ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរទេសចរកម្សាន្ត ឆ្លងទៅប្រទេសវៀតណាម បានរិះគន់យ៉ាង ខ្លាំងទៅលើអាជ្ញាធរខេត្តរតនគិរី មានភាពធូររលុងខ្លាំង ចំពោះសកម្មភាពដឹកជញ្ជូនឈើ ដោយគ្មានខ្លាចរអែង ខ្វះការទទួលខុសត្រូវ ក្នុងនាមអាជ្ញាធរគ្រប់គ្រងដែនដីខេត្តមួយនេះ ។
ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ គេបានឃើញដោយផ្ទាល់ភ្នែកពី សកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ ឆ្លងទៅប្រទេសវៀតណាម តាមអន្តរជាតិអូរយ៉ាដាវ បន្តកន្ទុយគ្នាដូច ហែកឋិន ដោយឈ្មួញប្រើរថយន្តប្រភេទ សាំយុង , បាឡែន , ឡង់គ្រីស័រកែច្នៃ , ។ល។ ធ្វើឡើងចំពោះមុខ សមត្ថកិច្ចជាច្រើនស្ថាប័ន ដែលមាននៅក្នុងអនុក្រឹត្យ តួនាទីភារកិច្ចប្រចាំការនៅច្រកអន្តរជាតិអូរយ៉ាដាវនេះ ។
ច្រកអូរយ៉ាដាវ គឺជាច្រកដែលចេញបទល្មើសព្រៃឈើ មានលក្ខណៈទ្រង់ទ្រាយធំ កើតមានជាហូរហែ បន្តបន្ទាប់ ក្រោមការដឹកនាំរបស់ចៅហ្វាយខេត្តធូររលុង ។ ក្នុងនោះលោក អ៉ី ចំរើន ប្រធានការិយាល័យនគរបាលអន្តោ ប្រវេសន៍ច្រកអន្តរជាតិអូរយ៉ាវដាវ ត្រូវបានគេចាត់ទុកថា ជាមេខ្លោងទទួលផលប្រយោជន៍ពីបទល្មើសឆ្លងកាត់ ខណៈឲ្យមន្ត្រីខ្លួនជាអ្នកបើកច្រក ជាអ្នករារាំងសារព័ត៌មាន ។ និយាយរួម លោក អ៉ី ចំរើន គ្មានការទទួលខុសត្រូវ ចំពោះបទល្មើសខុសច្បាប់នេះ សំខាន់គាត់ជាមនុស្សមុខលុយ ។ ទៅកាន់តំណែងនៅច្រកអន្តរជាតិអូរយ៉ាដាវ នៅពេលណា គឺគាត់ឲ្យមន្ត្រីរបស់គាត់បើកច្រកឲ្យឈ្មួញចរាចរណ៍ឈើតាមអំពើចិត្ត ។
គេបាយរាយការណ៍មកថា ឈើដឹកជញ្ជូនឆ្លងទៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវ មួយចំនួនធំដឹកចេញពី ស្រុកវ៉ឺនសៃ ស្រុកកូនមុំ ស្រុកលំផាត់ ពីក្រុងបានលុង និងមួយចំនួនធំពីស្រុកបរកែវ និងស្រុកអូរយ៉ាដាវនេះតែ ម្តង ។
ជួនកាលដឹកមកតាមបណ្តាស្រុក-ក្រុង ឆ្ពោះទៅកាន់វៀតណាម តាមច្រកអន្តរជាតិអូរយ៉ាដាវ ខ្លះទៀត យកមកទុកបណ្តោះអាសន្ន នៅស្រុកអូរយ៉ាដាវក្បែរៗច្រក និងជិតអតីតស្នាក់ការរដ្ឋបាលព្រៃឈើ តាមដងផ្លូវ ដ៏អនាធិបតេយ្យ រង់ចាំលោកអ៉ី ចំរើនបើកច្រក ឈ្មួញនឹងលើកដាក់រថយន្ត ដឹកទៅកាន់ប្រទេសវៀតណាមតាម ច្រកអន្តរជាតិនេះ ក្នុងរយៈពេលបីទៅបួនថ្ងៃនឹងអស់ឈើដែលលាក់ទុកនោះតែម្តង ។
ក្រៅពីដឹកជញ្ជូនតាមរថយន្តសាំយុង រថយន្តឡាឡែន ឡង់គ្រីស័រកែច្នៃនោះ ក្រុមឈ្មួញបានប្រើប្រាស់ជួលកម្មករ ដឹកជញ្ជូនតាមម៉ូតូដ៏ប្រសេចប្រសាច ដឹកសុទ្ធតែឈើជ្រុង ប្រភេទឡាំងយកមកដាក់គនៅតាមផ្លូវ ក្នុងឃុំសោម ត្រក ស្រុកអូរយ៉ាដាវ ដើម្បីឲ្យថៅកែដឹកជញ្ជូនតាមរថយន្តបន្តឆ្លងទៅប្រទេសវៀតណាម ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្តីបន្ទោសយ៉ាងខ្លាំងទៅកាន់លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដែលមិនបានបង្រ្កាបបទល្មើសព្រៃឈើ ក្នុងនោះ សម្តេចថែមទាំងនឹងចាត់វិធានការលើលោកអភិបាលខេត្ត ប្រសិនបើបន្តឲ្យកើតមាន ។
ដោយឡែក លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី មិនទាន់រងនូវការស្តីបន្ទោសពីសម្តេច ក្រឡាហោមនៅឡើយទេ ខណៈច្រកអន្តរជាតិអូរយ៉ាដាវកំពុងចរាចរណ៍ឈើឆ្លងទៅប្រទេសវៀតណាម ហើយ តំបន់មួយចំនួនរងការកាប់បំផ្លាញព្រៃឈើ ។
ប្រជាពលរដ្ឋបានរិះគន់ថា ចូលដល់យុគ្គសម័យប្រទេសគ្រប់គ្រងដោយច្បាប់ រស់ក្រោមដំបូលសន្តិភាព គួរ ណាស់តែអាជ្ញាធរខេត្ត សមត្ថកិច្ចពាក់ព័ន្ធ មានវិធានការទប់ស្កាត់បទល្មើសឈើ ផ្ទុយទៅវិញបែរជាបើកចំហរឲ្យ ច្រកអន្តរជាតិអូរយ៉ាដាវចរាចរណ៍តាមអំពើចិត្ត ជួនពេលខ្លះឈ្មួញដឹកជញ្ជូនឈើតាំងពីម៉ោង៩យប់រហូតទលើភ្លឺ ហើយករណីខ្លះដឹកទាំងថ្ងៃតែម្តង ។ ប្រជាពលរដ្ឋ ក៏ដូចមន្ត្រីរាជការបានរំឭកថា ប្រសិនបើអាជ្ញាធរខេត្តចរិក កន្ទេលធំបន្លំដេកទៅហើយ ការទប់ស្កាត់បទល្មើសងាយស្រួលបំផុត ឲ្យតែថ្នាក់លើបញ្ជាឲ្យបិទច្រកអូរយ៉ាដាវ និងច្រករបៀងមួយចំនួនទៀតប្រកបដោយប្រសិនភាព ៕ សុខខេមរា