ភ្នំពេញ៖ នគរបាលចរាចរណ៍កម្ពុជា និងនគរបាលចរាចរណ៍ឥណ្ឌូនេស៊ីបានផ្លាស់ប្តូរពិសោធន៍ជាមួយគ្នា ទាក់ទងនឹងការគ្រប់គ្រប់ចរាចរណ៍ខណៈអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតែស្ថិតគួរឲ្យព្រួយបារម្ភ យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ។
លោកChryshnanda Dwilaksana ប្រធាននគរបាលចរាចរណ៍ឥណ្ឌនេស៊ីបានដឹងនាំ មន្រ្តីរបស់ខ្លួនមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាចំនួនពីរថ្ងៃគឺចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះដើម្បីស្វែងយល់និងផ្លាស់ប្តូរបទពិសោធន៍ជាមួយនគរបាលចរាចរណ៍កម្ពុជា។
នៅក្នុងដំណើរទស្សនកិច្ចរស់លោក Chryshnanda Dwilaksanaបានជួបពិភាក្សាការងារជាច្រើនជាមួយតំណាងក្រសួងសាធារណការនិងដឹកជញ្ជួន ជួបជាមួយលោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិកម្ពុជា និងឧត្តមសេនីយ៍ឯក រ៉ុន រត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ អគ្គស្នងការដ្ឋាននគរបាលជាតិជាដើម ។
ក្នុងជំនួបនោះដែរ លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ក៏ដូចជានគរបាលឥណ្ឌូនេសុីដែលតែងតែជួយឧបត្ថម្ភ គាំទ្រ ជាពិសេសការចែករំលែកបទពិសោធន៍ដល់មន្ត្រិីនគរបាលកម្ពុជានាពេលកន្លងមក លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក៏បានមានប្រសាសន៍បន្ថែមទៀតដែរថា កម្ពុជានៅតែបន្តពង្រឹងកិចជសហប្រតិបត្តិការជាមួយនគរបាលឥណ្ឌូនេសុីឲ្យកាន់ប្រសើរឡើងបន្ថែមទៀត ។
នៅក្នុងកិច្ចជាមួយនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន លោកChryshnanda Dwilaksanaបានសន្យាថានឹងខិតខំធ្វើយ៉ាងណាផ្លាស់ប្តូរបទពិសោធន៍ជាមួយកម្ពុជាបន្ថែមទៀតដើម្បីរួមគ្នាកាត់បន្ថយ នូវអត្រាគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ ។
នៅក្នុងនោះក្រោយជំនួបជាមួយលោកឧត្តមសេនីយ៍ឯក រ៉ុន រត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ លោក បានលើកឡើងថា នៅក្នុងកិច្ចជំនួបនោះភាគីឥណ្ឌូនេស៊ី បានបង្ហាញបទពិសោធន៍ជាច្រើនដល់មន្រ្តីនគរបាល ចរាចរណ៍កម្ពុជាទាក់ទងនឹងការគ្រប់គ្រងយានយន្ត និងការធ្វើដំណើរដោយយានយន្តប្រកបដោយមានប្រសិទ្ធភាពបំផុត។
សូមរំលឹកថាក្នុងមួយឆមាស ឆ្នាំ២០១៨នេះករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេសចំនួន១៦៣៣លើក បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧កន្លងទៅថយចុះ២៧២លើកស្មើនិង១៤ភាគរយ ដោយមានចំនួន១៩០៧លើក។
អ្នកស្លាប់គឺមានចំនួន៩៣០នាក់ថយចុះម្នាក់ ដែលឆ្នាំ២០១៧កន្លងទៅមានចំនួន៩៣១ នាក់ រងរបួសធ្ងន់១៥០៦នាក់លើ១៩៤៣នាក់ថយចុះ៤៣២នាក់ស្មើនិង២២ភាគរយហើយ របួសស្រាលចំនួន៨៩៣នាក់លើ១០៦៣នាក់ថយចុះ១៧០នាក់ស្មើ១៦ភាគរយ។ ភាគច្រើនអ្នកដែលស្លាប់គឺដោយសារម៉ូតូហើយគ្មានពាក់មួកសុវត្ថិភាព បើទោះបីជាអត្រាធ្លាក់ចុះយ៉ាងនេះក្តីក៏ប៉ុន្តែវាក៏ស្ថិតនៅក្នុងការព្រួយបារម្ភដដែល ហើយសមត្ថកិច្ចនឹងខិតខំធ្វើយ៉ាងណាអប់រំដល់បងប្អូន ប្រជាពលរដ្ឋឲ្យយល់ដឹងកាន់តែច្បាស់បន្ថែមទៀតទាក់ទងនឹងចរាចរណ៍នេះ ៕ តាឡឹម