ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់កើនឡើងជាង១.០០០នាក់ដោយការរញ្ជួយដីនិងរលកស៊ូណាមិ

ចែករំលែក៖

ចំនួនអ្នកស្លាប់ដោយការរញ្ជួយដី និង រលកយក្សស៊ូណាមិនៅប្រទេសឥណ្ឌូនេស៊ី បានកើនឡើងជាបន្តបន្ទាប់ជាមួយគ្នានេះរដ្ឋាភិបាលបានប្រកាសថា នឹងកប់ សាកសពរួមគ្នាដើម្បីបញ្ចៀសជំងឺអាសន្នរោគ កើតឡើងរាលដាល។

លោក Sutopo Purwo Nugroho អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះអាសន្នបានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅតែបន្តកើន ឡើងខ្ពស់។ ជាមួយគ្នានោះ យើងចាំបាច់ត្រូវតែកប់សាកសពរួមគ្នា ដើម្បីទប់ស្កាត់ ជំងឺផ្សេងៗរាលដាល។

តួលេខនៃអ្នកស្លាប់ដោយគ្រោះធម្មជាតិ ខាងលើមិនទាន់ដឹងប្រាកដនៅឡើយទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយនានាបានផ្សាយថា មានអ្នកស្លាប់ដល់ទៅ៨៣២នាក់។ ចំណែក សារព័ត៌មាន AFP បានផ្សាយថា មានអ្នកស្លាប់កើនឡើងដល់១.២០០នាក់ហើយ។

ក្រុមជួយសង្គ្រោះនៅលើកោះ Sulawesi បានខិតខំស្វែងរកអ្នកដែលជាប់គាំងនៅ ក្នុងគំនរអគារបាក់បែក។ នៅក្នុងសណ្ឋាគារ មួយនៅទីក្រុង Palu អាចនៅមានមនុស្ស ដល់ទៅ៦០នាក់ កំពុងជាប់គាំងនៅក្រោមគំនរអគារបាក់បែកនៅឡើយ។

អ្នកស្លាប់កើនឡើងជាបន្តបន្ទាប់ សហគមន៍អន្តរជាតិរួមគ្នាជួយដល់ជនរងគ្រោះឥណ្ឌូនេស៊ីដោយការរញ្ជួយដី និងរលក យក្សស៊ូណាមិ៖

មកទល់ពេលនេះ ចំនួនអ្នកស្លាប់ដោយ ការរញ្ជួយដី និងរលកយក្សស៊ូណាមិ កើន ឡើងរហូតដល់ទៅ ៨៣២នាក់ហើយ និង ជាង៥០០នាក់រងរបួស ក៏ដូចជាខូចខាតទ្រព្យសម្បត្តិជាច្រើន (មិនទាន់មានតួលេខ ច្បាស់លាស់នៅឡើយ ដោយសារតែរកឃើញអ្នកស្លាប់ជាបន្តបន្ទាប់)។

ក្រោយគ្រោះមហន្តរាយរញ្ជួយដី និង រលកយក្សស៊ូណាមិ កើតឡើងនៅក្នុង ប្រទេសឥណ្ឌូនេស៊ី ប្រទេសជាច្រើនជុំវិញ ពិភពលោក បានចូលរួមជួយដល់ជនរងគ្រោះនៅក្នុងប្រទេសនេះឲ្យឆ្លងផុតពីទុក្ខលំបាក។

នៅពេលនេះឥណ្ឌាបានបង្ហាញការ គាំទ្រជួយដល់រដ្ឋាភិបាលឥណ្ឌូនេស៊ីជួយដល់ជនរងគ្រោះដោយរលកយក្សស៊ូណា មិ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Sushma Swaraj បានប្រកាសនៅក្នុងមហា សន្និបាតអង្គការសហប្រជាជាតិថា លោកតំណាងឲ្យពលរដ្ឋឥណ្ឌាចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ។

ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេស ប្រទេសទួរគី ក៏បានបង្ហាញនូវក្តីសោក ស្តាយ ក៏ដូចជួយដល់ពលរដ្ឋឥណ្ឌូនេស៊ី ឲ្យឆ្លងផុតពីទុក្ខលំបាកនេះផងដែរ។ ចំណែករដ្ឋាភិបាលសិង្ហបុរីវិញ ក៏បានចូល រួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះដែល បណ្តាលមកពីរលកយក្សស៊ូណាមិ និង ការរញ្ជួយដី។

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា នាយករដ្ឋ មន្ត្រីអូស្ត្រាលី ក៏បានប្រកាសជួយគាំទ្រ និងផ្តល់ជំនួយដល់រដ្ឋាភិបាលឥណ្ឌូនេស៊ី នៅក្នុងការជួយដល់ពលរដ្ឋរងគ្រោះ។ ក្រៅពីនេះនៅមានប្រទេសជាច្រើនទៀត ជុំវិញពិភពលោក បានរួមដៃគ្នាជួយដល់ ពលរដ្ឋឥណ្ឌូនេស៊ីឲ្យឆ្លងផុតនូវគ្រោះធម្មជាតិដ៏កាចសហាវនេះ។

មកទល់ពេលនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីទទួលបានប្រាក់ជំនួយជាង៤៣លាន ដុល្លារ ហើយក្រោយការរញ្ជួយដីកាលពីថ្ងៃទី២៨ ខែកញ្ញា។

កាលពីឆ្នាំ២០០៤ ប្រទេសនេះរងការ រញ្ជួយដីកម្រិតខ្ពស់បំផុត ដែលបានសម្លាប់ មនុស្សរហូតដល់ទៅ ២២៦.០០០នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ីជាងពាក់កណ្តាល ក្រៅពីនេះជាអ្នកទេសចរ៕ ម៉ែវ សាធី


ចែករំលែក៖