ខេត្តព្រះសីហនុ៖ បុរសម្នាក់ជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តសាំយ៉ុង១គ្រឿងបុកពេញទំហឹងស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨ និង២០នាទីព្រឹក ថ្ងៃចន្ទ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៤ ម្តុំភូមិបន្ទាយប្រីយ៍ ឃុំអណ្ដូងថ្ម។
ប្រភព័ត៌មានបានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ គេឃើញរថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ព្រះសីហនុ 2C-8927 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ ធ្វើដំណើរក្នុងទិសដៅចេញពីក្រុងព្រះសីហនុ តាមបណ្តោយផ្លូវជាតិលេខ៤ ស្របជាមួយម៉ូតូ១គ្រឿងបើកបរដោយបុរសវ័យចំណាស់ម្នាក់ឈ្មោះ ធុយ ទេព អាយុ៧៥ឆ្នាំ រស់នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូបត់ឆ្លងផ្លូវដោយមិនបានមើលមុខមើលក្រោយឲ្យសប់ជ្រុងជ្រោយ ស្របពេលរថយន្តកំពុងបើកមកពីក្រោយក៏ជ្រុលបុកពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត និងម៉ូតូ សមត្ថកិច្ចបានអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ឆ្លាម សមុទ្រ