ព័ត៌មានទាន់ហេតុការណ៍៖

ប្រាក់រៀលប្រទេសអីុរ៉ង់ធ្លាក់ថ្លៃជាប្រវត្តិសាស្ត្រ មុនពេលអាមេរិកដាក់ទណ្ឌកម្មជាថ្មី

ចែករំលែក៖

ចាប់តាំងពីខែមេសាមកទល់ពេលនេះប្រាក់រៀលអីុរ៉ង់បានធ្លាក់ថ្លៃជាងពាក់ កណ្តាល ដោយសារតែ សេដ្ឋកិច្ចអីុរ៉ង់ ប្រឈមនឹងបញ្ហា នៅពេលដែលអាមេរិក ឡើងគម្រោងដាក់ទណ្ឌកម្មអីុរ៉ង់ នៅថ្ងៃទី ៧ខែសីហាខាងមុខ។

បច្ចុប្បន្នប្រាក់រៀលរបស់អីុរ៉ង់ ធ្លាក់ថ្លៃ យ៉ាងខ្លាំង ជាពិសេសនៅក្នុងថ្ងៃទី២៩ ខែកក្កដា ទឹកប្រាក់១០០.០០០រៀលអីុរ៉ង់ ដូរបាន១ដុល្លារអាមេរិក ។ កាលពីខែ ឧសភា ប្រធានាធិបតីអាមេរិកបានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូ អីុរ៉ង់ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ ក្រោមរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដើម្បីដោះដូរនឹង ការលុបទណ្ឌកម្មពីអាមេរិក។

ប៉ុន្តែក្រោយពេលអាមេរិកដកខ្លួនចេញក៏បានអនុម័តដាក់ទណ្ឌកម្មសេដ្ឋកិច្ចសាជាថ្មីទៅលើប្រទេសអីុរ៉ង់ ។ មិនតែប៉ុណ្ណោះអាមេរិកបានស្នើដល់ប្រទេសជាសម្ពន្ធមិត្ត ឲ្យឈប់ទិញប្រេងពីអីុរ៉ង់ បើមិនដូច្នោះទេនឹងទទួលរងការដាក់ទណ្ឌកម្មដូចគ្នា។ នៅថ្ងៃនេះប្រាក់រៀលអីុរ៉ង់ បន្តធ្លាក់ថ្លៃ ដោយ១១២.០០០រៀល អីុរ៉ង់ទើបទិញ បានប្រាក់អាមេរិក ១ដុល្លារ (ក្នុងទីផ្សារ ងងឹត) ។ ចំណែកកាលពីថ្ងៃទី២៨ ខែ កក្កដា កន្លងមក ១ដុល្លារអាមេរិកដូរបាន ៩៧.៥០០រៀលអីុរ៉ង់។

តាំងពីខែមេសាមកទល់ពេលនេះប្រាក់រៀលរបស់អីុរ៉ង់ធ្លាក់ថ្លៃ ជិតពាក់កណ្តាល ដោយសារតែបញ្ហាសេដ្ឋកិច្ច និងគម្រោង ដាក់ទណ្ឌកម្មបន្ថែមទៀត របស់អាមេរិកទៅលើអីុរ៉ង់។ធនាគារជាតិអីុរ៉ង់ បានទម្លាក់កំហុសទៅឲ្យសត្រូវរបស់ខ្លួន ដែលបានធ្វើឲ្យប្រាក់រៀលអីុរ៉ង់ធ្លាក់ថ្លៃ។

ច្បាប់ទណ្ឌកម្មថ្មីដែលអាមេរិកនឹងអនុ វត្តទៅលើប្រទេសអីុរ៉ង់ នៅថ្ងៃទី ៧ ខែ សីហានេះ រួមមាន ហាមអីុរ៉ង់ ទិញដុល្លារ អាមេរិក និងផ្អាកការដោះដូរទំនិញដោយ មាស ឬដោយវត្ថុមានតម្លៃផ្សេងទៀត។ ក្រៅពីនេះក៏បានរារាំងការនាំប្រេងចេញក្រៅរបស់អីុរ៉ង់ផងដែរ ។ ការនាំចេញប្រេងរបស់អីុរ៉ង់បានធ្លាក់ចុះ២/៣ នៅក្នុងឆ្នាំ នេះ។

នៅពេលនេះបើអីុរ៉ង់ មិនអាចទិញប្រាក់ដុល្លារអាមេរិកបានទេនោះនឹងធ្វើឲ្យប្រទេសនេះមិនអាចធ្វើអាជីវកម្មជាមួយប្រទេស ផ្សេងទៀតបានឡើយ ដោយប្រាក់អីុរ៉ង់ មិនអាចធ្វើចរាចរណ៍នៅក្នុងការទិញដូរ ខាងក្រៅប្រទេសបានឡើយ មានតែដុល្លារ អាមេរិកប៉ុណ្ណោះ៕ ម៉ែវ សាធី


ចែករំលែក៖