ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតម្នាក់រងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តស្វាយរៀងៈ បុរសជាមន្ត្រីនគរបាលម្នាក់បានរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ចួនទៅព្យាបាល នៅមន្ទីរពេទ្យឯកជនពន្លឺបូព៌ាបាវិត កាលពីថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៩និង៤៥នាទី ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅគីឡូម៉ែត្រលេខ១៦៦>១៦៧ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិតបានអោយកាសែតនគរវត្តដឹងថា បុរសរងគ្រោះឈ្មោះព្រំ ភក្តី អាយុ ៣៨ឆ្នាំ មុខរបរជានគរបាលច្រកទ្វារព្រំដែន បាវិតរស់នៅភូមិក្បាលដំរី សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកឃ្លិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CE-9259 ខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

អ្នកបើករថយន្តបង្កឈ្មោះសៅ គុន ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិដើមពោធិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវសមត្ថកិច្ចឃាត់ខ្លួន មកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាវិត។

សាក្សីថា ម៉ូតូមួយគ្រឿងម៉ាកឃ្លិច ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តមួយគ្រឿងម៉ាក H-1ពាក់ស្លាកលេខ ភ្នំពេញ2AP_8932ពណ៌ស បើកបរ ច្រាស់ទិសគ្នាបុកគ្នាពេញទំហឹង។

សមត្ថកិច្ចឃាត់ខ្លួនបានអ្នកបើកបររថយន្ត និងយកជនរងគ្រោះមកមន្ទីរពេទ្យ និងអូសយកវត្ថុតាងទាំង២គ្រឿងមកទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីដោះស្រាយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖