ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុន នឹងត្រូវខាតបង់សេដ្ឋកិច្ចដ៏ធំក្រោយពីបិទអាកាសយានដ្ឋាន មួយសប្តាហ៍ដោយសារតែព្យុះJebi ហើយអ្នកស្លាប់បន្តកើនឡើង

ចែករំលែក៖

មន្ត្រីអាកាសយានដ្ឋាន បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិ Kansai នឹងនៅតែបន្តបិទទ្វារពេញមួយសប្តាហ៍ អាស្រ័យទៅលើទំហំនៃការខូចខាតផ្លូវហោះហើរ ។

ផ្លូវហោះហើរពីរខ្សែនិង ជាន់ក្រោមដី នៃអាកាសយានដ្ឋាន នៅលើកោះសិប្ប និមិ្មត នៅតំបន់ Osaka ត្រូវបានលិចលង់ដោយសារតែទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បណ្តាលមកពីព្យុះ Jebi ។ កាលពីថ្ងៃទី៥ខែកញ្ញា មានជើងហោះហើរ ជាង ២០០ជើងត្រូវបានលុបចោល ធ្វើឲ្យ ពលរដ្ឋជាង ៣០.០០០នាក់រងផលប៉ះពាល់នៅក្នុងអាកាសយានដ្ឋាន Kansai ។

ក្រៅពីនេះ ពលរដ្ឋជាង ៥ពាន់នាក់ ត្រូវជាប់គាំងនៅក្នុងអាកាសយានដ្ឋាន ដោយសារតែនាវាដឹកប្រេងបុកបង្គោលស្ពាន តភ្ជាប់ជាមួយដីគោកនៅក្នុងខេត្ត Osaka ។ អ្នកដំណើរដែលជាប់គាំងនៅអាកាស យានដ្ឋានត្រូវបានបញ្ជូនតាមកប៉ាល់ល្បឿនលឿន ទៅដីគោក កាលពីថ្ងៃទី៥ ខែកញ្ញា។

ក្រុមហ៊ុនអាកាសចរណ៍ Nippon Airways បានផ្អាកលក់សំបុត្រសម្រាប់ជើងហោះហើរនៅក្នុងអាកាសយានដ្ឋាន Kansai រហូតដល់ថ្ងៃទី១១ខែកញ្ញា ។ ចំណែក ក្រុមហ៊ុន Japan Airlines ក៏បានសម្រេច បង្កើនជើងហោះហើរនៅអាកាសយាន ដ្ឋាន Narita ជិតទីក្រុងតូក្យូ ។

អាកាសយានដ្ឋាន kansai មមាញឹក បំផុត ដោយមានអ្នកធ្វើដំណើរ តាមអាកាសយានដ្ឋាននេះដល់ទៅ៨០ពាន់នាក់ក្នុង មួយថ្ងៃ ។ នៅក្នុងឆ្នាំ២០១៧មានអ្នក ដំណើរឆ្លងកាត់ទីនេះរហូតដល់ទៅ២៨,៨លាននាក់ ។

ការផ្អាកហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិ Kansai ដោយសារតែព្យុះ Jebi បង្កក្តីបារម្ភយ៉ាងខ្លាំងពីការជះឥទ្ធិពល អាក្រក់ដល់សេដ្ឋកិច្ចតំបន់ភាគខាងលិច និងតំបន់ជាច្រើនទៀត នៅទូទាំងប្រទេស ជប៉ុន។

ពាក់ព័ន្ធនឹងព្យុះJebi មកទល់ពេលនេះ មានមនុស្សយ៉ាងតិច ១១នាក់បានបាត់បង់ ជីវិត និងជាង ៦០០នាក់បានរងរបួស ដោយសារតែការវាយប្រហាររបស់ព្យុះ ទីហ្វុង ចេប៊ី (Jebi) ដែលបានមកដល់ ភាគខាងលិចប្រទេសជប៉ុនកាលពីម្សិលមិញ។

ក្នុងចំណោមតំបន់ភាគខាងលិចជប៉ុន ខេត្តអូសាកា (Osaka) បានទទួលរងការប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារគ្រោះ មហន្តរាយធម្មជាតិនេះ ខណៈមនុស្ស៨​នាក់ក្នុងចំណោម ១១នាក់បានបាត់បង់ អាយុជីវិតនៅទីនោះ។ ជាមួយគ្នានេះដែរ មនុស្សសរុបចំនួន ៦១០នាក់ បានទទួល រងរបួសនៅតាមខេត្តចំនួន២៨ ក្នុង ចំណោមខេត្តទាំង ៤៧ នៃប្រទេសជប៉ុន។

គួរជម្រាបថា លំនៅឋានជាង ៩៨០ ខ្នង បានរងការខូចខាត ខណៈប្រជាជន ជប៉ុនជាង ១.២លាននាក់ នៅខេត្ត ជីហ្វ៊ូ (Gifu), អូសាកា (Osaka), មីអេ (Mie), និង អៃជិ (Aichi) នៅតែមិនទាន់មានអគ្គិសនីប្រើប្រាស់ ដោយសារការវាយលុក របស់ព្យុះ Jebi។ គិតត្រឹមល្ងាចថ្ងៃពុធនេះ ព្យុះទីហ្វុង Jebi ដែលត្រូវគេចាត់ទុកថា ជាព្យុះអាក្រក់បំផុត ដែលបានវាយប្រហារ ប្រទេសជប៉ុន គិតក្នុងរយៈពេល ២៥ឆ្នាំ កន្លងទៅនេះ ហាក់បានថយចុះឥទ្ធិពល បន្តិចហើយ និងកំពុងបន្តបោកបក់ឆ្ពោះទៅ កាន់ភាគពាយ័ព្យ៕ ម៉ែវ សាធី


ចែករំលែក៖