ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបញ្ជាក់ថា នឹងដកខ្លួនចេញពី INF នៅពេលសមស្របណាមួយ

ចែករំលែក៖

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានបញ្ជាក់ថា អាមេរិកនឹង ដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញា បរមាណូ INF នៅពេលវេលាសមស្របណាមួយ។

មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនាទីក្រុងមូស្គូ ជាមួយប្រធានាធិបតីរុស្ស៊ីលោកពូទីន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានបញ្ជាក់ថា សន្ធិសញ្ញាស្តីពីអាវុធ INF ហួសសម័យ ហើយត្រូវប្រទេសផ្សេង ទៀតបំពាន។ លោកបញ្ជាក់ទៀតថា ប្រទេសផ្សេងទៀតអាចផលិតមីស៊ីល បរមាណូ ចំណែកអាមេរិកត្រូវ ចងជាប់ ដោយសារតែ សន្ធិសញ្ញាហួសសម័យ នោះ។

សហគមន៍អន្តរជាតិបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ចំពោះគម្រោងដកខ្លួនចេញពី INF របស់អាមេរិក ដែលអាចជំរុញឲ្យមានការប្រកួតប្រជែងអាវុធនៅលើពិភពលោកជាថ្មី។សន្ធិសញ្ញា INF បានចុះហត្ថលេខា កាលពីឆ្នាំ ១៩៨៧រវាងអាមេរិកនឹងអតីតសហភាពសូវៀត ។

ក្រោយពីការប្រកាសគម្រោងខាងលើ មេដឹកនាំប្រទេសមហាអំណាចយោធាទាំងពីរ បាន ត្រៀមជួបមុខគ្នាម្តងទៀតក្នុងទីក្រុងប៉ារីស ចំពោះភាពតានតឹងនៃសន្ធិសញ្ញា នុយក្លេអ៊ែរ។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងជួបមុខគ្នាជាថ្មីម្តងទៀតនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបពិភាក្សាជាផ្លូវការនៅទីក្រុងហ៊ែលស៊ីងគី ប្រទេសហ្វាំងឡង់ កាល ពីប៉ុន្មានខែមុន។

ការជួបមុខគ្នាខាងលើនេះត្រូវបានគេរំពឹងថា នឹងកើតឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា នៅ ពេលដែលប្រធានាធិបតីទាំងពីររូប និង ថ្នាក់ដឹកនាំបណ្តាប្រទេសធំៗផ្សេងទៀត ត្រូវចូលរួមនៅក្នុងកិច្ចប្រជុំសំខាន់មួយ ដើម្បីរំលឹកដល់ការបញ្ចប់សង្គ្រាមលោកលើកទី ១ នៅទីក្រុងប៉ារីស ប្រទេស បារាំង។ វាក៏នឹងក្លាយជាចំណាប់អារម្មណ៍ខ្លាំងផងដែរសម្រាប់អន្តរជាតិ ព្រោះតែ សហរដ្ឋអាមេរិកទើបតែបានប្រកាសដក ខ្លួន ចេញពីសន្ធិសញ្ញាកំណត់ការដាក់ ពង្រាយអាវុធនុយក្លេអ៊ែរ INF ជាមួយ អតីតសហភាពសូវៀត (រុស្ស៊ីបច្ចុប្បន្ន) ដោយបានចោទប្រកាន់រុស្ស៊ីថា ជាអ្នក រំលោភកិច្ចព្រមព្រៀងនេះមុន។

តាមលោក Ushakov បញ្ជាក់ថា កិច្ច ពិភាក្សាគ្នារវាងលោក ពូទីន នឹងលោក ត្រាំ ក៏នឹងត្រូវចូលរួមដោយមន្ត្រីកំពូលៗ មកពីប្រទេសទាំងសងខាងផងដែរ ខណៈ ដែលលោក ពូទីន ទើបតែបានទទួលស្វា គមន៍លោក ចន បូលតុន (John Bolton) ទីប្រឹក្សាសន្តិសុខជាតិអាមេរិក មកបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ កាលពីដើម សប្តាហ៍នេះផងដែរ។ ដោយឡែកសម្រាប់ ជំនួបនៅថ្ងៃទី១១ ខែវិច្ឆិកា នោះគឺមិនទាន់មានការបញ្ជាក់ពីប្រធានបទធំៗ ដែល មេដឹកនាំកំពូលទាំងពីរ អាចនឹងលើកយកទៅពិភាក្សាគ្នានោះឡើយ៕ ម៉ែវ សាធី


ចែករំលែក៖