ព័ត៌មានទាន់ហេតុការណ៍៖

ដាល់ប្រពន្ធមួយដៃដាច់ផ្ងារសន្លប់ស្ដូក ផ្អើលអ្នកជិតខាងជួយឃាត់មិនឈ្នះ ត្រូវបុរសជាប្ដីទាញ​កាំបិត​ប៉័ងតោ កាប់ឲ្យរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ បានសន្លប់ស្តូកស្តឹងនិងបុរស២នាក់ទៀតរបួសធ្ងន់ ខណៈដែលបុរសម្នាក់ផឹកស្រាស្រវឹង​ រករឿង​ឈ្លោះទាស់សម្ដីគ្នាជាមួយប្រពន្ធ រួចដាល់នាងមួយដៃដាច់ផ្ងារ ភ្លាមនោះបង្កការភ្ញាក់ផ្អើលអ្នកជិតខាងចូលជួយអន្តរាគមន៍ ក៏ត្រូវបុរសជាប្ដីទាញ​កាំបិត​ប៉័ងតោ មកកាប់បណ្ដាលឲ្យរងរបួសធ្ងន់២នាក់ ទើបសមត្ថកិច្ចចាប់វាយខ្នោះយកមកសាកសួរនៅប៉ុស្តិ៍ចាក់អង្រែក្រោម​ តែម្ដង ។

ករណីហិង្សាខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃអង្គារ ៩រោច ខែស្រាពណ៌ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង​ ថ្ងៃទី៤ ខែកញ្ញា​ ឆ្នាំ២០១៨​ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ផ្លូវលំ​ ក្រុមទី៣៣​ ភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ជនបង្កហេតុ ឈ្មោះ ខៃ ពិសិទ្ធ​ ហៅក្រៅ (ចាន់ថា​) ភេទប្រុស​ អាយុ៣០ឆ្នាំជាង មានស្រុកកំណើតនៅភូមិខ្លា ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ​(ជាប្ដី) ។ រីឯស្ត្រីជាប្រពន្ធឈ្មោះ ផល សារី អាយុ២២ឆ្នាំ មានកូនប្រុសម្នាក់​ តែឲ្យទៅនៅជាមួយជីដូន នៅឯស្រុកកំណើត ​ភូមិឬស្សីជ្រោយ ស្រុកឬស្សីជ្រោយ ខេត្តកណ្តាល​ និងបច្ចុប្បន្ន​ស្នាក់នៅបន្ទប់ជួលជាមួយគ្នាក្បែរកន្លែងកើតហេតុ​។ ចំណែកអ្នកជិតខាងដែលរងរបួសធ្ងន់ទី១ ឈ្មោះ រស្មី អាយុជាង៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ និងម្នាក់ទៀតជាសាច់ថ្លៃ សុំមិនបញ្ចេញឈ្មោះ ត្រូវមួយកាំបិតចំថ្ងាស។

តាមការបំភ្លឺរបស់ស្ត្រីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបនាងបានត្រលប់មកពីធ្វើការរោងចក្រវិញ ពេលមកដល់បន្ទប់ក៏បើកទ្វារចូលទៅឃើញមានចានឆ្នាំងប្រលាក់រួចក៏ប្រមូលលាង ប្រហែលជាមួយសន្ទុះក្រោយមក ប្តីរបស់នាងបានមកពីផឹកស៊ី ទាំងមានសភាពស្រវឹងស្រា​ទន់ខ្លួន រួចបានមកសួរនាំរករឿងរូបនាង តែដោយសារខ្លាចមានរឿង ទើបមិនសូវឆ្លើយជាមួយនិងប្តី ហើយភ្លាមនោះប្តីរបស់នាងក៏ខឹងនិងឈ្លោះទាស់សម្ដីគ្នាពេញក្នុងបន្ទប់ ផ្អើលដល់អ្នកស្នាក់នៅបន្ទប់ជួលជិតនោះចេញមក​មើលតែម្តង ។

ជនរងគ្រោះបន្តទៀតថា ភ្លាមនោះប្ដីរបស់ខ្លួនក៏ស្រែកដាក់អ្នកជិតខាងទាំងនោះថា​ “រឿងប្ដីប្រពន្ធខ្ញុំទេ ខ្ញុំឈ្លោះយប់ហ្នឹង​ ស្អែកឡើងត្រូវគ្នាវិញហើយ” ដោយសារតែមិនចង់ឲ្យមានរឿងទើបនាង​អូសដៃប្ដីឲ្យចូលក្នុងបន្ទប់ ស្រាប់តែកើតជម្លោះម្តងទៀតរហូតក្លាយជាអំពើហិង្សា ដោយប្ដីរបស់នាងបានដាល់នាងមួយដៃដាច់ផ្ងារ បែកអំពិលអំពែកតែម្ដង ឃើញដូច្នេះ​ទើបអ្នកជិតខាង ​និងបងៗសាច់ថ្លៃ នាំគ្នាចូលមកជួយឃាត់ប្តីរបស់នាង នឹងបាន​ប្រទាញប្រទង់​រុញគ្នាទៅមក ហើយក៏នាំរូបនាងចេញទៅបន្ទប់​របស់សាច់ថ្លៃនាងនៅជិតនោះវិញ រួចលាបប្រេងកូឡា ។

ស្រ្តីរងគ្រោះបន្តថា បន្តិចក្រោយមកប្ដីរបស់នាង ក៏បានដើរមកសួររកនាង ចង់នាំទៅបន្ទប់វិញ តែត្រូវបុរសរងគ្រោះខាងលើម្នាក់ដែលមិនបញ្ចេញឈ្មោះ (ត្រូវជាប្តីរបស់សាច់ថ្លៃនាង)​ ហាមឃាត់មិនឲ្យទៅទេព្រោះខ្លាចបុរសជាប្តីវាយធ្វើបាបទៀត ទើបប្ដីរបស់នាងខឹងក៏ទៅយកកាំបិត​ប៉័ងតោ លាក់ក្រោយខ្នង​មកកាប់ទៅលើបុរសរងគ្រោះចំក្បាលផ្នែកខាងមុខ និងកាប់ចំបុរសម្នាក់ទៀតឈ្មោះរស្មី ដែលជាអ្នកជិតខាង របួសធ្ងន់ដាច់សាច់ស្មាខាងឆ្វេង​ ឈាមហូរជោគខ្លួនតែម្តង ។​ ភ្លាមនោះអ្នកជិតខាងទ្រាំមិនបានក៏ព្រួតវាយម្នាក់មួយដៃមួយជើង បណ្ដាលឲ្យរបួសបែកមុខបែកមាត់ និងពកក្បាលជាច្រើនកន្លែងដែរ និងដកយកកាំបិតចេញមកទុក​ រួចរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ចុះមកឃាត់ខ្លួនបុរសជាប្តីតែម្តង ។

ក្រោយកើតហេតុ​ បុរសរងគ្រោះទាំង២នាក់ និងស្ត្រីជាប្រពន្ធដែលជាជនរងគ្រោះផងនោះ​ ត្រូវអ្នកជិតខាងនាំគ្នាជួយដឹកតាមម៉ូតូបញ្ជូនទៅគ្លីនិកឯកជន ដើម្បីសង្គ្រោះនិងព្យាបាលផងដែរ ។ លុះនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ​ភាគីបុរសរងគ្រោះទាំង២នាក់​ និងស្ត្រីរងគ្រោះជាប្រពន្ធ​ បាននាំគ្នាមកប៉ុស្តិ៍ ដើម្បីសុំសម្របសម្រួលគ្នា​ចេញថ្លៃព្យាបាលរបួស​ រួចឲ្យសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំនិងផ្ដិតមេដៃ នៅចំពោះមុខសមត្ថកិច្ច ដើម្បីបញ្ចប់រឿងតែម្តង ៕ស តារា


ចែករំលែក៖