ក្បួនព្យុហយាត្រាយោធាដែលបានស្នើឡើងដោយប្រធានាធិបតីអាមេរិកដែលនឹងធ្វើឡើងនៅចុងឆ្នាំនេះ ត្រូវបានផ្អាកដោយសារតែរបាយការណ៍ចំណាយច្រើនសម្រាប់រៀបចំព្រឹត្តិការណ៍ នេះ។ តាមការប៉ាន់ប្រមាណប្រាក់ចំណាយមានរហូតដល់ទៅ៩០លានដុល្លារ។
លោក Rob Manning មន្ត្រីនាំពាក្យរដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា «ក្រសួងការពារជាតិ និងសេតវិមានបានព្រមព្រៀងគ្នារៀបចំពិធីដង្ហែក្បួនព្យុហយាត្រា ដើម្បីលើកកម្ពស់ អតីតយុទ្ធជន និងខួប១០០ឆ្នាំនៃសង្គ្រាមលោកលើកទី១។ ពេលដំបូងយើងគិតថានឹងរៀបចំពិធីខាងលើនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ប៉ុន្តេពេលនេះយើងសម្រេចរៀបចំពិធីនេះនៅឆ្នាំ២០១៩។
លោក ត្រាំ បានស្នើឲ្យដង្ហែរក្បួនព្យុហយាត្រាដើម្បីបង្ហាញពីសមត្ថភាពឥទ្ធិពលនៃកម្លាំងប្រដាប់អាវុធខ្លាំងបំផុតនៅលើពិភពលោក ដោយសារតែលោក ត្រាំ បានចាប់អារម្មណ៍ទៅលើពិធីដង្ហែក្បួនព្យុហយាត្រាយោធានៅបារំាងដែលលោកបានទៅចូលរួមកាលពីឆ្នាំ២០១៧។ គម្រោងដង្ហែក្បួនព្យុហយាត្រា ទទួលបានការគាំទ្រ និងជំទាស់ជាច្រើនផងដែរពីពលរដ្ឋអាមេរិក ដោយកម្មវិធីនេះត្រូវចំណាយប្រាក់ច្រើន។
តាមរបាយការណ៍របស់មន្ត្រីរៀបចំបានប្រកាសកាលពីថ្ងៃទី១៦ ខែសីហា ថាគម្រោងខាងលើនឹងត្រូវចំណាយប្រាក់យ៉ាងតិច៩២លានដុល្លារ ហើយអាចនឹងកើនឡើងជាបន្តទៀត។
អាមេរិកបានផ្អាកសកម្មភាពព្យុហយាត្រាជាច្រើនទសវត្សកន្លងមក ដោយពិធីនេះបង្កផលលំបាកយ៉ាងខ្លាំង និងធ្វើឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម ពេលរថក្រោះរថពាស ដែលបើកបរនៅលើដងផ្លូវនោះ៕ ម៉ែវ សាធី