មនុស្សមួយចំនួនបានគិត ថា មានតែ អាមេរិក អង់គ្លេស បារាំង ស៊ី្វស… ដែលជាប្រទេសមហាសេដ្ឋី ទើប លិខិតឆ្លងដែននៅក្នុងប្រទេសទំងនោះ មានឥទ្ធិពលបំផុតលើពិភពលោក ដោយធ្វើដំណើរ ទៅប្រទេសជាច្រើន មិនចំាបាច់ សុំទិដ្ឋាកា (Visa)។ ប៉ុន្តែ អ្វីដែលយើងគិតនោះ គឺផ្ទុយស្រឡះតែម្តង ដោយប្រទេសដែលមានលិខិតឆ្លងដែន មានឥទ្ធិពលបំផុតនោះគឺ ប្រទេស នៅតំបន់អាស៊ី មានជប៉ុន និង អាស៊ានគឺសឹង្ហបុរី។
នៅពេលនេះ ជប៉ុន បានឈានមុខលើប្រទេសសឹង្ហបុរី ក្លាយជាប្រទេស ដែលមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុតលើពិភពលោក ។ តាមរបាយការណ៍របស់ Henley Passport Index បានបញ្ជាក់ថា បច្ចុប្បន្ន ពលរដ្ឋជប៉ុន អាចធ្វើដំណើរទៅ ១៨៩ប្រទេសជុំវិញពិភពលោក ដោយមិនចាំបាច់សុំទិដ្ឋាការ (វីសា) នោះឡើយ គឺកាន់លិខិតឆ្លងដែនឡើងយន្តហោះទៅបានគ្រប់ពេល ។
ឈរលំដាប់ទីពីរ គឺលិខិតឆ្លងដែន របស់ប្រទេស សឹង្ហបុរី និងអាល្លឺម៉ង់ ដោយពលរដ្ឋប្រទេសទាំងពីរ អាចធ្វើដំណើរទៅកាន់១៨៨ប្រទេសជុំវិញពិភពលោក ដោយមិនចាំបាច់សុំ វីសាឡើយ គឺតិចជាងជប៉ុនតែ ១ប្រទេសប៉ុណ្ណោះ ។
កាលពីឆ្នាំ២០១៧ សឹង្ហបុរីឈរលំដាប់ទីមួយ ប៉ុន្តែឆ្នាំនេះ បានធ្លាក់មកលំដាប់ទី២ ដោយចាញ់ជប៉ុនតែមួយប្រទេសប៉ុណ្ណោះ។
ខាងក្រោមនេះ ជាប្រទេសដែល មានលិខិតឆ្លងដែន មានឥទ្ធិពលបំផុត ធ្វើដំណើរទៅកាន់ប្រទេសនានាមិនចាំបាច់សុំ វីសា ៖
១ ប្រទេស ជប៉ុន (១៨៩ ប្រទេស)
២ សឹង្ហបុរី និងអាល្លឺម៉ង (១៨៨ ប្រទេស)
៣ កូរ៉េខាងត្បូង, ហ្វាំងឡង់, បារាំង, អីតាលី , អេស្បាញ,ស៊ុយអែត(១៨៧ប្រទេស)
៤ អូទ្រិស, ឡុចសំាប៊ួរ, ហុល្លង់, ន័រវាយ,ព័រទុយហ្គាល, អង់គ្លេសនិងអាមេរិក (១៨៦ប្រទេស)
៥ បែលហ្សិច, កាណាដា, ដាណឺម៉ាក, អៀកឡង,ស៊ី្វស(១៨៥ ប្រទេស)
៦ ក្រិចនិងអូស្ត្រាលី (១៨៣ប្រទេស )
៧ ឆែក, ម៉ាលតា និងញ៉ូវហ្សឺឡែន (១៨២ប្រទេស)
៨ អាយឡែន (១៨១ប្រទេស)
៩ ម៉ាឡេស៊ី , ហុគ្រី និងស្លូវ៉ានៀ (១៨០ប្រទេស)
១០ ឡាត់វៀ, លិតធូអានៀ និងស្លូវ៉ាគី (១៧៩ប្រទេស) ៕ ម៉ែវ សាធី