កាលពីថ្ងៃទី២៩ខែកក្កដាកន្លងមក ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បាន ព្រមានថា រដ្ឋាភិបាលនឹងបិទទ្វារ ប្រសិន បើគណបក្សប្រជាធិបតេយ្យ មិនអនុម័ត លើមូលនិធិសម្រាប់សាងសង់ជញ្ជាំងព្រំដែន ដែលលោកបានឡើងគម្រោងនោះ។
លោក ដូណាល់ ត្រាំ បានលើកឡើងនៅ លើ Twitter កាលពីថ្ងៃអាទិត្យយ៉ាងដូច្នេះថា «ខ្ញុំអាចនឹងបិទដំណើរការរដ្ឋាភិបាលជាថ្មី បើសិនជាគណបក្សប្រជាធិបតេយ្យ មិន ព្រមគំាទ្រដល់ពួកយើងក្នុងការបោះឆ្នោត ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខព្រំដែនក្នុងនោះរួមមានទាំងការសាងសង់ជញ្ជាំងព្រំដែនទេនោះ.. ហើយយើងគួរតែធ្វើដំណើរទៅ រកប្រព័ន្ធអន្តោប្រវេសន៍ដ៏ស័ក្តិសម។ យើងត្រូវការមនុស្សអស្ចារ្យមកកាន់ប្រទេសរបស់យើង»។
គួរបញ្ជាក់ថា ការព្រមានរបស់លោក ដូណាល់ ត្រាំ គឺជាការឆ្លើយតបមួយទៅ នឹងការរិះគន់ លើគោលនយោបាយអន្តោ ប្រវេសន៍នៃ រដ្ឋាភិបាលរបស់លោក ជា ពិសេសជុំវិញការបំបែកកុមារចេញពីឪពុកម្ដាយ ដែលជាជនអន្តោប្រវេសន៍ខុស ច្បាប់។ រដ្ឋាភិបាលសហព័ន្ធអាមេរិក ជា រឿយៗតែងតែបិទដំណើរការនៅក្នុង ករណីសភាអាមេរិក បរាជ័យក្នុងការចេញ កញ្ចប់ថវិកា។
ជាច្រើនលើកកន្លងមកលោកត្រាំបានព្រមានពីការបិទទ្វាររដ្ឋាភិបាល ចាប់តាំងពីលោកឡើងកាន់តំណែងនៅឆ្នាំ២០១៧ ។ លោកត្រាំបានស្នើឲ្យអនុម័តទឹកប្រាក់២៥ពាន់លានដុល្លារ សម្រាប់សាងសង់ជញ្ជាំងព្រំដែនទប់ស្កាត់ការហូរចូលនៃជនអន្តោប្រវេសន៍ពីប្រទេសមិុចស៊ីកូ។ នៅពេល នេះដែរ សភាអាមេរិក នឹងត្រូវអនុម័ត នៅមុនពេលកំណត់ចុងក្រោយរបស់លោកត្រាំគឺថ្ងៃទី៣០ខែកញ្ញា បើមិនដូច្នោះទេ រដ្ឋាភិបាលនឹងត្រូវបិទទ្វារ។
នៅពេលនេះបើទោះបីគណបក្ស សាធារណរដ្ឋ គ្រប់គ្រងភាគច្រើន នៅព្រឹទ្ធ សភានិងរដ្ឋសភា ប៉ុន្តែវិវាទនៅក្នុងបក្ស បានរារាំងការអនុម័ត ច្បាប់ទាំងឡាយ ដែលលោកត្រាំបានស្នើឡើង៕ ម៉ែវ សាធី