ភ្នំពេញ៖ វិមានឈ្នះឈ្នះ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នឹងត្រូវសម្ពោធជាផ្លូវការនៅចុងឆ្នាំនេះ រយៈពេល៣ថ្ងៃ គឺថ្ងៃទី២៩ , ៣០ និង៣១ ធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំ ជាមួយគណៈបញ្ជាការឯកភាពដើម្បីឈានទៅរៀប ពិធីសម្ពោធវិមានឈ្នះឈ្នះដែលនៅសល់តែរយះពេលជាងមួយខែទៀតតែប៉ុណ្ណោះ ឲ្យបានល្អប្រសើរ។ កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ។
លោកបញ្ជាក់ថា៖ វិមានឈ្នះឈ្នះដែលរៀបចំកសាងឡើងដោយក្រសួងការពារជាតិ គឺជានិមិត្តរូបនៃការបញ្ចប់សង្គ្រាមដ៏រ៉ាំរៃនៅកម្ពុជា និងអបអរសាទរខួបអនុស្សាវរីយ៏លើកទី២០នៃការបញ្ចប់សង្រ្កាមនៅកម្ពុជាក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជាស្ថាបនិកសន្តិភាពតែមួយគត់ និងជាអ្នក បន្លត់ភ្លើងសង្គ្រាមដ៏រ៉ាំរៃនៅកម្ពុជាដោយពុំមានការបង្ហូរឈាម នាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍន៏។
លោកឃួង ស្រេង បានបន្តថា៖ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមរៀបចំកម្មវិធីនេះឲ្យមានប្រសិទ្ធភាពនិងទទួលបានលទ្ធផលល្អប្រសើរតាមរយះការត្រៀមរៀបចំអនុគណៈកម្មការទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួន ៕ សំរិត