ព័ត៌មានទាន់ហេតុការណ៍៖

លោក ដូណាល់ ត្រាំលុបចោលគោលនយោបាយកាត់បំបែកបំបាក់គ្រួសាររបស់ជនភៀសខ្លួន

ចែករំលែក៖

នេះជាលើកទីមួយដែលប្រធានាធិបតីអាមេរិកដូណាល់ ត្រាំត្រូវផ្លាស់ប្តូរគោល ជំហរ ដោយសារតែសម្ពាធអន្តរជាតិ និង ពលរដ្ឋអាមេរិកផ្ទាល់។ កន្លងមកមានបាតុកម្មជាច្រើនបានកើតឡើងនៅទូទាំងសហរដ្ឋអាមេរិកប្រឆាំងនឹងច្បាប់បំបែកបំបាក់គ្រួសារជនភៀសខ្លួន ដោយចោទប្រកាន់លោកត្រាំថាជាមនុស្សគ្មានមនុស្សធម៌។

សារព័ត៌មាន BBC បានផ្សាយថា ការផ្លាស់ប្តូរនយោបាយភ្លាមៗរបស់លោកត្រាំគឺដោយសារតែភរិយាសំណបព្វរបស់ លោក គឺលោកស្រី Melania Trump និងកូនស្រី ដែលជាទីប្រឹក្សា Ivqanka Trump បានដាក់គំនាបទៅលើ លោកត្រាំឲ្យផ្លាស់ប្តូរនយោបាយជនអន្តោប្រវេសន៍ខាងលើ។ ទាំងនោះហើយបានធ្វើឲ្យលោកត្រាំត្រូវចុះហត្ថលេខាលើច្បាប់ថ្មីនៅថ្ងៃទី ២០ខែមិថុនា ដោយលោកត្រាំបញ្ជាក់ថា អ្វីគ្រប់យ៉ាងគឺធ្វើឡើងដើម្បីឲ្យគ្រួសារបានជួបជុំគ្នា ។ ខ្ញុំមិនចូលចិត្តទិដ្ឋភាពនៃការ បែកបាក់គ្រួសារឡើយ។

លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់នៅក្នុងពិធីចុះហត្ថលេខានាថ្ងៃពុធសប្ដាហ៍នេះ យ៉ាងដូច្នេះថា «វាគឺជាការរក្សាគ្រួសារឱ្យនៅជុំគ្នា ហើយជាការពិតខ្ញុំមិនចង់ឃើញគ្រួសារបែកបាក់គ្នានោះទេ។ ប៉ុន្តែយើង នឹងបន្តគោលនយោបាយគ្មានការអត់ធ្មត់ប្រឆាំងនឹងជនទាំងឡាយ ណាដែលឆ្លងព្រំដែនដោយខុសច្បាប់ចូលមកក្នុងសហរដ្ឋអាមេរិក»។

ទោះបីជាយ៉ាងនេះក្ដី ភ្លាមៗនោះគេមិន ទាន់ដឹងច្បាស់ថា បទបញ្ជារបស់លោក ត្រាំ នឹងត្រូវអនុវត្តនៅពេលណានោះទេ។ ម្យ៉ាងវិញទៀត ការឃុំខ្លួនកុមារ និងឪពុកម្ដាយជាជនអន្តោប្រវេសន៍ខុសច្បាប់រួមគ្នា ធ្វើឡើងតែក្នុងករណីមានការព្រួយបារម្ភ ពីសុខុមាលភាពរបស់កុមារតែប៉ុណ្ណោះ ហើយគេក៏មិនដឹងថា វានឹងមានរយៈពេល យូរប៉ុនណាដែរ៕ ម៉ែវ សាធី


ចែករំលែក៖