ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន នឹងរួបរួមគ្នាជាមួយគណបក្សរបស់លោក អភីស៊ីត ដើម្បីយកឈ្នះរបបយោធា

ចែករំលែក៖

ស្ថានភាពនយោបាយនៅថៃកាន់តែស្មុគស្មាញ ក្រោយពេលគណបក្សនយោបាយធំៗ នៅក្នុងប្រទេសថៃ បានប្រកាសរួមដៃគ្នាដើម្បីកាត់បន្ថយឥទ្ធិពលនៃរបបយោធានៅក្នុងប្រទេសនេះ ។ ក្រុមយោធាបានបង្កើតឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។

នៅក្នុងបទសម្ភាសន៍២ផ្សេងគ្នា កាលពីពេលកន្លងមករបស់បណ្តាញព័ត៌មាន Bloomberg បានបញ្ជាក់ថា មេដឹកនាំជាន់ខ្ពស់របស់គណបក្សភឿថៃ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ី និងយីងឡាក់ និងគណបក្សប្រជាធិបតេយ្យរបស់អតីតនាយករដ្ឋមន្ត្រី អភិស៊ីត វាចាជីវ៉ា បានប្រកាសថា គណបក្សទាំងពីរអាចនឹងបង្កើនសម្ពន្ធមិត្ត ក្រោយការបោះឆ្នោត ដែលគ្រោងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៩។

គណបក្សទាំងពីរជាគូបដិបនឹងគ្នាជាច្រើនទស្សវត្តន៍កន្លងមក ប៉ុន្តែនៅពេលនេះ គណបក្សទាំងពីរមានរួមគូប្រជែង គឺរដ្ឋាភិបាលយោធា។ ថៃស្ថិតនៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលយោធា ដែលមានអតីតមេបញ្ជាការកងទ័ពជើងគោក លោក ប្រាយុទ្ធចាន់អូចារ្យ តាំងពីការធ្វើរដ្ឋប្រហារនៅក្នុងឆ្នាំ២០១៤។

បច្ចុប្បន្ន ថៃស្ថិតនៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលយោធាដដែល ហើយបានបង្កើតឥទ្ធិពលកាន់តែខ្លាំងឡើងនៅក្នុងជួររដ្ឋាភិបាល។ ទាំងគណបក្សភឿថៃ និងប្រជាធិបតេយ្យបានបង្ហាញក្តីបារម្ភពីការបោះឆ្នោតនៅក្នុងសភាគាំទ្រលោក ប្រាយុទ្ធ ចាន់អូចារ្យ បន្តដឹកនាំប្រទេសក្រោយការបោះឆ្នោតខាងមុខ។ ទាំងនោះហើយគណបក្សទាំងពីរនឹងខិតខំក្នុងការរារាំងសកម្មភាពខាងលើ។

តាមរដ្ឋធម្មនុញ្ញថ្មីក្រោយការធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤ តំណាងរាស្ត្រ២៥០រូប នឹងត្រូវបានតែងតាំងពីកម្លាំងយោធា។ ទាំងនោះហើយយោធាមានសិទ្ធិសម្រេចការជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់។

ទាំងនោះហើយបើគណបក្សធំទាំងពីរមិនរួបរួមទេនោះ ក្រោយការបោះឆ្នោតគឺមេដឹកនាំយោធាជាអ្នកកាន់តំណែងនាយករដ្ឋមន្ត្រីដឹកនាំប្រទេសដដែល។

សារព័ត៌មាន Boomberg បានដកស្រង់សម្តីលោក Chaturon មន្ត្រីជាន់ខ្ពស់នៅក្នុងគណបក្សភឿថៃ បានបញ្ជាក់ថា គណបក្សរបស់លោកនឹងទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ មន្ត្រីខាងលើបានបញ្ជាក់ទៀតថា ដោយសារតែគណបក្សភឿថៃ និងប្រជាធិបតេយ្យ ជាគូប្រជែងច្រើនទសវត្សកន្លងមក ដូច្នេះប្រជែងគ្នាទៀត នឹងពិបាកយកឈ្នះរបបយោធាថៃ ដូច្នេះមានតែរួបរួមប៉ុណ្ណោះទើបទទួលជោគជ័យ។

ក្នុងពេលជាមួយគ្នានេះ អតីតនាយករដ្ឋមន្ត្រីថៃ កាលពីឆ្នាំ២០០៨-២០១១ លោក អាភីស៊ីត បានបញ្ជាក់ថា តំណាងរាស្ត្រ២៥០រូប ចំាបាច់ត្រូវតែគោរពទៅតាមគោលបំណងរបស់ពលរដ្ឋ ក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី។ លោក អាភីស៊ីត បានបញ្ជាក់ថា «តើយើងបោះឆ្នោតដើម្បីអ្វី បើបោះឆ្នោតឥតន័យដដែលនឹង។ យើងទាំងអស់គ្នាត្រូវតែទទួលខុសត្រូវចំពោះប្រទេសជាតិ»។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចារ បានបញ្ជាក់ថា ការបោះឆ្នោតជាតិនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។ ក្រុមអ្នកជំនាញបានលើកឡើងថា ក្រោយការបោះឆ្នោតរដ្ឋាភិបាលយោធាថៃនឹងបន្តកាន់អំណាចដដែល៕ ម៉ែវ សាធី


ចែករំលែក៖