ភ្នំពេញ ៖ បន្ទាប់ពីប្រជាពលរដ្ឋមួយចំនួនដែលចង់ឲ្យកូនរបស់ខ្លួនចូលបម្រើធ្វើ ការងាររដ្ឋបានខិតខំប្រមូលលុយកាក់អស់ពីខ្លួនយកទៅឲ្យបុរស២នាក់ដែលអួតខ្លួន ថា ជាក្មួយលោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គស្នងការរងនគរបាលជាតិ ដោយម្នាក់ថាខ្លួនជាមន្រ្តីនគរបាលផ្កាយ២នៅក្រសួងមហាផ្ទៃ និងម្នាក់ទៀតជាមន្រ្តីយោធាស័ក្តិ៤កន្លះបានឆបោកប្រាក់ពល រដ្ឋរាប់ម៉ឺនដុល្លារធានាខាងរត់ការចូលបម្រើ ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ និងចូល ជាមន្រ្តីយោធា ។
យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះកាលពីថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៨បានឲ្យដឹងថា បន្ទាប់ពីពួកគាត់ដឹង ខ្លួនថា ចាញ់បោកគេហើយក៏បាននាំគ្នាទៅ ដាក់ពាក្យបណ្ដឹងនៅក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តព្រះវិហាររួចហើយដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ ជូនពួកគាត់វិញ ។
ប្រភពដដែលបានបន្តថា ជនឆបោក ទាំង២នាក់នោះ ទី១-ឈ្មោះ ជុំ សុខឿន ឋាន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២) នៅក្រសួងមហាផ្ទៃ និងទី២-ឈ្មោះ គឹម ឫទ្ធី មានឋាន្តរស័ក្តិវរសេនីយ៍ទោ (ស័ក្តិ៤ កន្លះ) អត្តលេខ០២៥១៨៩ មន្រ្តីយោធា នៅកងពលលេខ២ប្រចាំទិសប្រាសាទព្រះវិហារ ។
ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹង ទៀតថា ដោយសារតែពួកគាត់ជឿតាមការ អះអាងរបស់បុរសឈ្មោះ ជុំ សុខឿនថា ខ្លួន ជាក្មួយរបស់នាយឧត្តមសេនីយ៍ សុខ ផល អគ្គស្នងការរងនគរបាលជាតិអាចរត់ការ ឲ្យបានចូលក្របខ័ណ្ឌនគរបាលជាតិទើបបណ្តាលឲ្យពួកគាត់មានការទុកចិត្តបានប្រមូលទ្រព្យសម្បត្តិអស់ពីខ្លួនយកទៅឲ្យ ជនទាំង២នេះអស់រាប់ម៉ឺនដុល្លារអាមេរិក។
បច្ចុប្បន្នឈ្មោះ ជុំ សុខឿន និងឈ្មោះ គឹម ឫទ្ធី កំពុងគេចខ្លួនក្រោយពីយកលុយជនរងគ្រោះជាច្រើននាក់ទើបជនរងគ្រោះសម្រេចចិត្តដាក់ពាក្យប្តឹងដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ជូនពួកគាត់វិញ ៕ស តារា