ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនឹងម៉ូតូក្នុងទឹសដៅផ្ទុយគ្នា កាលពីវេលាម៉ោង១៣ និង៣០នាទី ថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាត់ផ្លូវលំ ក្រាលក្រួសក្រហម ភូមិបឹង ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ និងបុរសម្នាក់ទៀតស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរ ឈ្មោះ ឌឹម ភារះ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើរងរបួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព)បានបើកបរម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1I.8041 ។ ចំណែកអ្នកបើកបរម្ខាងទៀត ឈ្មោះចន នី ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ (មិនពាក់មួកសុវត្ថិភាព) បានបើកបរម៉ូតូ ហុងដា C110 (ឆ្អឹង) ពណ៌ខ្មៅ គ្មានស្លាកលេខ។ មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូហុងដា C125 ឈ្មោះ ឌឹម ភារះ បើកបរមិនប្រកាន់ស្តាំ ។
ក្រោយកើតហេតុសមត្ថកិច្ចបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងវាស់វែងធ្វើកំណត់ហេតុ ព្រមទាំងប្រមូលវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសណ្តាន់រង់ចាំការដោះស្រាយគ្នាតាមច្បាប់៕ ប៊ុនរិទ្ធី