ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារដោយកាំបិតនៅលើរថយន្តក្រុងនៅអាល្លឺម៉ង់របួស១៤នាក់

ចែករំលែក៖

កាលពីថ្ងៃទី២០ ខែកក្កដា យ៉ាងហោចណាស់មនុស្ស១៤នាក់រងរបួស ក្នុងនោះមាន២នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ ដោយសារតែការវាយប្រហារដោយកាំបិតនៅលើរថយន្តក្រុង ក្នុងទីក្រុង Luebeck រដ្ឋ Schleswing Holstein ភាគខាងជើងប្រទេសអាល្លឺម៉ង់។

ជនដៃដល់វ័យប្រមាណ៣០ឆ្នាំត្រូវបានប៉ូលិសចាប់ខ្លួននៅរសៀលថ្ងៃទី២០ ខែកក្កដា។ នៅពេលនេះប៉ូលិសមិនទាន់បញ្ជាក់ពីមូលហេតុបណ្តាលឲ្យមានការវាយប្រហារខាងលើនៅឡើយទេ។

ក្នុងពេលជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយថា រថយន្តក្រុងបានដឹកអ្នកដំណើរឆ្ពោះទៅកាន់ឆ្នេរសមុទ្រ Travemuende ដែលមានភាពល្បីល្បាញបំផុតនៅក្នុងប្រទេសនេះ នៅពេលកំពុងតែធ្វើដំណើរ ស្រាប់តែបុរសម្នាក់បានដកកាំបិទកាប់អ្នកធ្វើដំណើរតែម្តង។ អ្នកបើកបរក៏បានឈប់រថយន្តបើកទ្វាឲ្យអ្នកដំណើររត់ចេញក្រៅ។

ប៉ូលិសដែលយាមល្បាតនៅក្បែរនោះក៏បានទៅកាន់កន្លែងកើតហេតុភ្លាមៗ រួចក៏បានហៅប៉ូលិសផ្សេងទៀតមកជួយអន្តរាគមន៍ចាប់ជនដៃដល់។

លោក Lothar H សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា«អ្នកដំណើរបានរត់ចេញពីរថយន្ត ហើយស្រែកឲ្យគេជួយ។ ពិតជារឿងគួរឲ្យរន្ធត់ណាស់ ជនដៃដល់ប្រើប្រាស់កាំបិតបុ័ងតោ»។

អ្នកនាំពាក្យស្នងការប៉ូលិសលោក Duerbrook បានឲ្យដឹងថាការវាយប្រហារខាងលើកើតឡើងនៅក្នុងស្រុក Kuecknitz មានចម្ងាយពីទីក្រុង Bamburg ប្រមាណ៦០គីឡូម៉ែត្រ។ កម្លាំងប៉ូលិសបានបញ្ជូនទៅកាន់កន្លែងកើតហេតុនិងបិទតំបន់នោះដើម្បីបើកការស្រាវជ្រាវ។ នៅពេលនេះមិនទាន់មានរបាយការណ៍ស្តីពីអ្នកស្លាប់នោះឡើយ គឺមានតែអ្នករងរបួសប៉ុណ្ណោះ។ កម្លាំងជំនាញកំពុងតែបើកការស្រាវជ្រាវថា តើមានជាប់ពាក់ព័ន្ធនឹងក្រុមភេរវកម្មដែរឬទេ?៕ ម៉ែវ សាធី


ចែករំលែក៖