ខេត្តបន្ទាយមានជ័យ ៖ បញ្ហាសាងសង់ផ្នូរសព និងម៉ុងយ៉ាងអនាធិបតេយ្យនៅភ្នំស្វាយត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យបើក កិច្ចប្រជុំរកវិធានការទប់ស្កាត់កាលពីថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅសាលាខេត្ត បន្ទាយមានជ័យ ។
កិច្ចប្រជុំនេះធ្វើឡើងដោយយោងតាមពាក្យស្នើសុំរបស់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសិរីសោភណ ខេត្តបន្ទាយមានជ័យ ដែលបានដាក់ចូលរដ្ឋបាលខេត្តតាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅក្រោម ការចូលរួមពីសំណាក់លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យព្រះគ្រូ ណាប់ ម៉ឺន ចៅអធិការវត្តចម្ការខ្នុរ និងអស់លោកជាប្រធានមន្ទីរស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងគណៈកម្មការអាចារ្យវត្តផងដែរ។
ក្នុងខ្លឹមសារនៃពាក្យស្នើសុំបានលើកឡើងថា ក្រោមការដឹកនាំរបស់លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យធ្វើឲ្យ ខេត្តមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជា ពិសេសការរៀបចំសួនមានជ័យឲ្យមានសោភណភាពស្រស់ស្អាតសម្រាប់ឲ្យប្រជាពលរដ្ឋទូរទៅដើរលំហែកាយនិងជាកន្លែងហាត់ប្រាណយ៉ាងច្រើនកុះករជារៀងរាល់ថ្ងៃដែលចាត់ទុកថា ជាគោលដៅទី១ ។
ចំណែកគោលដៅទី២គឺទីតាំងលើកំពូលភ្នំស្វាយមានបងប្អូនប្រជពលរដ្ឋជា ច្រើនដែលចូលចិត្តដើរហាត់ប្រាណបាននាំ គ្នាដើរឡើងលើកំពូលភ្នំស្វាយក្នុងលក្ខណៈហាត់ប្រាណផង និងទេសចរណ៍ផង ព្រោះ ទីនោះអាចមើលឃើញទិដ្ឋភាពរួមទូទៅ ក្នុងក្រុងសិរីសោភ័ណយ៉ាងស្រស់ស្អាត និង ខ្យល់អាកាសល្អលើកំពូលភ្នំ។ តែបែរជាមាន បញ្ហាប្រឈមនៅលើភ្នំស្វាយបច្ចុប្បន្នមាន ការសាងសង់ផ្នូរ និងម៉ុងកប់សពជាច្រើន ថែមទាំងបានបោះបង្គោលត្រៀមសាងសង់ជាបន្តបន្ទាប់ដែលជាហេតុធ្វើឲ្យប៉ះពាល់ ដល់សោភណភាពភ្នំ និងការអភិវឌ្ឍនានា របស់ខេត្តនាពេលខាងមុខ។ ដូច្នេះហើយទើបពួកគាត់ស្នើសុំឲ្យមានវិធានការទប់ស្កាត់និងហាមឃាត់ ។
មតិក្នុងកិច្ចប្រជុំសុទ្ធតែបានលើកយកពីបញ្ហាច្បាប់ផ្លូវច្បាប់ដែលកំណត់ថា ភ្នំនិងដីជើងភ្នំជាកម្មសិទ្ធិរបស់រដ្ឋ និងមិនត្រូវធ្វើអ្វីដោយពុំមានច្បាប់អនុញ្ញាតនោះទេ និងលើកយកសេចក្តីជូនដំណឹងរបស់ខេត្ត និង ក្រសួង ដែលហាមមិនឲ្យមានការប៉ះពាល់ ដីភ្នំដោយទុកភ្នំនៅក្រុងសិរីសោភ័ណជា តំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិរបស់ខេត្ត ក៏ដូចជាការលើកឡើងរបស់អ្នកសារព័ត៌មានលើការមិនទទួលខុសត្រូវនៃការអនុវត្ត ច្បាប់ បើទោះបីជាមានច្បាប់និងសេចក្តីជូន ដំណឹងនានាក៏ដោយក៏ភ្នំនៅទីរួមខេត្តបន្ទាយមានជ័យ និងតាមបណ្តាស្រុកនានាត្រូវ បានគេយកធ្វើជាកម្មសិទ្ធិសង់លំនៅឋាន និងសំណង់នានា។ ទោះបីអតីតអភិបាល ខេត្តបន្ទាយមានជ័យមុនមានវិធានការក្តៅខ្លាំងទៅលើញ្ហាដីភ្នំក៏បានសង់លំនៅឋាន រំលោភបំពានដូចគ្នាទៅនឹងអ្នកមានលុយ អ្នកមានអំណាច និងប្រជាពលរដ្ឋដទៃ ទៀតដែរ ។
បន្ទាប់ពីមានការលើកឡើងយ៉ាងពុះ កញ្ជ្រោលខាងលើលោក លី សារី អភិបាល រងខេត្តបន្ទាយមានជ័យបានបូកសរុបលើខ្លឹមសាររួមចំនួន៤ចំណុចដែលអង្គប្រជុំបានឯកភាពគ្នាដាក់សំណើទៅលោកអភិបាលខេត្តសម្រេចរួមមាន ៖
១-ចំពោះអ្វីដែលមានហើយត្រូវទុក នៅដដែលតែហាមមិនឲ្យកសាងម៉ុង ឬ សំណង់ផ្សេងៗនៅលើភ្នំ និងជើងភ្នំ ។
២-មន្ទីរធម្មការនិងសាសនាត្រូវធ្វើស្ថិតិផ្នូរ ឬម៉ុង និងបែងចែកដីឲ្យច្បាស់លាស់នៅក្នុងក្រុងសិរីសោភ័ណ។ សុំគោលការណ៍ ទៅក្រសួងជាបន្ទាន់ចំពោះកិច្ចការដែលលើកឡើងមកដោះស្រាយនេះ។ ប្រជុំផ្សព្វ ផ្សាយជាមួយពលរដ្ឋ ឬសាសនាដទៃទៀតរាល់លិខិតគតិយុត្តិទាំងឡាយឲ្យពួកគាត់បានយល់ ។
៣-សូមឲ្យខាងអន្តរវិស័យបង្កើតគណៈកម្មការសហការគ្នារៀបចំគូសប្លង់ដាក់មក ខេត្តសម្រេច ។
៤-ហាមអាជ្ញាធរគណៈកម្មការវត្តចេញលិខិតកាន់កាប់លក់ដូរ និងលិខិតផ្សេងៗ ដែលពាក់ព័ន្ធនឹងដីភ្នំ ដីជើងភ្នំ ។
ក្រោយកិច្ចប្រជុំចប់ក្រុមការងារបានចុះពិនិត្យផ្ទាល់លើភ្នំស្វាយឃើញថា ពិតជាមានការសាងសង់និងបោះបង្គោលត្រៀមធ្វើផ្នូរសព និងម៉ុងប្រាកដមែន ជាពិសេសទៅទៀតនោះការដាក់បង្គោលអង់តែនស្អេកស្កះថែមទាំងធ្វើរបងហ៊ុមព័ទ្ធបិទយកដីកំពូលភ្នំដែលពលរដ្ឋធ្លាប់ដើរកម្សាន្ត និង ឡើងលើអគារ២-៣ជាន់ដើម្បីមើលទេស ភាពផងដែរ ៕ ហេង សូរិយា