ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មកសុំស្នេហ៍រហូតបានសែនព្រេនជាប្តីប្រពន្ធ៣ខែ រួចបោកយកម៉ូតូ និងគ្រឿងអលង្គការអស់រលីង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីម្នាក់បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅលោកមេឃុំ ប្តឹងទៅបុរសម្នាក់ជាប្តីរបស់ខ្លួន ក្រោយពីបុរសរូបនេះ បានបានបោកយកចិញ្ជៀនមាស និង ម៉ូតូ១គ្រឿងយកទៅបាត់មិនឃើញត្រឡប់មកវិញ ។

តាមពាក្យបណ្តឹងដែលដាក់ចូលទៅលោកមេឃុំពន្លៃ បានបញ្ជាក់ថា ស្រ្តីដែលរងគ្រោះនេះ មានឈ្មោះ យស់ ណិប អាយុ៤០ឆ្នាំ រស់នៅភូមិជើងខ្នា ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ប្តឹងបុរសម្នាក់ឈ្មោះរិទ្ធ មានអាយុ៤៣ឆ្នាំ មានស្រុកកំណើតខេត្តកណ្តាល។

តាមពាក្យបណ្តឹង ស្រ្តីរូបនេះបានរៀបរាប់ថា នៅមុនពេលសែនព្រេនជាប្តីប្រពន្ធ បុរសឈ្មោះរិទ្ធនេះ មករស់នៅជាមួយ នឹង ពូសាត និង មីងអុន ដែលជាអ្នកស្រុកក្នុងភូមិជាមួយនឹងនាង ។

ដំបូងឡើយ បុរសរូបនេះបានប្រើល្បិចមកធ្វើជាស្រឡាញ់រូបនាង ហើយបានឲ្យចាស់ទុំទៅចូលស្តីរូបនាងយកជាប្រពន្ធ ប៉ុន្តែមិនបានរៀបការនោះទេ គ្រាន់តែធ្វើពិធីសែនព្រេនធម្មតាប៉ុណ្ណោះ ។ ក្រោយពីសែនព្រេន រូបគាត់ និងបុរសរូបនោះបានរស់នៅជាមួយគ្នាជាប្តីប្រពន្ធដូចគេឯងផងដែរ បន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេលបីខែរួចមក រូបគាត់ (ស្រ្តី យស់ ណិប)បានទុកចិត្តគ្នាជាប្តីប្រពន្ធ ។ ដោយសារតែឃើញប្រពន្ធកាន់តែទុកចិត្តហើយនោះ បុរសជាប្តី (រិទ្ធ) ចាប់ផ្តើមប្រើឧបាយកលដើម្បីបោកប្រាស់គាត់ ។

ស្រ្តីរូបនេះបានបញ្ជាក់ក្នុងពាក្យបណ្តឹងថា នៅមុនថ្ងៃភ្ជុំ គឺថ្ងៃទី៦ តុលា ឆ្នាំ២០១៨ បុរសនោះបានប្រើល្បិចសុំទៅលេងបប្អូននៅខេត្តពោធិ៍សាត់រយៈពេល១ថ្ងៃតែប៉ុណ្ណោះ រូបនាងសុខចិត្តឲ្យទៅដោយនឹកឃើញថា បុរសរូបនោះជាប្តីប្រពន្ធទៅហើយ នៅពេលចេញដំណើរទៅ បុរសរូបនេះបានយកចិញ្ជៀន១វង់ ទំងន់៣ជី និង ម៉ូតូ១គ្រឿងម៉ាកហុងដាសេ ១២៥ ឆ្នាំ២០១៥ ដែលជារបស់រូបនាង បានខំទិញយកទៅជាមួយផងដែរ ។

ចាប់តាំងពីថ្ងៃនោះរហូតមកដល់ថ្ងៃនេះ បុរសរូបនេះមិនឃើញត្រឡមកផ្ទះវិញនោះទេគឺបាត់ឈឹងតែម្តង សូម្បីតែតលេខទូរស័ព្ទទាំងពីខ្សែដែលធ្លាប់ប្រើក៍តេមិនចូលផងដែរ ។

ដោយសារតែមិនឃើញត្រឡប់មកវិញដូច្នេះ ទើបរូបគាត់សន្និដ្ឋានបានចាញ់ឧបាយកលរបស់បុរសម្នាក់នេះ ហើយក៍បានសម្រចចិត្តដាក់ពាក់បណ្តឹងតែម្តង ៕ ចន្ថា


ចែករំលែក៖