ព័ត៌មានទាន់ហេតុការណ៍៖

ការបាញ់ប្រហារក្នុងពិធីព្យុហយាត្រានៅអុីរ៉ង់អាចជាការចាប់ផ្តើមនៃវិវាទផ្ទៃក្នុងឈានដល់សង្គ្រាមស៊ីវីល

ចែករំលែក៖

ការបាញ់ប្រហារទៅលើក្បួនព្យុហយាត្រានៅក្នុងប្រទេសអុីរ៉ង់ពេលកន្លងមបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ ក្រុមភេរវកម្ម IS បានចេញមុខទទួលស្គាល់ថាជាសកម្មភាពរបស់ខ្លួន។ ចំណែកក្រុមនៅក្នុងប្រទេសអុីរ៉ង់ ក៏បានប្រកាសថាជាសកម្មភាពរបស់ខ្លួនផងដែរ។ ចំណុចទាំងនោះហើយទើបក្រុមអ្នកឯកទេសលើកឡើងថា ជាការចាប់ផ្តើមនៃវិវាទនៅក្នុងប្រទេសនេះ។

កម្លាំងទាហានអុីរ៉ង់ IRGC បានប្រកាសថា នឹងតបតវិញក្រោយការបាញ់ប្រហារបង្ហូរឈាមនៅក្នុងពិធីព្យុហយាត្រាយោធាអុីរ៉ង់។

កម្លាំងទាហានបដិវត្តន៍អុីរ៉ង់ IRGC កាលពីថ្ងៃទី២៤ ខែកញ្ញា បានប្រកាសពីការប្តេជ្ញាសងសឹកនឹងហេតុការមិនអាចបំភ្លេចបាន ក្រោយការបាញ់ប្រហារទៅលើក្បួនព្យុហយាត្រាសម្លាប់មនុស្ស២៥នាក់ ក្នុងនោះមានទាហាន IRGC។

ការបាញ់ប្រហារកើតឡើងនៅក្នុងពិធីដង្ហែរក្បួនព្យុហយាត្រាយោធា កាលពីថ្ងៃទី២២ ខែកញ្ញា ដែលជាសកម្មភាពទ្រង់ទ្រាយធំបំផុតទៅលើកម្លាំងទាហាន IRGC របស់អុីរ៉ង់ ក្នុងពេលដែលអាមេរិក និងបណ្តាប្រទេសសម្ពន្ធមិត្តបង្កើនសកម្មភាពដាក់ទណ្ឌកម្មសេដ្ឋកិច្ចអុីរ៉ង់។

ខ្មាន់កាំភ្លើង៤នាក់បានបាញ់ប្រហារទៅលើហ្វូងមនុស្សដែលចូលរួមនៅក្នុងពិធីដង្ហែរក្បួន ដើម្បីរំលឹកទិវានៃសង្គ្រាមរវាងអុីរ៉ង់ នឹងអុីរ៉ាក់ នៅទីក្រុង Ahvaz។ ជនដៃដល់ត្រូវបានបាញ់សម្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រុមអារ៉ាប់ប្រឆាំងរដ្ឋាភិបាលអុីរ៉ង់ដែលមានឈ្មោះថា ក្រុមបដិវត្តន៍ Ahvaz ទាមទារសិទ្ធិស្វយភាពនៅខេត្តដែលសម្បូរទៅដោយធនធានប្រេង គឺខេត្ត Khuzestan បានប្រកាសទទួលខុសត្រូវពីការបាញ់ប្រហារខាងលើ។

ចំណែកក្រុមភេរវកម្ម IS ក៏បានចេញមុខទទួលស្គាល់ថាខ្លួនជាអ្នកវាយប្រហារ ប៉ុន្តែមិនបានបង្ហាញភស្តុតាងណាមួយនោះឡើយ។ ចំណែមន្ត្រីជាន់ខ្ពស់អុីរ៉ង់ បង្ហាញការខឹងសម្បាយ៉ាងខ្លាំង។ ប្រធានាធិបតី រ៉ូហានី បានចោទប្រកាន់អាមេរិក និងបណ្តាប្រទេសអារ៉ាប់ ជាអ្នកជំរុញឲ្យមានអំពើហិង្សាការបាញ់ប្រហារកើតឡើង។ សាវឌីអារ៉ាប៊ីមិនទាន់មានប្រតិកម្មអ្វីជុំវិញការចោទប្រកាន់របស់ប្រធានាធិបតីអុីរ៉ង់នៅឡើយ។

ចំណែកអាមេរិកវិញ អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានច្រានចោលការចោទប្រកាន់របស់ប្រធានាធិបតីអុីរ៉ង់។ លោកស្រីបានបញ្ជាក់ថា «គាត់ (រ៉ូហានី) អាចទម្លាក់កំហុសលើយើងទាំងអស់ នូវអ្វីដែលគាត់ចងទម្លាក់មកលើអាមេរិក»។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការបាញ់ប្រហារខាងលើគឺជាចំណុចចាប់ផ្តើមនៃ អំពើហិង្សា ភាពចលាចល កើតឡើងនៅក្នុងប្រទេសអុីរ៉ង់ ហើយអាចឈានដល់សង្គ្រាមស៊ីវិល។ នៅពេលនេះ មេបញ្ជាការកងទ័ពអុីរ៉ង់បានបញ្ជាក់ថា នឹងបើកការវាយប្រហារទៅលើក្រុមឧទ្ទាមនៅក្នុងតំបន់ Ahvaz ដែលជាក្រុមទទួលបានការហ្វឹកហាត់ពីអុីស្រាអែល និងសាវឌីអារ៉ាប៊ីហើយទទួលបានការគាំទ្រពីអាមេរិក៕ ម៉ែវ សាធី


ចែករំលែក៖