ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក និងជប៉ុនអាចប្រឈមមុខតានតឹងដូចសម្ពន្ធមិត្តផ្សេងទៀតរបស់អាមេរិក

ចែករំលែក៖

បច្ចុប្បន្នជប៉ុនគឺជាសម្ពន្ធមិត្តដ៏សំខាន់បំផុតរបស់អាមេរិកនៅក្នុងតំបន់អាស៊ី ប៉ុន្តែការមិនចុះសម្រុងគ្នាលើវិស័យពាណិជ្ជកម្ម និងសន្តិសុខ ដែលមេដឹកនាំទាំងពីរបានយកចិត្តទុកដាក់ បានធ្វើឲ្យទំនាក់ទំនងរវាងលោក ត្រាំ នឹងលោក ស៊ីនហ្ស៊ូ អាបេ ខុសប្រក្រតី។

សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍បានផ្សាយថា បើទោះបីលោក អាបេ ត្រូវបានចាត់ទុកថាជាមេដឹកនាំក្រៅប្រទេសមានទំនាក់ទំនងបុគ្គលជិតស្និទ្ធជាមួយលោក ត្រាំ ប៉ុន្តែទំនាក់ទំនងមេដឹកនាំទាំងពីរបានបង្កប់នៅវិវាទជាច្រើន ជួលកាលលិចចេញជារូបរាង។

ក្រុមអ្នកសង្កេតការណ៍បានវាយតម្លៃថា មេដឹកនាំទាំងពីរមានទំនាក់ទំនងជិតស្និទ្ធដោយលោក ត្រាំ បានជួបជាមួយនាយករដ្ឋមន្ត្រី អាបេ ដល់ទៅ៨លើក ចាប់តាំងពីឡើងកាន់តំណែង គឺច្រើនជាងមេដឹកនាំទាំងអស់នៅលើពិភពលោក។ ក្រៅពីនេះ លោក ត្រាំ និងលោក អាបេ បានជួបពិភាក្សាតាមទូរស័ព្ទដល់ទៅ២៦លើក។ ប្រធានាធិបតីអាមេរិកធ្លាប់សរសើរលោក អាបេ ថា ជាមេដឹកនាំឆ្លាតវៃ និងជាដៃគូរស្មើភាពគ្នា។ លោក ត្រាំ បានហៅលោក អាបេ ថាជាមិត្តដ៏ល្អបំផុត។

ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ ពាក់ព័ន្ធនឹងបញ្ហាកូរ៉េខាងជើង និងការមិនចុះសម្រុងគ្នានូវគោលនយោបាយសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងអាមេរិក នឹងជប៉ុន បានធ្វើឲ្យទំនាក់ទំនងរវាងមេដឹកនាំទាំងពីរស្ថិតនៅក្នុងភាពជាប់គាំង។

នៅពេលនេះដែរ ជប៉ុនកំពុងត្រៀមលក្ខណៈទប់ទល់នឹងពន្ធដារឡើងថ្លៃក្នុងវិស័យរថយន្តរបស់ជប៉ុន ដែលជាវិស័យសំខាន់បំផុតរបស់រដ្ឋាភិបាលទីក្រុងតូក្យូ។ មិនតែប៉ុណ្ណោះ ជប៉ុនត្រូវផ្អាកទិញប្រេងពីប្រទេសអុីរ៉ងទៀត ដោយខ្លាចអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ច។

កាលពីសប្តាហ៍កន្លងមក មន្ត្រីជាន់ខ្ពស់ជប៉ុនបានប្រកាសថា ទីក្រុងតូក្យូនឹងតបតវិញប្រសិនបើរដ្ឋាភិបាលលោក ត្រាំ ដំឡើងពន្ធ២៥ភាគរយដល់រថយន្តជប៉ុននោះ។ នៅក្នុងវិស័យសន្តិសុខជាតិ លោក ត្រាំ បានធ្វើឲ្យលោក អាបេ ខកចិត្តជាខ្លាំង ពិសេសគឺក្រោយពេលជំនួបជាមួយមេដឹកនាំកូរ៉េខាងជើងនៅក្នុងប្រទេសសិង្ហបុរី។ នាយករដ្ឋមន្ត្រីជប៉ុនបានទូរស័ព្ទជាច្រើនលើកទៅកាន់ប្រធានាធិបតី ត្រាំ ស្នើរកុំឲ្យផ្អាកធ្វើសមយុទ្ធរួមជាមួយកូរ៉េខាងត្បូង ប៉ុន្តែលោក ត្រាំ បានសម្រេចផ្អាក។

និយាយរួមអ្វីដែល នាយករដ្ឋមន្ត្រីជប៉ុនស្នើរឡើង គឺតែងតែត្រូវបានប្រធានាធិបតីអាមេរិកច្រានចោលជានិច្ច ទាំងនោះហើយបានធ្វើឲ្យទំនាក់ទំនងជប៉ុន និងអាមេរិកអាចប្រឈមនឹងប្រេះឆា៕ ម៉ែវ សាធី


ចែករំលែក៖