ខេត្តព្រះសីហនុ ៖ សំណុំរឿងរបស់ស្រ្តី ម្នាក់ឈ្មោះ មឿង ស្រីទូច ដែលយកឈ្មោះថ្នាក់ដឹកនាំទៅប្រើប្រាស់គំរាមកំហែងដើម្បីរំលោកភយកដីធ្លីនិងប៉ុនប៉ងមនុស្សឃាតលើមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុពេលចុះបំពេញភារកិច្ចនោះពេលនេះចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុកំពុងដំណើរការនីតិវិធីហើយ ។
លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រះ សីហនុបានឲ្យដឹងថា ពាក់ព័ន្ធករណីស្រ្តី ម្នាក់រងការចោទប្រកាន់ថាបានប៉ុនប៉ង សម្លាប់មន្ត្រីកងរាជអាវុធហត្ថម្នាក់ពេលចុះបំពេញការងារនោះលោកបានទទួល សំណុំរឿងពីសមត្ថកិច្ចរួចរាល់ហើយ ។
លោកបានបន្តថា សំណុំរឿងនេះបាន បញ្ជូនទៅដល់ចៅក្រមស៊ើបសួរនិងកំពុងចាត់វិធានការតាមច្បាប់។ ចំពោះដំណើរ នីតិវិធីយ៉ាងណាបន្តទៀតលោកមិនអាចប្រាប់បានទេព្រោះចៅក្រមស៊ើបសួរកំពុងតែស៊ើបអង្កេតបន្ថែម ។
សូមរំឭកថា លោកអនុសេនីយ៍ឯក ញ៉ា ពិសិទ្ធ មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុបានរងរបួសធ្ងន់ដោយសារក្រុមស្រ្តីឈ្មោះ មឿង ស្រីទូច និងបក្ខពួកប្រមាណ៣ទៅ៤នាក់ទៀតបានធ្វើសកម្មភាពប៉ុន ប៉ងសម្លាប់កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០១៨កន្លងទៅប៉ុន្តែមិនបានសម្រេច ។
បច្ចុប្បន្ននេះមន្ត្រីកងរាជអាវុធហត្ថរូបនេះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាមដោយសារស្ថាន ភាពរបួសធ្ងន់ដាច់ស្លឹកត្រចៀក, ប៉ះពាល់ ផ្នែកក្បាល និងឈឺពេញខ្លួនប្រាណ ។
មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែមិថុនាកន្លងទៅមានប្រជាពលរដ្ឋរាយការណ៍មកថា ក្រុមកម្មករចាំចម្ការក្នុងភូមិសាស្រ្តភូមិគគីរ ឃុំបិតត្រាំង និងឃុំរាម ស្រុកព្រៃនប់កំពុងឈ្លោះទាស់ទែងគ្នា ហើយស្រ្តីម្នាក់ឈ្មោះ មឿង ស្រីទូច និងបក្ខពួកបានបញ្ជាឲ្យកម្មកររបស់ខ្លួនប្រើហិង្សារុះរើរោងចាំដី និង ដុតបំផ្លាញម៉ូតូ១គ្រឿងរបស់កម្មករចាំចម្ការ ឲ្យភាគីម្ខាងទៀត ។
បន្ទាប់ពីទទួលពាក្យបណ្តឹង និងមាន បទបញ្ជាពីគណៈបញ្ជាការឯកភាពខេត្ត កម្លាំងកងរាជអាវុធហត្ថដឹកនាំដោយមន្ទីរស្រាវជ្រាវយុត្តិធម៌រួមជាមួយរថយន្តស៊ីរ៉ែន១គ្រឿងបានទៅដល់កន្លែងកើតហេតុនិងទីតាំងដីចម្ការក្នុងគោលបំណងពិនិត្យនិងហៅស្ត្រីឈ្មោះ មឿង ស្រីទូច ព្រមទាំងបក្ខពួកមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហុនុដើម្បីសួរនាំទៅតាមនីតិវិធី។
ប្រភពជាច្រើនដែលបានដឹងរឿងនេះ ច្បាស់លាស់បានលើកឡើងថា ពេលកម្លាំង កងរាជអាវុធហត្ថទៅដល់ស្រ្តីឈ្មោះ មឿង ស្រីទូច បានហៅទូរស័ព្ទឆ្វែងឆ្វាត់ស្វែងរកការជួយធ្វើអន្តរាគមន៍ពីអ្នកធំពេលនោះលោក ញ៉ា ពិសិទ្ធ បានអញ្ជើញស្រ្តីឈ្មោះ មឿង ស្រីទូច និងបក្ខពួកដែលគេអះអាងថា ជាអង្គរក្សឲ្យមកកាន់បញ្ជាការដ្ឋាន។ ពេល នោះលោក ញ៉ា ពិសិទ្ធ បានជិះរថយន្តឡិច ស៊ីស៥៧០ដោយស្រ្តីឈ្មោះ មឿង ស្រីទូច ជាអ្នកបើកបរហើយអង្គរក្ស និងបក្ខពួក អង្គុយជាប់លោក ញ៉ា ពិសិទ្ធ និងបានចាក់សោទ្វាររថយន្តរួចបើកចេញហើយរថយន្តសុីរ៉ែនរបស់កងរាជអាវុធហត្ថបើកតាមពីក្រោយ ។
ប្រភពបានបន្តថា ពេលបើករថយន្ត ចេញស្រ្តីឈ្មោះ មឿង ស្រីទូច បានបញ្ជា ឲ្យលោក ញ៉ា ពិសិទ្ធ បិទទូរស័ព្ទមិនឲ្យ ទាក់ទងទៅណាទាំងអស់គឺក្លាយខ្លួនជា ចំណាប់ខ្មាំងនិងបើករថយន្តយ៉ាងលឿន មិនបានឆ្ពោះទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តទេគឺបង្វែរទិសសំដៅទៅភ្នំពេញធ្វើឲ្យរថយន្តស៊ីរ៉ែនរបស់សមត្ថកិច្ចដេញ តាមមិនទាន់។ ដោយឃើញសភាពការណ៍ មិនល្អលោក ញ៉ា ពិសិទ្ធ សម្រេចចិត្តបើក ទ្វាររថយន្តលោតចុះទាំងបង្ខំទៅខាងឆ្វេងដៃបណ្តាលឲ្យរងរបួសដាច់រយះស្លឹក ត្រចៀកខាងស្តាំស្ទើរបាត់ទាំងស្រុង និង មានស្នាមជាំឈឺចុកចាប់ពេញខ្លួនតែម្តង ។
បន្ទាប់ពីមានករណីនេះរថយន្តសុីរ៉ែនបានដឹកបញ្ជូនលោក ញ៉ា ពិសិទ្ធ ទៅកាន់ គ្លីនិកឯកជនមួយដើម្បីសង្គ្រោះអាយុជីវិត។ ដោយឡែករថយន្តឡិចស៊ីស៥៧០របស់ស្រ្តីឈ្មោះ មឿង ស្រីទូច និងអង្គរក្សបាន បើកគេចខ្លួនបាត់ដោយសុវត្ថិភាពហើយសមត្ថកិច្ចស្រាវជ្រាវរកឃើញរថយន្តឡិចស៊ីស៥៧០ពាក់ស្លាកលេខភ្នំពេញ 2AA-3339 លាក់ទុកក្នុងវត្តសមាធិភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ។
សូមបញ្ជាក់ថា ទំនាស់ដីធ្លីដ៏ក្តៅគគុក រវាងប្រជាពលរដ្ឋនឹងអ្នកមានលុយនៅលើដីស្ថិតក្នុងភូមិសាស្ត្រភូមិគគីរ ឃុំបិតត្រាំង និងឃុំរាម ស្រុកព្រៃនប់ និងតំបន់មួយចំនួន ទៀតដែលល្បីឈ្មោះ ពយ ម៉ាចូវ នៅក្នុងខេត្តព្រះសីហនុក្នុងនោះមានបុគ្គលទាំង៣នាក់ដែលខ្លាំងជាងគេបំផុតរហូតយកឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ទៅប្រើប្រាស់ គំរាមកំហែងប្រជាពលរដ្ឋ និងអាជ្ញាធរ ព្រមទាំងបានបំពានសេចក្តីជូនដំណឹងលេខ ២៣៨/១៨ សជណ ចុះថ្ងៃសុក្រ ៥រោច ខែ ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ នឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ របស់រដ្ឋ បាលខេត្តព្រះសីហនុ ។
មេខ្លោងរំលោភដីធ្លីរបស់រដ្ឋនិងបង្កឲ្យមានទំនាស់ដីធ្លីដ៏ស្មុគស្មាញនោះត្រូវបានគេស្គាល់ថា៖
ទី១-ឈ្មោះ ញាក់ គឹមតុង ជាមេខ្លោង ទន្ទ្រានដីព្រៃរដ្ឋនិងដីប្រជាពលរដ្ឋដែល បានកាន់កាប់និងអាស្រ័យផលអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ។
ទី២- ស្ត្រីឈ្មោះ មឿង ស្រីទូច ជាជើងខ្លាំងខាងជេរប្រមាថសម្លុតគំរាមកំហែង ប្រជាពលរដ្ឋស្លូតត្រង់និងសមត្ថកិច្ចដោយគ្មានញញើតនឹងផ្លូវច្បាប់ឡើយនិងបាន យករថយន្តទំនើបរបស់ថ្នាក់ដឹកនាំជិះធ្វើសកម្មភាពឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់មិនហ៊ានប៉ះពាល់ឡើយ ។
ទី៣-លោក ជៀម ជន់ ជាអ្នកមើលការខុសត្រូវនិងគ្រប់គ្រងកម្មករដីនៅទីនេះគឺយាមទាំងយប់ទាំងថ្ងៃដើម្បីកាប់ទន្ទ្រាន គ្រប់រូបភាពដោយខុសច្បាប់ ។
ពាក់ព័ន្ធដំណើរការនីតិវិធីមកលើស្ត្រីជើងខ្លាំងនេះលោកឧត្តមសេនីយ៍ទោ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះ សីហនុកាលពីរសៀលថ្ងៃពុធ ៨កើត ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ បានបដិសេធមិនបំភ្លឺបន្ថែមជុំវិញករណីខាងលើនេះដោយលោកបង្វែរសំណួរទៅរកអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសវិញ ។
លោកឧត្តមេសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា «រហូតដល់ពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវជាបន្តបន្ទាប់តាមនីតិវិធី ហើយអ្នក ដែលពាក់ព័ន្ធត្រូវបានបញ្ជូនទៅកាន់តុលាការរួចរាល់អស់ហើយ។ បច្ចុប្បន្ននេះកម្លាំងសមត្ថកិច្ចបានទទួលដីកាពីតុលាការបញ្ជាឲ្យចូលខ្លួននិងពេលនេះសមត្ថកិច្ចកំពុងតែធ្វើកិច្ចការនេះផងដែរ» ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា «ចំពោះអត្តសញ្ញាណអ្នកពាក់ព័ន្ធក្នុងរឿងនេះយើងមិនអាចនិយាយបានថាជាអ្នកណាឲ្យពិតប្រាកដឡើយព្រោះស្ថិតក្នុងនីតិវិធីនៅឡើយ»។
ជុំវិញរឿងរ៉ាវដ៏រសើបរបស់ស្រ្តីឈ្មោះ មឿង ស្រីទូច ដែលអួតខ្លួនឯងជាកូនក្មួយ របស់អ្នកធំដ៏មានឥទ្ធិពលនៅភ្នំពេញ និង បក្ខពួកដែលរំលោភដីធ្លីរបស់រដ្ឋ និងបាន ប៉ុនប៉ងសម្លាប់មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុមហាជនក៏ដូចជាមន្ត្រីរាជការ រង់ចាំមើលចំណាត់ការរបស់តុលាការនឹងទៅជាយ៉ាងណា។ តើជនរងគ្រោះអាច ទទួលបានយុត្តិធម៌ដែរឬទេ? ៕ ហេង សូរិយា