ពលរដ្ឋស៊ីរីបាននាំគ្នាទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ជាលើក ដំបូងរបស់ខ្លួន ចាប់តាំងពីសង្គ្រាមស៊ីវិល អូសបន្លាយរយៈពេល៧ឆ្នាំកន្លងមក។ ការបោះឆ្នោតកើតឡើងក្រោយពេលអុីស្រាអែល បើកការវាយប្រហារតាមដែនអាកាសទៅលើទីតាំងអាកាសយានដ្ឋាននៅទីក្រុង Damascus។
ការិយាល័យបោះឆ្នោត ៦.៥៥១កន្លែង បានបើកទ្វារនៅថ្ងៃទី១៦ ខែកញ្ញា ហើយ ពលរដ្ឋស៊ីរី បានបោះឆ្នោតជ្រើសរើស តំណាងរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាឃុំ សង្កាត់។ សារព័ត៌មានស៊ីរី SANA បាន ផ្សាយថា មានបេក្ខភាពឃុំ-សង្កាត់ជាង៤ មុឺននាក់ ប្រកួតប្រជែងដណ្តើមតំណែងកៅ អីឃុំ-សង្កាត់ ១៨.៤៧៨កៅអី។ ការបោះ ឆ្នោត បានបិទទ្វារវិញនៅវេលាម៉ោង ៧ យប់ (ម៉ោងក្នុងតំបន់) ហើយមន្ត្រីទទួល ខុសត្រូវបានបង្កើនការយាមល្បាតរក្សា សុវត្ថិភាពក៏ដូចជាធុងឆ្នោត។
ការបោះឆ្នោតខាងលើ គឺជាលើកទី១ ចាប់តាំងពីឆ្នាំ២០១១ មកទល់ពេលនេះ ហើយការបោះឆ្នោតកើតឡើងក្នុងពេល ដែលតំបន់ជាច្រើន នៅតែបន្តកើតមាន អំពើហិង្សាការវាយប្រហារគ្នាជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះ អុីស្រាអែលបានបើកការ វាយប្រហារតាមដែនអាកាសទៅលើអាកាសយានដ្ឋាននៅទីក្រុង Damascus សំដៅទៅលើឃ្លាំងអាវុធនៅក្បែរអាកាសយាន ដ្ឋាន។
ជាមួយគ្នានេះ ក្តីបារម្ភកើតឡើងចំពោះ ខេត្ត Idlib ដែលជាទីតាំងចុងក្រោយបង្អស់របស់ក្រុមប្រឆាំងគាំទ្រដោយលោកខាងលិច ខណៈទាហានរដ្ឋាភិបាលស៊ីរីបានត្រៀមបើកការវាយប្រហារជាទ្រង់ទ្រាយធំ ដណ្តើមគ្រប់គ្រងវិញ។ កន្លងមក ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កម្លាំង ទាហានក្រុមប្រឆាំងបានបង្កើតយុទ្ធសាស្ត្រ វាយប្រហារក្លែងក្លាយដោយអាវុធគីមី ដើម្បី ទម្លាក់កំហុសទៅលើទាហានរដ្ឋាភិបាលស៊ីរី និងជាហេតុផលដែលអាមេរិក និង លោកខាងលិច ចាប់ផ្តើមវាយប្រហារ។
បើទោះបីបែបណាក្តី ការខិតខំស្វែងរកសន្តិភាពយូរអង្វែងនៅស៊ីរីនៅតែបន្តធ្វើឡើង។ ពេលថ្មីៗនេះ រុស្ស៊ី ទួរគី និងអុីរ៉ង់ បានអំពាវនាវដល់ក្រុមប្រដាប់អាវុធទាំងនៅក្នុងខេត្តអុីដលីប ទម្លាក់អាវុធស្វែងរក ដំណោះស្រាយដោយសន្តិភាព។ មេដឹក នាំទាំង៣ប្រទេស បានជួបពិភាក្សាគ្នានៅ ទីក្រុង Astana ប្រទេសកាហ្សាស្ថាន ដោយជំរុញឲ្យមានដំណោះស្រាយសន្តិភាពនៅក្នុងប្រទេសស៊ីរី។
ពាក់ព័ន្ធនឹងការវាយប្រហារទៅលើទីតាំងអាកាសយានដ្ឋានអន្តរជាតិនៅស៊ីរី កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា អុីស្រាអែលបានបើកការវាយប្រហារទៅលើអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុង Damascus ដោយមីស៊ីល។ ក្នុងពេលជាមួយគ្នានោះ ដែរ មីស៊ីលការពារដែនអាកាសស៊ីរី ក៏បានបាញ់ទម្លាក់មីស៊ីលអុីស្រាអែលជាច្រើនគ្រាប់ផងដែរ។
សារព័ត៌មានស៊ីរី SANA បានផ្សាយថា មានសំឡេងផ្ទុះគ្របដណ្តប់ពេញអាកាសយានដ្ឋាន ទីក្រុង Damascus នៅក្នុងការ វាយប្រហារដោយមីស៊ីលពីអុីស្រាអែល។ ប្រព័ន្ធការពារក៏បានបាញ់កម្ទេចមីស៊ីល របស់សត្រូវផងដែរ។ លោក Rami Abdurrahman ប្រធានអង្គការឃ្លំាមើលសិទ្ធិ មនុស្សស៊ីរីមានទីតាំងនៅក្នុងប្រទេសអង់គ្លេសបានឲ្យដឹងថា ការវាយប្រហារខាង លើ គឺសំដៅទៅលើឃ្លាំងអាវុធ នៅជិត អាកាសយានដ្ឋានខាងលើ។ អាវុធនៅក្នុងឃ្លាំងនោះគឺបញ្ជូនទៅឲ្យអុីរ៉ង់ ឬក្រុម ហេសប៊ូឡាស់នៅលីបង់។ មកទល់ពេល នេះ មិនទាន់មានរបាយការណ៍ជាផ្លូវការណាមួយស្តីពីអ្នកស្លាប់ និងរបួសនោះឡើយ។
អុីស្រាអែល មិនដែលទទួលស្គាល់ថា ខ្លួនវាយប្រហារស៊ីរីនាពេលកន្លងមកឡើយ ប៉ុន្តែពេលនេះបានប្រកាសថា បានវាយប្រហារដើម្បីរារាំងការដឹកជញ្ជូនអាវុធទៅឲ្យសត្រូវ។ កាលពីដើមខែកញ្ញា មន្ត្រី អុីស្រាអែលមួយរូបបានប្រកាសថា បាន បើកការវាយប្រហារជាង២០០លើកទៅលើគោលដៅរបស់អុីរ៉ង់ក្នុងទឹកដីស៊ីរី រយៈ ពេល ១៨ខែកន្លងមក៕ ម៉ែវ សាធី