ប្រធានាធិបតីកូរ៉េខាងត្បូង លោកម៉ូនជែអ៊ីនបានប្រកាសថា លោកនឹងខិតខំធ្វើឲ្យកូរ៉េទាំងពីរមានទំនុកចិត្តនឹងគ្នា ដើម្បីឆ្ពោះទៅរក្ស សន្តិភាពនិងការអភិវឌ្ឍ ។ លោក ម៉ូន នឹងបង្ហាញភាពជឿទុកចិត្តដល់កូរ៉េខាងជើង ក្នុងដំណើរទស្សនកិច្ច ទៅកាន់កូរ៉េខាងជើងនៅខែក្រោយ ។
សារព័ត៌មានស៊ីនហួរបានផ្សាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានប្រកាសថា ប្រទេសរបស់លោក នឹងធ្វើឲ្យការជឿទុកចិត្តគ្នាកាន់តែស៊ីជម្រៅថែមទៀតជាមួយកូរ៉េខាងជើង នៅក្នុងកិច្ចប្រជុំជាលើកទីបី ជាមួយប្រមុខដឹកនាំទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្តទៅនាខែក្រោយ។
បើតាមសេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង Blue House លោក មូន បានធ្វើការលើកឡើងបែបនេះ ក្នុងអំឡុងពិធីគម្រប់ខួប៧៣ឆ្នាំនៃការរំដោះឧបទ្វីបកូរ៉េចេញពីនឹមអាណានិគមរបស់ជប៉ុនឆ្នាំ១៩១០-១៩៤៥។ លោកប្រធានាធិបតីកូរ៉េខាងត្បូង បានបន្តថា តាមរយៈកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង រូបលោកនឹងបោះជំហានយ៉ាងអង់អាច ឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងពីឧបទ្វីបកូរ៉េ ព្រមទាំងការប្រកាសបញ្ចប់សង្រ្គាម និងសន្ធិសញ្ញាសន្តិភាព។ លោក មូន បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនានា អាចនឹងត្រូវអនុវត្តន៍ដោយស្មោះត្រង់បាន លុះត្រាតែភាពមិនជឿទុកចិត្តគ្នា ដែលមានឫសគុលយ៉ាងជ្រៅនោះ ត្រូវបានលុបបំបាត់ចោល រវាងសេអ៊ូលនិងព្យុងយ៉ាង ក៏ដូចជារវាងព្យុងយ៉ាងនិងវ៉ាស៊ីនតោន។
នៅពេលនេះដែរ ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមផ្គត់ផ្គង់ ថាមពល ទៅឱ្យតំបន់ព្រំដែន កេសុងKaesong របស់កូរ៉េខាងជើង កាលពីថ្ងៃអង្គារដើម្បីរៀបចំ សម្រាប់ដំណើរការសាក វប្បកម្ម នៃការិយាល័យទំនាក់ទំនង អន្តរកូរ៉េនៅទីនោះ
នៅក្នុងកិច្ចប្រជុំកំពូលមួយ កាលពីខែមេសា រវាងលោកប្រធានាធិបតី មូន ជេអ៊ីន និងមេដឹកនាំ កូរ៉េខាងជើងលោកគីម ជុងអ៊ុន បានយល់ព្រមបង្កើតការិយាល័យដើម្បី “សម្រួលដល់ការ ពិគ្រោះយោបល់ជិតស្និទ្ធិរវាងអាជ្ញាធរព្រមទាំងការផ្លាស់ប្តូររលូន និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន” ។
ក្រុងសេអ៊ូល និងក្រុងព្យុងយ៉ាង កំពុងត្រៀមរៀបចំបើកការិយាល័យ នៅរោងចក្រឧស្សាហកម្ម អន្តរកូរ៉េ ដែលផ្អាកជាយូរមកហើយនោះ នៅទីក្រុងព្រំដែន Kaesong របស់កូរ៉េខាងជើង ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធនោះដែរ កូរ៉េខាងជើង និងអាម៉េរិក បានធ្វើកិច្ចចរចាថ្នាក់ ការងារចុងក្រោយបំផុត របស់ខ្លួននៅភូមិប៉ាន់ម៉ុនជូម ដែលជាភូមិបទឈប់ បាញ់គ្នាកាល ពីចុងសប្តាហ៍មុន ។
លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងទស្សនកិច្ចកូរ៉េខាងជើងម្តងទៀត ក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានប្រារព្ធកិច្ចប្រជុំកំពូលមួយ ដែលមិនធ្លាប់មានពីមុន នៅក្នុងខែមិថុនា។
ក្នុងអំឡុងពេលដែលមេដឹកនាំទាំងពីរ បានសន្យាថានឹងធ្វើការ ដើម្បីបញ្ចប់កម្មវិធីអាវុធ នុយក្លេអ៊ែរ របស់កូរ៉េខាងជើង ទោះជាយ៉ាងណាក៏ដោយកិច្ចព្រមព្រៀង លំអិតដើម្បីបំពេញ តាមការសន្យានេះមិនទាន់បានធ្វើនៅឡើយទេ៕ ម៉ែវ សាធី