ព័ត៌មានទាន់ហេតុការណ៍៖

ជលផលខេត្តកំពង់ចាមចុះបង្ក្រាបបទល្មើសនេសាទល្មើសច្បាប់ចំនួន៤ឃុំ ដើម្បីបង្ហាញពីឆន្ទៈ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ បទល្មើសនេសាទនៃអំពើល្មើសច្បាប់រួមមាន លូស្បៃមុង របាំងស្បៃមុង បង្គោលចម្រឹង ស្ថិតក្នុងឃុំចំនួន៤ ក្នុងស្រុកចំនួនពីរ ត្រូវបានកម្លាំងជលផលខេត្តចុះបង្ក្រាបដុតបំផ្លាញចោល និងចាក់លែងត្រីចូលបឹងធម្មជាតិវិញ ។ ការចុះបង្ក្រាបធ្វើឡើងក្នុងថ្ងៃតែមួយ គឺថ្ងៃព្រហស្បតិ៍ ៥កើតខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ។

មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាមឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្នុងស្រុកកោះសូទិន និងស្រុកជើងព្រៃ ដោយកម្លាំងបានដកហូតឧបករណ៍នេសាទល្មើសច្បាប់ជាច្រើន ។ មន្ត្រីជលផលថា ក្នុងស្រុកទាំងពីរនេះមាន៤ឃុំ បង្ក្រាបបាន៤ករណី ៖

ករណីទី១ ៖ ធ្វើនៅចំណុចបឹងជ្រោយ ឃុំសូទិព ស្រុកជើងព្រៃ ដកហូតបានលូស្បៃមុងចំនួន៦៩មាត់ ,បាំងស្បៃមុងប្រវែង៣៤០០ម៉ែត្រ ,បង្គោលចម្រឹងសរុប ១០២០ដើម ,លែងកូនត្រីម្រុះសរុបទម្ងន់១៧០គីឡូក្រាម ។

ករណីទី២ ៖ ធ្វើនៅចំណុចសៀមបោយ ឃុំព្រៃចារ ស្រកជើងព្រៃ ដកហូតលូស្បៃមុងចំនួន៤៥មាត់ របាំងស្បៃមុងប្រវែង២២៥០ម៉ែត្រ ,បង្គោលចម្រឹងសរុប៦៧៥ដើម ,លែងកូនត្រីម្រុះសរុបទម្ងន់១១២គីឡូក្រាម ។

ករណីទី៣ ៖ ធ្វើនៅចំណុចក្រោយភូមិមហាលាភ ឃុំមហាលាភ ស្រុកកោះសូទិន ដកហូតបានលូស្បៃមុងចំនួន ,៣៧មាត់ ,របាំងស្បៃមុងប្រវែង១៨៥០ម៉ែត្រ ,បង្គោលចម្រឹងឬស្សីចំនួន៥៥៥ដើម ,ចាក់លែងកូនត្រីចម្រុះទម្ងន់ ៣៧៥គីឡូក្រាម ។

ករណីទី៤ ៖ ធ្វើនៅចំណុចក្រោយភូមិរកាកោង ឃុំមហាលាភ ស្រុកកោះសូទិន ដកហូតលូស្បៃមុងចំនួន៤៥មាត់,របាំងស្បៃមុងប្រវៃង២២៥០ម៉ែត្រ ,បង្គោលចម្រឹងឬស្សីចំនួន៦៧៥ដើម និងចាក់លែងកូនត្រីចម្រុះទម្ងន់៤៥៧គីឡូក្រាម ។

គួរកត់សម្គាល់ថា កន្លងមកសាធារណជនបានរិះគន់ដល់អាជ្ញាធរ និងជំនាញដោយលើកឡើងថា មិនថារដូវនេសាទបិទឬបើក នៅតាមដងទន្លេ និងផ្ទៃបឹងក្នុងស្រុកមួយចំនួននៃខេត្តកំពង់ចាម គេសង្កេតឃើញបទល្មើសនេសាទកើតមានព្រោងព្រាត តែការបង្ក្រាបរបស់មន្ត្រីជំនាញហាក់បីដូចជាគ្មានប្រសិទ្ធភាព ពោលគឺមានភាពធូររលុងជាប់ចិត្តនឹងទទួលយកប្រយោជន៍ពីឈ្មួញ ទាន់ឱកាសមានកំពុងហុចឲ្យ ។ ការលើកឡើងរបស់មហាជនដូច្នេះ ត្រូវបានមន្ត្រីជលផលខេត្តកំពង់ចាមចុះបង្ក្រាបដើម្បីសាងភាពស្អាតស្អំ និងបញ្ជាក់ពីឆន្ទះក្នុងការបង្ក្រាបជូនប្រជាពលរដ្ឋ ជាក់ស្តែងដូចការបង្ក្រាបនៅគ្រានេះ និងពេលប៉ុន្មានថ្ងៃកន្លងមកនេះផងដែរ ៕ វណ្ណៈ


ចែករំលែក៖