ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ដោយសារបើករថយន្តបុកទ្រូងផ្លូវហើយឆេះរថយន្តនៅមុខច្រកចូលផ្សារទួលគោក

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ស្លាប់ដោយសារបើករថយន្តតូយ៉ូតាព្រូស ទៅបុកទ្រូងក្បាលនាគពុះចែកទ្រូងផ្លូវ នៅមុខច្រកចូលផ្សារទួលគោក ហើយបណ្តាលឲ្យឆេះរថយន្ត ។

ហេតុការណ៍នេះ បានកើតឡើង​កាលពីម៉ោង​៤ទៀប​ភ្លឺ​ ថ្ងៃទី​២​ ខែតុលា​ ឆ្នាំ​២០១៨​ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ច​បានឲ្យដឹងថា ​សពបុរ​ស​ជា​អ្នក​បើកបរ​រថយន្ត​មានឈ្មោះ​ អេន​ សៅ​ អាយុ​២៥ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​ទី​៥​ ឃុំព្រែកតានង់​ ស្រុក​កោះសូទិន​ ខេត្ត​កំពង់ចាម​ បើករថយន្តម៉ាក​ តូយូតា​ព្រូស​ ពណ៌​ទឹក​ប្រាក់​ គ្មាន​ស្លាក​លេខ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានបុរសម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ តូយូតា​ព្រូស​ ពណ៌​ទឹក​ប្រាក់​ គ្មាន​ស្លាក​លេខ​ ចរាចរណ៍តាម​បណ្ដោយ​ផ្លូវ​២៨៩​ ក្នុងទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ និង​ល្បឿន​យ៉ាង​លឿន​ ។ ខណៈមកដល់​ចំណុច​កើត​ហេតុ​រថយន្ត​​បាន​រេចង្កូត​ជ្រុល​ទៅ​បុក​ក្បាលនាគព្រួញ ​ពុះ​ចែក​ទ្រូង​ផ្លូវ​ពេញ​ទំហឹង​ បណ្តាលឲ្យមានផ្សែងហុយចេញពីរថយន្តកើតជា​អណ្តាត​ភ្លើង​ឆាបឆេះរថយន្តតែម្តង ហើយ​​ក៏មាន​ប្រជាពលរដ្ឋ​ជួយ​ទាញ​យក​អ្នក​បើកបរ​រថយន្ត​ចេញ​ពី​ក្នុង​រថយន្ត​ តែអ្នក​បើកបរបានបាក់កស្លាប់បាត់ទៅហើយ​ និងមានប្រជាពលរដ្ឋខ្លះបាននាំគ្នាទាញទុយយោទឹកបាញ់ពន្លត់រថយន្ត តែ​​មិន​រលត់​ ក៏​រាយការណ៍​ប្រាប់សមត្ថកិច្ច ហៅរថយន្តពន្លត់​អគ្គិភ័យ​របស់ស្នងការរាជធានីភ្នំពេញ​មកចំនួន​ពីរ​គ្រឿង​ ជួយ​បាញ់ពន្លត់​អស់ទឹកតែបន្តិច ក៏រលត់ជាស្ថាពរ​។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានដឹកយកសពទៅតម្កល់ទុកនៅវត្តទឹកថ្លា​ ដើម្បី​រង់ចាំ​សាច់ញាតិ​ ដោយឡែក​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​​​ ៕ ជ្រោយពេជ្រ


ចែករំលែក៖