ព័ត៌មានទាន់ហេតុការណ៍៖

ការវាយប្រហាររបស់អីុស្រាអែលទៅលើហ្គាហ្សាជាទ្រង់ទ្រាយធំ អាចកើតឡើងក្រោយអាមេរិកដកខ្លួនពីអង្គការសិទ្ធិមនុស្ស

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអីុស្រាអែល Gilad Erdan បាននិយាយនៅ ថ្ងៃទី២១ ខែមិថុនា ពីការមានឧកាស ពី សកម្មភាពវាយប្រហារយោធានៅហ្គាហ្សា នាពេលដ៏ខ្លីខាងមុខ។

និយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ លោកGilad Erdan បានបញ្ជាក់ថា កម្លាំង ទាហានការពារអីុស្រាអែល នឹងត្រូវបង្ខំ ធ្វើសកម្មភាពយោធា ជាទ្រង់ទ្រាយធំ នៅហ្គាហ្សា ។ លោកបន្តទៀតថា ក្រុមហា ម៉ាស់គឺជាអ្នកជំរុញឲ្យអីុស្រាអែល បើក ការវាប្រហារហ្គាហ្សា។

កាលពីថ្ងៃទី ២០ ខែមិថុនា កន្លងមក កម្លាំងទាហានអីុស្រាអែលបានបើកការ វាយប្រហារ ទៅលើគោលដៅ ២៥កន្លែង របស់ក្រុមហាមា៉ស់នៅហ្គាហ្សា ក្រោយ ពេលក្រុមហាម់ាស់ បាញ់មីស៊ីល ៤៥ដើម ពីហ្គាហ្សាទៅលើទឹកដីអីុស្រាអែល។

យន្ដហោះចម្បាំងអុីស្រាអែល បាន បើកការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងទីតាំងជាច្រើនកន្លែងរបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ហ្គាហ្សា បន្ទាប់ពីពួកគេបាញ់គ្រាប់រ៉ុក្កែតរាប់សិបគ្រាប់ ចូលទឹក ដីអុីស្រាអែល។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធនេះ ក្រសួងការពារជាតិអុីស្រា អែល បានឱ្យដឹងថា កងកម្លាំងទ័ពអាកាស របស់ខ្លួន បានធ្វើការវាយប្រហារតាមផ្លូវ អាកាស នៅព្រឹកថ្ងៃពុធនេះ លើគោលដៅ ២៥កន្លែង ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហាម៉ាស់ប៉ាឡេស្ទីន ជាការ ឆ្លើយតបនឹងក្រុមសកម្មប្រយុទ្ធមួយនេះ ដែលបានបាញ់ គ្រាប់រ៉ុក្កែត ៣០គ្រាប់ ចូលទឹកដីអុីស្រា អែល។ ប៉ុន្តែមកទល់ពេលនេះ ពុំទាន់មានសេចក្ដីរាយការណ៍ពីការខូចខាត និងជន រងគ្រោះខាងភាគីអុីស្រាអែលនៅឡើយទេ ខណៈសមាជិកក្រុមហាម៉ាស់ពីរនាក់ រង របួសស្រាល។

គួរជម្រាបថា ការវាយប្រហារតាមផ្លូវ អាកាសរបស់យោធាអុីស្រាអែល កើតមានឡើងប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីការ ប្រឈមមុខដាក់គ្នា ដោយបង្ហូរឈាមរវាងបាតុករប៉ាឡេស្ទីន នឹងទាហានអុីស្រាអែលនៅឯតំបន់ហ្គាហ្សា។ មួយវិញទៀត នៅ ក្នុងអំពើហិង្សាដែលផ្ទុះឡើង ចាប់តាំងពី ខែមីនា ដោយសារតែការប្រកាសទទួលស្គាល់ទីក្រុងហ្សេ៊រុយសាឡឹម ជារដ្ឋធានីអុីស្រាអែលពីសំណាក់ទីក្រុងវ៉ាស៊ីនតោនមក ដែល បានបណ្ដាលឱ្យបាតុករប៉ាឡេស្ទីនច្រើនជាង ១២៤នាក់ បាត់បង់ជីវិតក្រោមគ្រាប់កាំភ្លើងទាហានអុីស្រាអែល។

គម្រោងវាយប្រហារជាទ្រង់ទ្រាយធំរបស់អីស្រាអែលទៅលើហ្គាហ្សា នឹងមិនបង្កការឈឺក្បាលដល់អាមេរិកទៀតឡើយដោយសារតែអាមេរិក បានដកខ្លួនចេញពីអង្គការសិទ្ធិមនុស្សអន្តរជាតិ ។ ការដកចេញដោយ សារតែ អង្គការនោះថ្កោលទោសអីុស្រា អែលពីការរំលោភបំពានសិទ្ធិមនុស្ស ដោយសារតែមានការថ្កោលទោសលើទាហានអីុស្រាអែល សមា្លប់ជនជាតិប៉ាឡេស្ទីន៕ ម៉ែវ សាធី


បាតុករប៉ាឡេស្ទីនរងរបួសដោយការបាញ់ប្រហារពីទាហានអ៊ីស្រាអែល​នាពេលកន្លងមក


ចែករំលែក៖