆ្នាំ ពី បទផ្តល់លិខិតឆ្លងដែនឲ្យលោក ថាក់ស៊ីន ដោយខុសច្បាប់ ក្នុងពេលដែលលោក ថាក់ស៊ីន ត្រូវបានកម្លាំងប៉ូលិសស្វែងរក ចាប់ខ្លួន។
នៅពេលនេះលោក ថាក់ស៊ីន និងប្អូន ស្រី លោកស្រី យីងឡាក់ ត្រូវរស់នៅរសាត់អណ្តែតនៅក្រៅប្រទេសគេចពីការចាប់ឃុំខ្លួនរបស់រដ្ឋាភិបាលយោធា។ កន្លងមកថ្មីៗ លោកស្រី យីងឡាក់ និង លោក ថាក់ស៊ីន ក៏បានបង្ហាញខ្លួននៅ អាមេរិក និងជួបពិភាក្សាជាមួយអ្នកនយោបាយអាមេរិកមួយចំនួនដែលជាមិត្ត ក្នុង ពេលលោកនៅកាន់តំណែងផងដែរ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតនៅប្រទេសថៃនោះដែរ ព្រះមហាក្សត្រ ថៃបានទទួលទ្រព្យសម្បត្តិ៣០ពាន់លាន ដុល្លារ ដែលបន្សល់ទុកតាំងពីអតីតព្រះ មហាក្សត្រ ដែលបានសោយទ័វង្គត។ ជា មួយគ្នានោះព្រះមហាក្សត្រ ក៏ត្រូវបង់ពន្ធ ដូចជាពលរដ្ឋធម្មតាផងដែរ ដែលពីមុន មិនមានឡើយ។
ទស្សនាវដ្តី Forbes បានផ្សាយថា ព្រះមហាក្សត្រថៃ Bhumibol Adulyadej មានទ្រព្យសម្បត្តិ៣០ពាន់លានដុល្លារ អាមេរិក និងមានភាគហ៊ុននៅក្នុងក្រុមហ៊ុនធំនៅក្នុងប្រទេស។ ទ្រព្យសម្បត្តិ៣០ពាន់លានដុល្លារនោះ មានទាំងអចលនទ្រព្យ នៅក្រុងបាងកក និងភាគហ៊ុននៅធនាគារ ពាណិជ្ជកម្ម ក៏ដូចជាក្រុមហ៊ុនស៊ីម៉ងត៍ Siam ជាដើម៕ ម៉ែវ សាធី