ព័ត៌មានទាន់ហេតុការណ៍៖

នាវាកម្លាំងទាហានជើងទឹកចិន ជាលើកទីមួយ ទៅកាន់វេណេហ្ស៊ុយអេឡា ក្នុងពេលអាមេរិកត្រៀមធ្វើសកម្មភាព

ចែករំលែក៖

ជាលើកទីមួយ នាវារបស់កម្លាំងទាហានជើងទឹកចិន បានទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា បន្ទាប់ពីមានដំណើរទស្សនកិច្ច របស់ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ទៅកាន់ទីក្រុងប៉េកាំង ដើម្បីស្វែងរកការគាំទ្រពីចិន ជួយដល់សេដ្ឋកិច្ច ប្រទេសនេះ កំពុងតែធ្លាក់ចុះ ឲ្យងើបឡើងវិញ ។

សារព័ត៌មាន ស៊ីនហួរបានផ្សាយថា នាវាពេទ្យរបស់ទាហានជើងទឹកចិន លេខ ៨៦៦ បានចូលដល់កំពង់ផែ La Guaira ប្រទេសវេណេហ្ស៊ុយអេឡា នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ៨ថ្ងៃ នៅទីនោះ។

ប្រធានាធិបតី ម៉ាឌូរ៉ូ ជាអ្នកទទួលរងការរិះគន់យ៉ាងខ្លាំង នៅពេល សេដ្ឋកិច្ច វេណេហ្ស៊ុយអេឡា ធ្លាក់ចុះ៥ឆ្នាំជាប់គ្នា បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីដើមខែកញ្ញាកន្លងមក ។ មេដឹកនាំចិន បានសន្យាថា នឹងជួយដល់ប្រទេសនេះ ដោយផ្តល់ប្រាក់ជំនួយថ្មី ប៉ុន្តែមិនបានប្រកាសពីចំនួន ។

ជាច្រើនឆ្នាំកន្លងមក ចិនជាសម្ព័ន្ធមិត្ត យ៉ាងជិតស្និទ្ធ របស់វេណេហ្ស៊ុយអេឡា ។ កន្លងមក ប្រទេសទាំងពីរ បានចុះហត្ថលេខា «ឲ្យប្រាក់កម្ជីដូប្រេង » ជួយដល់ចិន ធានាប្រភពផ្គត់ផ្គង ថាមពល។

កាលពីខែកក្កដាកន្លងមក វេណេហ្ស៊ុយអេឡា ទទួលបានប្រាក់ជំនួយ ២៥០លានដុល្លារពីធានាគារ អភិវឌ្ឍន៍ចិន ដើម្បីជំរុញការផលិតប្រេង ។ រដ្ឋាភិបាលវេណេហ្ស៊ុយអេឡាបានយល់ព្រមទទួលនូវប្រាក់កម្ចី៥ពាន់លានដុល្លារ ពី រដ្ឋាភិបាលទីក្រុងប៉េកាំង ដើម្បីវិនិយោគ លើវិស័យប្រេង ប៉ុន្តែមកទល់ពេលនេះ វេណេហ្ស៊ុយអេឡា មិនទាន់ទទួលបានគ្រប់គ្រាន់នៅឡើយ។

ការចូលទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា របស់នាវាចិន ក្នុងពេលដែលអាមេរិក បានព្រមាន ដល់រដ្ឋាភិបាលវេណេហ្ស៊ុយអេឡាថា នឹងមានសកម្មភាពទៅលើប្រទេសនេះ ដើម្បីបំពេញទៅតាមការចង់បានរបស់ពលរដ្ឋ ៕ ម៉ែវ សាធី


ចែករំលែក៖