រដ្ឋាភិបាលមិចស៊ីកូបានគ្រប់គ្រងដោយផ្ទាល់ នៅទីក្រុងទេសចរណ៍ Acapulco ដោយចាប់ខ្លួន ប៉ូលិស ទាំងអស់នៅទីក្រុងនេះ ក្រោយចោទប្រកាន់ជាប់ពាក់ព័ន្ធនិងក្រុមជួញដូរគ្រឿងញៀន។
សារព័ត៌មាន Independent បានផ្សាយថា ៖មេប៉ូលិសពីររូបនៅទីក្រុង Acapulco រងការចោទប្រកាន់ពី ៖ បទសម្លាប់មនុស្ស ចំណែកមន្ត្រីប៉ូលិសផ្សេងទៀត ត្រូវដកហូតអាវុធ វិទ្យុទាក់ទង អាវការពារគ្រាប់ ហើយស្ថិតនៅក្នុងការសួរចម្លើយ ។
ទីក្រុង Acapulco ជាទីក្រុង ឆ្នេរសមុទ្រដ៏ល្បីល្បាញនៅមីចស៊ីកូ ។ កាលពីឆ្នាំ ១៩៥០-១៩៦០ ទីក្រុងនេះធ្លាក់ក្នុងអំពើហឹង្សា ដោយសារតែការវាយប្រហារគ្នារបស់ក្រុមជួញដូរគ្រឿងញៀន។ បច្ចុប្បន្ន កម្លាំងទាហាន និងប៉ូលិសជាតិ បានមកគ្រប់គ្រងការពារសន្តិសុខ នៅក្នុងទីក្រុងនេះក្រោយពេល រដ្ឋាភីបាលសម្រេច បញ្ឈរជើង ប៉ូលិសទាំងអស់ ដើម្បីស្រាវជ្រាវ។
មន្ត្រីរដ្ឋាភិបាលមិចស៊ីកូ បានបញ្ជាក់ថា រដ្ឋាភិបាល ចាំបាច់ត្រូវតែ ចូលរួមធ្វើសកម្មភាព ដោយសារតែក្រុមបងធំជួញដូរគ្រឿងញៀន ដណ្តើមបានសិទ្ធគ្រប់គ្រង ទៅលើកម្លាំងសន្តិសុខ ក៏ដូចជាករណីសម្លាប់មនុស្ស តែប៉ូលិសបានត្រឹមតែឈរមើល ។
កាលពីឆ្នាំ២០១៧ ទីក្រុង Acapulco មានការសម្លាប់មនុស្សយ៉ាងច្រើន ដោយ ក្នុងចំណោមពលរដ្ឋ ១សែននាក់ មាន ១០៣នាក់រងការសម្លាប់ ។នេះជាចំនួន ខ្ពស់បំផុត នៅប្រទេសមិចស៊ីកូនិងនៅលើពិភពលោកទាំងមូល។
ជាមួយគ្នានេះដែរ ទីភ្នាក់ងាចារកម្មអាមេរិក បានវាយតម្លៃថា អំពើហឹង្សានៅទីក្រុង Acapulco មានប្រហាក់ប្រហែល តំបន់ក្តៅបំផុតនៅក្នុងប្រទេសស៊ីរីនិងអីរ៉ាក់។ សាកសពត្រូវបានគេបោះចោលនៅក្នុងសមុទ្រ ឬក៏ទុកចោលនៅលើស្ពានជាដើម ។
ការបង្ក្រាបគ្រឿងញៀន របស់រដ្ឋាភិបាលមិចស៊ីកូរពិបាកទទួលបានជោគជ័យដោយសារតែ កម្លាំងប៉ូលិស ភាគច្រើនបានចូលដៃជើង ជាមួយក្រុមជួយដូរ គ្រឿងញឿន ឬធ្វើមិនដឹងមិនឮ ចំពោះសកម្មភាពរបស់ក្រុមជួញដូរគ្រឿងញៀនដើម្បីសុវត្ថិភាព៕