ព័ត៌មានទាន់ហេតុការណ៍៖

វេទិកា«គំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគត» រៀបចំឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត

ចែករំលែក៖

វេទិកាសេដ្ឋកិច្ច និងវិនិយោគ រៀបចំឡើងនៅក្នុងប្រទេសអារ៉ាប៊ីអ៊ូឌីត បានគ្របដណ្តប់ទៅដោយរឿងរ៉ាវអ្នកសារព័ត៌មាន ត្រូវបានសម្លាប់នៅក្នុងស្ថានទូត អារ៉ាប៊ី សាអ៊ូឌីត ក្នុងប្រទេសទួរគី ។ វេទិកានេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ដោយផ្តោតសំខាន់ទៅលើបញ្ហាសេដ្ឋកិច្ច វិនិយោគនាពេល អនាគត។

អគ្គនាយកអង្គការអន្តរជាតិ អគ្គនាយក ក្រុមហ៊ុនបរទេសគ្រាក់ៗ និងអ្នកជំនួញ បរទេសរួមទាំងថ្នាក់ដឹកនាំបរទេសជាច្រើនរូបបានធ្វើពហិការមិនទៅចូលរួម។ ដោយ ឡែកក្នុងថ្ងៃនេះដែរ លោកប្រធានាធិបតី ទួរគីអ៊ែរដូហ្កានបានប្រកាសលាតត្រដាងការពិតជុំវិញមរណភាពលោកJamal kha shoggi។

ការថ្លែងរបស់លោកអ៊ែរដូហ្កានបានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយក្រុមអ្នកតំណាងរាស្រ្តនៃគណបក្សកាន់ អំណាចក្នុងទីក្រុងអង់ការ៉ា។ លោកអ៊ែរដូហ្កានបានលម្អិតម្តងមួយៗលើលទ្ធផលនៃការស៊ើបអង្កេតរបស់ក្រុមអ្នកស៊ើបអង្កេតទួរគី។ លោកអ៊ែរដូហ្កានបានបញ្ជាក់ថា នៅមួយថ្ងៃមុនថ្ងៃបាត់ខ្លួនលោកខាសូជីក្នុងថ្ងៃទី២ តុលា មានភ្នាក់ងារអារ៉ាប៊ីសាអ៊ូឌីតចំនួន ៣នាក់បានមកដល់ទួរគី រួចធ្វើ ដំណើរទៅកាន់ព្រៃមួយស្ថិតក្បែរទីក្រុងអុីស្តង់ប៊ុល និងស្រុកមួយជាប់សមុទ្រម៉ារម៉ារ៉ាស្ថិតចម្ងាយ ៩០គីឡូម៉ែត្រពីទីក្រុងអុីស្តង់ប៊ុល។ គឺនៅម្តុំនោះហើយដែលសាកសពលោកខាសូហ្ស៊ីកាត់ជាកង់ៗអាចត្រូវគេ កប់ចោល ឬបោះចូលសមុទ្រ។

បន្ទាប់មក លោកអ៊ែរដូហ្កានក៏បាន បញ្ជាក់ដែរថា ក្នុងថ្ងៃទី២ តុលាដែលជាថ្ងៃបាត់ខ្លួនលោកខាសូជីនៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតប្រចាំទីក្រុងអុីស្តង់ប៊ុល មានភ្នាក់ងារអារ៉ាប៊ីសាអ៊ូឌីតចំនួន ១៥នាក់បានចូលក្នុងស្ថានកុងស៊ុលនោះ ហើយ កាមេរ៉ានៅខាងក្នុងស្ថានកុងស៊ុលក៏ត្រូវបានគេដោះចេញទាំងអស់ដែរ។ តាមរយៈការទម្លាយលទ្ធផលស៊ើបអង្កេតពេលនេះ លោកអ៊ែរដូហ្កានមិនបានចោទអារ៉ាប៊ីសាអ៊ូឌីតចំមុខទេ តែបានទាមទារឲ្យអារ៉ាប៊ីសាអ៊ូឌីតកាត់ទោសជនទាំង ១៨នាក់ដែល អារ៉ាប៊ីសាអូឌីតបានឃាត់ខ្លួន និងថា លោកមានជំនឿលើភាពស្មោះត្រង់របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីតសាលម៉ាន។

អ្វីដែលលោកអ៊ែរដូហ្កានចង់ដឹង តើអ្នកណាបានបញ្ជាឲ្យសម្លាប់លោកខាសូជីនៅក្នុងស្ថានកុងស៊ុល និងថាហេតុអ្វីបានជាភ្នាក់ងារអារ៉ាប៊ីសាអ៊ូឌីតទាំង ១៥នាក់បានចូលស្ថានកុងស៊ុងក្នុងថ្ងៃបាត់ខ្លួនលោកខាសូជីថ្ងៃទី២ តុលា?

គួររម្លឹកថា ទោះបីជារដ្ឋអំណាចអារ៉ាប៊ីសាអ៊ូឌីតទើបបានប្រកាសទទួលស្គាល់ មរណភាពលោកខាសូជីក្នុងថ្ងៃសៅរ៍ ទី២០ តុលាក៏ដោយក៏រហូតមកដល់ពេល នេះ ទីក្រុងរីយ៉ាដបន្តអះអាងម្តងជាពីរដងថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងឃាតកម្មសម្លាប់លោកខាសូជីទេ ហើយរឿងរ៉ាវមួយក៏រជ្ជទាយាទប៊ីនសាលម៉ាន រួមទាំងក្រសួងស៊ើបការណ៍សម្ងាត់អារ៉ាប៊ីសាអ៊ូឌីតមិនបានដឹងដែរ។ សម្រាប់ទីក្រុងរីយ៉ាដ គឺជនពាល មួយក្រុមជាអ្នកសម្លាប់លោកខាសូជី។ ក៏ ប៉ុន្តែ ក្រុមប្រទេសបស្ចិមលោក រួមទាំង អាមេរិក និងទួរគីមិនជឿសម្តីអារ៉ាប៊ីសាអ៊ូឌីត ហើយបន្តដាក់គំនាបឲ្យអារ៉ាប៊ីសាអ៊ូឌីតឆ្លើយការណ៍ពិត។

គំនាបអន្តរជាតិ មានទាំងអាមេរិកដែលជាសម្ពន្ធមិត្តចាក់ទឹកមិនលេចរបស់អារ៉ាប៊ីសាអ៊ូឌីតកំពុងបន្តមានកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ បន្ទាប់ពីចាត់ទុក ចម្លើយបដិសេធរបស់អារ៉ាប៊ីសាអ៊ូឌីតថាជាការភូតកុហក លោកប្រធានាធិបតីអាមេ រិកដូណាល់ ត្រាំបានបន្ថែមនៅថ្ងៃចន្ទ ទី ២២ តុលាថា លោកមិនពេញចិត្តនឹងចម្លើយរបស់អារ៉ាប៊ីសាអ៊ូឌីតទេ។ តាមមើលទៅ អារ៉ាប៊ីសាអ៊ូឌីតគ្មានជម្រើសអ្វីក្រៅពី ទទួលស្គាល់ការពិតនៅនាទីចុងក្រោយឡើយ។ នៅក្នុងដំណាក់កាលដំបូង ក៏អារ៉ាប៊ីសាអ៊ូឌីតឆ្លើយមិនដឹងអ្វីទាំងអស់ដែរ តែទីបំផុតបានទទួលស្គាល់ថា លោកខាសូជីពិតជាត្រូវបានសម្លាប់នៅក្នុងស្ថានកុងស៊ុល តែថា មិនមែនជាស្នាដៃរបស់ខ្លួនទេ។

គេត្រូវរង់ចាំមើលថា តើអារ៉ាប៊ីសាអ៊ូឌីតទ្រាំមិនឆ្លើយការពិតដល់ពេលណា និងថា តើរឿងរ៉ាវមួយនេះអាចនឹងមានជាប់ពាក់ ព័ន្ធភាគីណាផ្សេងក្រៅពីអារ៉ាប៊ីសាអ៊ូឌីតដែរ ឬទេ?

ក្នុងថ្ងៃដែលលោកអ៊ែរដូហ្កានបានទម្លាយលទ្ធផលស៊ើបអង្កេតជុំវិញរឿងរ៉ាវលោកខាសូជី អារ៉ាប៊ីសាអ៊ូឌីតផ្តើមវេទិកាអន្តរ ជាតិស្តីពីគំនិតផ្តួចផ្តើមវិនិយោគទៅថ្ងៃ អនាគត « Future Investment Initiative » រយៈពេល ៤ថ្ងៃ។ តែគេបានសង្កេតឃើញ ជារួមថា រឿងរ៉ាវលោកខាសូជីកំពុងបំពុលវេទិកាមួយនេះដោយមានថ្នាក់ដឹកនាំបរទេសជាច្រើន អគ្គនាយកអង្គការអន្តរជាតិ អគ្គនាយកក្រុមហ៊ុនបរទេស រួមទាំងអ្នក ជំនួញបរទេសគ្រាក់ៗជាច្រើនរូបបានធ្វើ ពហិការមិនទៅចូលរួមនៅក្នុងវេទិកានោះទេ។

ទន្ទឹមគ្នានេះ មានប្រព័ន្ធឃោសនា មហាជនអន្តរជាតិធំៗ ដូចយ៉ាង Bloomberg CNN Financial Times ក៏បានធ្វើពហិការមិនទៅយកព័ត៌មានដែរ។ សូមជម្រាប ថា វេទិកាអន្តរជាតិស្តីពីគំនិតផ្តួចផ្តើមវិនិយោគទៅថ្ងៃអនាគត គឺជាគម្រោងកំណែ ទម្រង់សេដ្ឋកិច្ចរបស់រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីតប៊ីន សាលម៉ានក្រោមប្រធានបទ « ចក្ខុវិស័យឆ្នាំ ២០៣០ »។ តាមរយៈស្មារតី « ចក្ខុវិស័យឆ្នាំ ២០៣០ » រជ្ជទាយាទប៊ីនសាលម៉ានចង់ប្តូរពីសេដ្ឋកិច្ចជាតិដែលពឹងតែលើចំណូលបានមកពីការបូមប្រេងលក់ទៅជាសេដ្ឋកិច្ចជាតិដែលរកចំណូលបានមកពីប្រភពផ្សេងៗ ដូចយ៉ាងបច្ចេកវិទ្យា ទេសចរណ៍ និងសេវាកម្មចម្រុះ។

តែដើម្បីអាចសម្រេចបាននូវមហិច្ឆតានេះ អារ៉ាប៊ីសាអ៊ូឌីតត្រូវការក្រុមអ្នក វិនិយោគបរទេសដោយចៀសមិនរួច។ ក្រុមអ្នកវិនិយោគបរទេសនៅគ្រប់ជ្រុងជ្រោយលើលោកកំពុងសម្លឹងឃើញសក្តានុពលសេដ្ឋកិច្ចដ៏សម្បើមនៅក្នុងមហា គម្រោងសេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអ៊ូឌីត ដែលជាមហាអំណាចសេដ្ឋកិច្ចក្នុងពិភពអារ៉ាប់។ តែរឿងរ៉ាវមរណភាពលោកខាសូជីកំពុងធ្វើឲ្យក្រុមអ្នកវិនិយោគបរទេសខ្លះបាត់បង់ជំនឿទុកចិត្តលើរជ្ជទាយាទប៊ីនសាលម៉ាន។ ដូច្នេះដើម្បីបង្កើតឲ្យមាន ទំនុកទុកចិត្តឡើងវិញលើឆាកអន្តរជាតិ ពិសេសក្រុមអ្នកវិនិយោគបរទេស រជ្ជ ទាយាទប៊ីនសាលម៉ានត្រូវហ៊ានស៊ី ហ៊ានសង និងត្រូវបង្ហាញពីតម្លាភាពក្នុងរឿងរ៉ាវមរណភាពលោកខាសូជី៕ ម៉ែវ សាធី


ចែករំលែក៖