កីឡាករ Jordan Hendersonប្រធានក្រុមរបស់ក្លិបហង្សក្រហម Liverpool បាន សម្រេចចិត្តចុះកុងត្រាបន្តលេងឲ្យក្រុមនេះរហូតដល់ឆ្នាំ២០២៣ ។
ខ្សែបម្រើសញ្ជាតិអង់គ្លេស វ័យ២៨ឆ្នាំនេះ បានលេងឲ្យក្រុមហង្សក្រហមចំនួន២៨៣ ប្រកួតហើយ និងរកបាន២៨គ្រាប់ ចាប់តាំងពីផ្លាស់ចេញពីក្រុម Sunderland នៅក្នុងឆ្នាំ២០១១។ គាត់បានទទួលតំណែងប្រធានក្រុមបន្ទាប់ពីកីឡាករ Steven Gerrard នៅក្នុងឆ្នាំ២០១៥ ។
លោក Jurgen Klopp អ្នកចាត់ការទូរទៅក្លិបហង្សក្រហមបានសម្តែងនូវអារម្មណ៍រីករាយ របស់គាត់ថា “នេះគឺជាព័ត៌មានដ៏ល្អបំផុតតែមិនមានអ្វីភ្ញាក់ផ្អើលសម្រាប់អ្នករាល់គ្នាឡើយ ។ Jordan Henderson គឺជាកីឡាករដ៏ល្អឥតខ្ចោះសម្រាប់ពួកយើងដោយគាត់ បានព្យាយាមយ៉ាងយកចិត្តទុកដាក់ដើម្បីជួយក្រុមឲ្យមានគុណភាពខ្ពស់” ។
ចំណែកកីឡាករ Hendersonបាននិយាយថា “វាហាក់បីដូចជាលឿនពេកហើយ ដែលខ្ញុំបានមកលេងឲ្យ Liverpool តែមានរឿងជាច្រើនបានកើតឡើងចំពោះខ្ញុំ។ គ្មានកន្លែង ណានៅលើលោកនេះដែលល្អជាងនៅ Liverpoolនោះទេ ខ្ញុំចង់នៅទីនេះឲ្យបាន យូរតាមដែលអាចធ្វើទៅបាន” ៕ ដេវីត