ព័ត៌មានទាន់ហេតុការណ៍៖

កង្វះស្បឿងអាហារ បានធ្វើឲ្យពលរដ្ឋរងគ្រោះដោយរញ្ជួយដីនៅឥណ្ឌូនេស៊ី ចូលទៅឆក់ប្លន់ នៅតាមហាង

ចែករំលែក៖

កម្លាំងសន្តិសុខឥណ្ឌូនេស៊ី ពិបាកនៅក្នុងការទប់ស្កាត់ ការឆក់ប្លន់ ដោយសារតែភាពចលាចល ក្រោយរញ្ជួយដី  រលកស៊ូណាមិ ។ ពលរដ្ឋជាង ២០ពាន់នាក់ កំពុងតែត្រូវការជំនួយស្បៀងអាហារជាបន្ទាន់ ក្នុងពេលដែលអ្វីគ្រាប់យ៉ាងរបស់ពលរដ្ឋ រងការបំផ្លាញទាំងស្រុង។

មកទល់ពេលនេះ មានអ្នកស្លាប់កើនឡើងជាបន្តបន្ទាប់  រហូតដល់ជិត១៣០០នាក់ហើយ និងនៅមានមនុស្សបាត់ខ្លួនជាច្រើន នាក់ទៀត ។ អ្នកដែលនៅរស់ គឺ ប្រឈមនឹងការខ្វះខាតស្បៀងអាហារ ទឹកផឹក មន្ទីរពេទ្យ  សង្គ្រោះ ដោយមានអ្នករបួសជាច្រើន មិនទាន់បានចូលពេទ្យព្យាបាលនៅឡើយ។

កាលពីថ្ងៃទី២ ខែតុលា ប៉ូលិស ឥណ្ឌូនេស៊ី  បានបញ្ជាក់ ថា ពួកគត់ មានការយោគយល់ដល់ អ្នកដែលឆក់ប្លន់ នៅតាមហាងនានា   ដោយសារតែការស្រេកឃ្លាន  ក្រោយគ្រោះធម្មជាតិ ។ អ្នកដែលលួច ស្បៀងអាហារនៅតាមហាង ប៉ូលិសបានលើកលែង ប៉ុន្តែ អ្នកដែលឆក់ប្លន់ វត្ថុមានតម្លៃ កុំព្យួទ័រ  និងប្រាក់ ត្រូវបានចាប់ខ្លួនផងដែរ  ដោយមកទល់ពេលនេះ ប៉ូលិសបានចាប់ខ្លួនមនុស្ស ៣៥នាក់ហើយ។

ពលរដ្ឋរងគ្រោះបានអំពាវនាវ ឲ្យមានការជួយសង្គ្រោះ ជាបន្ទាន់ដល់ពលរដ្ឋ ។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏បាន អំពាវនាវដល់សហគមន៍អន្តរជាតិផ្តល់ជំនួយជាបន្ទាន់ជួយដល់ជនរងគ្រោះ ។

ចំនួនអ្នកស្លាប់ដោយសារការរញ្ជួញដី និងរលកយក្សស៊ូណាមិនៅឥណ្ឌូនេស៊ី កើនឡើងដល់១៣៤៧នាក់។ ចំនួនអ្នកស្លាប់ បានហក់ឡើងខ្ពស់នៅថ្ងៃអង្គារនេះ ដែលតួលេខលើកមុនមានត្រឹម៨៤៤នាក់ប៉ុណ្ណោះ។

រដ្ឋាភិបាលឥណ្ឌូនេស៊ី បានចេញមុខការពារខ្លួនឯងចំពោះការចោទប្រកាន់ថា ខ្លួនបានចេញប្រកាសអាសន្នសុវត្ថិភាពមិនគ្រប់គ្រាន់ ពេលដែលគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយបង្កើតឲ្យមានរលកយក្សស៊ូណាមិ ដោយបានសម្លាប់មនុស្សខ្ទង់ពាន់នាក់នោះ ។

ការរញ្ជួយដីកម្រិត៧.៥រ៉ិចទ័រ បានអង្រួនកោះភាគកណ្តាលស៊ូឡេវេស៊ី  បង្កឲ្យមានរលកសមុទ្រកម្ពស់ពី៣ម៉ែត្រដល់៦ម៉ែត្រ បោកបក់មកលើតំបន់ជាច្រើននៅតាមឆ្នេរភាគពាយព្យ ដោយប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្នេរ ទំនងជាមិនបានដឹងនោះទេ ពីគ្រោះថ្នាក់ទាំងនេះ។

ដោយឡែក ក្រុមអ្នកជំនាញ បានបញ្ជាក់ពីផលលំបាកនៃការព្យាករណ៍លើរលកយក្សស៊ូណាមិ ហើយពួកគេបានលើកឡើងពីការប្រកាសអាសន្នសុវត្ថិភាពនៅទូទាំងតំបន់ប្រជុំកោះរបស់ឥណ្ឌូនេស៊ី ដែលមានជាង១៧.០០០កោះ និងប្រជាពលរដ្ឋ២៦១លាននាក់ ប៉ុន្តែពួកគេបានលើកឡើងផងដែរ ពីកង្វះខាតការសម្របសម្រួល និងការផ្តល់មូលនិធិពីរដ្ឋាភិបាលឥណ្ឌូនេស៊ី។

ការរិះគន់ជាច្រើន បានលើកឡើងថា ទីភ្នាក់ងារភូគព្ភសាស្រ្ត និងឧតុនិយមឥណ្ឌូនេស៊ី បានលុបចោលការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ឆាប់រហ័សពេក។

សូមបញ្ជាក់ថា ការប្រកាសអាស័ន្ន បានកើតមានឡើងភ្លាមៗក្រោយវេលាម៉ោង៦ល្ងាចថ្ងៃសុក្រ  សប្តាហ៍មុន ពីរលកយក្សស៊ូណាមិកម្ពស់៣ម៉ែត្រ ។ ការប្រកាសអាស័ន្ននេះ ត្រូវបានលុបចោលវិញ នៅវេលាម៉ោង៦ និង៣៦នាទី។ ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារភូគព្ភសាស្រ្ត និងឧតុនិយមឥណ្ឌូនេស៊ី បាននិយាយថា ការប្រកាសអាសន្ន ត្រូវបានដកចេញវិញ ក្រោយរលកយក្សស៊ូណាមិ វាយប្រហាររួចទៅហើយនោះ៕ ម៉ែវ សាធី

 

 


ចែករំលែក៖