ព័ត៌មានទាន់ហេតុការណ៍៖

ទិវាជនភៀសខ្លួនអន្តរជាតិពិភពលោកមិនទាន់អាចដោះស្រាយវិបត្តិជនភៀសខ្លួនបាន

ចែករំលែក៖

ទិវាជនភៀសខ្លួនពិភពលោក ត្រូវបាន បង្កើតឡើង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០០១ ក្រោយពេលដែលមានជនភៀសខ្លួនជាច្រើននៅជុំវិញពិភពលោក ។តាំងពីពេលនោះមកជនភៀសខ្លួនបានកើនឡើងជាបន្តបន្ទាប់ដោយសារតែសង្គ្រាមវាយ ប្រហារនៅអាហ្វហ្គានីស្ថាន អីុរ៉ាក់ ក៏ដូចជា បដិវត្តន៍ផ្កាម្លិះ នៅអារ៉ាប់ បង្កឲ្យមាន សង្គ្រាមស៊ីវិលកើតឡើង។ សរុបពិភព លោកមានជនភៀសខ្លួន ដល់ទៅ៦៨លាននាក់កន្លះគឺជាចំនួនយ៉ាងច្រើនបំផុត។

នៅក្នុងឱកាសទិវាជនភៀសខ្លួនពិភពលោកឆ្នាំ២០១៨នេះ កើតឡើងក្នុងពេលដែលមានជនភៀសខ្លួនជាច្រើននៅអឺរ៉ុប និងអាមេរិក។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះគីមានជនភៀសខ្លួនខ្ពស់បំផុតមិនធ្លាប់មាន ។សរុបពិភពលោកមានចំនួនជន ភៀស ខ្លួន ដល់ទៅ ៦៨លាននាក់កន្លះ។ នៅសហភាពអឺរ៉ុប និងនៅអាមេរិក វិបត្តិ ជនអន្តោប្រវេសន៍កំពុងតែជាបញ្ហាដ៏ចម្រូងចម្រាសបំផុត។

អង្គការសហប្រជាជាតិបានអនុម័តយកថ្ងៃទី ២០មិថុនា ជាទិវាជនភៀសខ្លួន អន្តរជាតិ នៅក្នុងមហាសន្និបាត កាលពី ខែធ្នូឆ្នាំ២០០០។ ទិវានេះត្រូវបានប្រារព្ធធ្វើឡើងជាលើកដំបូង នៅឆ្នាំ២០០១។ កម្មវត្ថុនៃការបង្កើតទិវានេះ មិនមែនដើម្បីចែកចាយបន្ទុកគ្នាទទួលជនភៀសខ្លួនទេ តែដើម្បីបែងចែងកទំនួលខុសត្រូវពិភពលោក ដោយឈរលើគោលការណ៍មនុស្ស ធម៌ របស់មនុស្សជាតិ និងដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិដែលប្រទេសជាសមាជិកមានកាតព្វកិច្ចត្រូវគោរព។ ព្រោះថាជនភៀសខ្លួនជាជនរងគ្រោះនៃ បញ្ហា នៃសង្គ្រាម និងការស្អប់ខ្ពើមគ្នា។

ប្រារព្ធទិវានេះ ជាការឧទ្ទិសដល់ជន ភៀសខ្លួន ដល់អ្នកសុំសិទ្ធិជ្រកកោន អ្នក ធ្វើបន្លាស់ទី និងអ្នកអត់ប្រទេស និងជាការបញ្ជ្រាបព័ត៌មានដល់មតិសាធារណៈទូទៅឱ្យបានដឹង និងយល់អំពីស្ថានភាព ព្រមទាំងសេចក្តីត្រូវការរបស់ជនដែលបានធ្វើការសម្រេចចិត្តដ៏លំបាកមួយ គឺបង្ខំចិត្តចាក ចេញពីប្រទេសពីផ្ទះ ដើម្បីគេចចេញ ពី សង្គ្រាម ពីភាពក្រីក្រអត់ឃ្លានពីការធ្វើទុក្ខទារុណ ដោយសង្ឃឹមថានឹងអាចរកឃើញអនាគតប្រសើរឡើង។

ក្រៅពីនេះ អន្តរជាតិក៏បានចេញច្បាប់ស្តីពីអន្តោប្រវេសន៍ និងអធិបតេយ្យភាព របស់ប្រទេស នីមួយៗ។ប៉ុន្តែក្នុងការអនុ វត្តជាក់ស្តែង ច្បាប់អន្តរជាតិការពារជន អន្តោប្រវេសន៍ ឬជនភៀសខ្លួន ឬអ្នកសុំ សិទ្ធិជ្រកកោន នឹងអធិបតេយ្យភាពរបស់ប្រទេសដែលគេទៅដល់។ មានន័យថា ក្នុងនាមជារដ្ឋឯករាជ្យមួយ រដ្ឋនោះក៏មាន សិទ្ធិសម្រេច មានច្បាប់ជារបស់គេដែរ។ ជាទូទៅ ប្រទេសភាគច្រើនតែងតែគោរពតាមគោលការណ៍មនុស្សធម៌ ទទួលស្គាល់អំពីភាពចាំបាច់នៃការគោរពសិទ្ធិជនភៀសខ្លួន។

គ្រាន់តែថា សន្ធិសញ្ញាអន្តរជាតិឆ្នាំ ១៩៥១ មិនបានដាក់កំហិតឱ្យរដ្ឋសមាជិកត្រូវតែគោរពគោលការណ៍នោះឯណា ! ដូច្នេះ ទើបរដ្ឋនីមួយៗអាចឆ្លៀតដាក់ឱ្យ ដំណើរការច្បាប់ រឹតបន្តឹង ឬចាត់វិធានការ ដ៏តឹងតែង រុញច្រានជនភៀសខ្លួន ដោយ ការបិទព្រំដែន ឬចាប់បញ្ជូនចេញទៅ កន្លែងដើម ឬទៅជំរំនៅកន្លែងផ្សេង ក្រោមស្លាកច្បាប់ប្រឆាំងអន្តោប្រវេសន៍ ដើម្បី សន្តិសុខ ដូចអ្វីដែលយើងបានឃើញយ៉ាងជាក់ស្តែង ៖ អូស្ត្រាលីសម្រេចបិទជំរំជនភៀសខ្លួននៅតាមកោះ អាមេរិកប្រើវិធានការកាន់តែអមនុស្សធម៌ គ្មានទេការអនុវត្តសិទ្ធិសុំជ្រកកោន ការរារាំងជនអន្តោប្រវេសន៍ឆ្លងពីម៉ិចស៊ិក ជាការរំលោភគោលការណ៍ច្បាប់អន្តរជាតិបាត់ទៅហើយ។

សហភាពអឺរ៉ុបក៏មិនគ្រាន់បើដែរ ! អឺរ៉ុបបានជ្រើសរើសការបញ្ជូនជនភៀសខ្លួនទៅជំរំនៅទួរគីតាមរយៈកិច្ចព្រមព្រៀង ឬនៅ ជំរំរខេករខាកតាមជាយក្រុង។ តាម ការពិត អឺរ៉ុបសហរដ្ឋអាមេរិក ចង់រឹតបន្តឹង និងប្រយុទ្ធប្រឆាំងខ្លាំងនឹងអន្តោប្រវេសន៍សេដ្ឋកិច្ចទេ ប៉ុន្តែបញ្ហានៅត្រង់ ដូចករណី អឺរ៉ុប ជនអន្តោប្រវេសន៍រត់ឆ្លងសមុទ្រមេឌីទែរ៉ាណេ ភាគច្រើនជាជនភៀសខ្លួនរត់គេចចេញពីសង្គ្រាម អំពើហិង្សា និងការ បង្ក្រាប មកពីប្រទេសស៊ីរី អុីរ៉ាក់ អាហ្វហ្គា នីស្ថាន លីប៊ី អេរីត្រេ…

ជនភៀសខ្លួន និងជនអន្តោប្រវេសន៍

គ្រប់ជនភៀសខ្លួន ជាជនអន្តោប្រវេសន៍ តែជនអន្តោប្រវេសន៍មិនប្រាកដថាជនភៀសខ្លួនទេ ! នាពេលបច្ចុប្បន្ននេះ គេសង្កេត ឃើញថា មានប្រជាពលរដ្ឋនៅលើពិភពលោកប្រមាណជា៣% មិនរស់នៅក្នុង ប្រទេសកំណើតរបស់ខ្លួនទេ ! គេហៅជន ទាំងអស់នោះថា ខ្លះជនជាអន្តោប្រវេសន៍ ខ្លះជាជនភៀសខ្លួន ខ្លះជាជនសុំជ្រក កោន។ ប៉ុន្តែទោះហៅថាអ្វី ក៏ដោយ ក៏ពួកគេមិនសូវបានទទួលការស្វាគមន៍ឡើយ។

ជនអន្តោប្រវេសន៍ គឺជាជនបានធ្វើ បម្លាស់ទី ពីប្រទេសមួយទៅប្រទេសមួយ ដោយមូលហេតុសេដ្ឋកិច្ច នយោបាយ ឬវប្បធម៌ និងដោយចេតនា ក្នុងទស្សនវិស័យស្វែងរកអ្វីដែលប្រសើរសម្រាប់ខ្លួនឯងផ្ទាល់ ឬគ្រួសារ។ ពួកគេអាចជាជនអន្តោប្រវេសន៍ស្របច្បាប់ប្រសិនបើអាជ្ញាធរចេញបណ្ណស្នាក់នៅនិងបណ្ណការងារឱ្យ ឬជាជន អន្តោប្រវេសន៍ខុសច្បាប់ ប្រសិនបើអាជ្ញា ធរគ្មានចេញកាតឱ្យ ឬហៅអ្នកអត់ក្រដាស ស្នាម។

រីឯ ជនភៀសខ្លួន ជាបុគ្គលដែលបាន រត់គេចពីអំពើហិង្សា អំពីសង្គ្រាម អំពីការ គំរាមកំហែងដល់ជីវិត ទៅសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសមួយ ដើម្បីបានការការពារ ពីប្រទេសនោះ។ អ្នកមានឈ្មោះជាជន ភៀសខ្លួន នឹងត្រូវ ទទួលស្គាល់ និងការពារ ដោយច្បាប់អន្តរជាតិ និងដោយសន្ធិសញ្ញា ក្រុងហ្សឺណែវឆ្នាំ១៩៥១ ដែលមានប្រទេស ចំនួន១៤៥ ចុះហត្ថលេខា និងពុំត្រូវបានគេចាប់បញ្ជូនឱ្យត្រលប់ទៅប្រទេសកំណើតវិញទេ។

ដើម្បីបានទទួលសិទ្ធិជាជនភៀសខ្លួន បុគ្គលនោះត្រូវមានភស្តុតាងបញ្ជាក់ថា អាចរងការគំរាមកំហែងប៉ះពាល់ដល់ជីវិត មិនអាចត្រលប់ចូលប្រទេសកំណើតវិញ ដោយហេតុពូជសាសន៍ សង្គ្រាម អំពើ ហិង្សា សាសនា សញ្ជាតិ ឬនិន្នាការនយោ បាយ។ នៅក្នុងពេលដាក់ពាក្យ និងពុំទាន់ បានទទួលចម្លើយ ពួកគេមានឈ្មោះថា អ្នកសុំសិទ្ធិជ្រកកោន ក៏បានទទួលការការពារពីប្រទេសនោះដែរ។ ការសុំសិទ្ធិជ្រក កោន ជាសិទ្ធិសកល សម្រាប់បុគ្គលគ្រប់ រូបទាំងអស់ ស្របតាមច្បាប់អន្តរជាតិ និងជាសិទ្ធិចុងក្រោយរបស់មនុស្សលោក នៅពេលដែលគេអស់អ្វីទីពឹងរលីង ៕ ម៉ែវ សាធី


ចែករំលែក៖