ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីចាប់ផ្តើមបាញ់មីស៊ីលក្នុងពេលសមយុទ្ធទ្រង់ទ្រាយធំបំផុត

ចែករំលែក៖

សមយុទ្ធជាទ្រង់ទ្រាយធំបំផុតរបស់រុស្ស៊ីពេលនេះ បានប្រើប្រាស់មីស៊ីលទំនើបៗ របស់ខ្លួន បាញ់ប្រហារទៅលើគោលដៅដែលបានកំណត់ទុក ។ នេះជាការបង្ហាញពីសមត្ថភាពយោធាដ៏រឹងមាំរបស់រុស្ស៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតី ពូទីន។

សារព័ត៌មាន Russian Today កាលពីព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨ បានផ្សាយថា ក្រសួងការពារជាតិរុស្ស៊ីបានបញ្ចេញវីដេអូធ្វើតេស្ដបាញ់សាកល្បងប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 យ៉ាងកក្រើកនៅក្នុងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ Vostok 2018 ដែលត្រូវបានក្រុមអ្នកជំនាញខ្លះចាត់ទុកថា ជាការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន គិតចាប់តាំងពីសម័យសង្រ្គាមមក។

យោងតាមវីដេអូរបស់ក្រសួងការពារជាតិរុស្ស៊ី ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 បានបាញ់មីស៊ីល Buk-M1 រាប់សិបគ្រាប់ទៅកាន់គោលដៅ ដែលបានកំណត់នៅអំឡុងសមយុទ្ធយោធា Vostok 2018 ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី១៧ ខែកញ្ញានេះ។ ដោយឡែក ក្រៅតែការធ្វើតេស្ដប្រព័ន្ធមីស៊ីលនេះ កងទ័ពរុស្ស៊ីក៏បានធ្វើការសាកល្បងលើយន្ដហោះចម្បាំង នាវាចម្បាំង ព្រមទាំង ឧទ្ធម្ភាគចក្រ Mi-17 និងប្រព័ន្ធមីស៊ីល Iskander ផងដែរ។

គួរបញ្ជាក់ថា កងទ័ពរុស្ស៊ី ៣០០,០០០នាក់ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធា Vostok 2018 តាំងពីថ្ងៃអង្គារមកម្ល៉េះ នៅឯភាគខាងកើតនៃតំបន់ស៊ីបេរី (ភាគខាងត្បូង)។ វាគឺជាសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុត គិតចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក និងត្រូវបានធ្វើឡើងចំពេលទីក្រុងមូស្គូ និងអង្គការណាតូរបស់សហរដ្ឋអាមេរិក កំពុងមានភាពតានតឹងនឹងគ្នា។

សមយុទ្ធយោធាឈ្មោះ Vostok-2018 នេះក៏មានការចូលរួមពីសំណាក់កងទ័ពចិន ៣,២០០នាក់ ព្រមទាំងកងទ័ពមកពីប្រទេសម៉ុងហ្គោលីមួយចំនួនផងដែរ ហើយក្រៅចំនួនកងទ័ពនោះ រថក្រោះ ៣៦.០០០គ្រឿង និងយន្ដហោះចម្បាំងច្រើនជាង ១.០០០គ្រឿង សុទ្ធតែត្រូវដាក់ឲ្យចូលរួមក្នុងសមយុទ្ធយោធា ដ៏សម្បើមនេះចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០១៨។

ទោះបីវាជាការធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយក្តី ប៉ូន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ក្រុមអ្នកជំនាញមួយចំនួនមើលឃើញថា ការធ្វើសមយុទ្ធយោធារបស់ទីក្រុងមូស្គូ នៅពេលនេះគឺជាការហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ជម្លោះ ឬសង្គ្រាមដែលអាចកើតមាននៅក្នុងសតវត្សរ៍ទី២១នេះ ខណៈរុស្ស៊ីកំពុងមានភាពតានតឹងជាមួយអង្គការណាតូ។ បន្ថែមពីនេះវាក៏ជាការទាក់ទាញឲ្យប្រទេសជាច្រើន ចាប់អារម្មណ៍ជាមួយឥទ្ធិពលនៃសព្វាវុធរុស្ស៊ី ដែលជាមហាអំណាចយោធាលេខ ២ លើលោកនេះផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖