ភ្នំពេញ៖ ទើបប្រឡូកក្នុងវិស័យសិល្បៈ១ឆ្នាំ តារាសម្តែងស្រីវ័យក្មេង ហ្វី យ៉ាដា ស្រាប់តែក្តាប់បានតំណែងតួអង្គសំខាន់មួយ ក្នុងភាពយន្តភាគថ្មីរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ គឺរឿង វិញ្ញាណស្នេហ៍ ។ តារាស្រីរូបនេះ បានដាក់ក្តីរំពឹងខ្ពស់ ទោះស្ថិតក្នុងតំណែងជាតួរងកាចឆ្នាសឆ្នើមក៏ដោយ។
បទពិសោធន៍សមត្ថភាពនៃការសម្តែងភាពយន្ត ថតឈុតផ្សព្វផ្សាយពាណិជ្ជកម្ម រួមទាំងរូបសម្រស់ស្រស់សោភា បានរុញច្រានឲ្យតារាស្រី ហ្វី យ៉ាដា មិនពិបាកក្នុងការទាញបានការចាប់អារម្មណ៍ពីផលិតករ។
តារាស្រីវ័យ២១ឆ្នាំរូបនេះ បញ្ជាក់ថា ចូលសិល្បៈរយៈពេលខ្លីតាមនិស្ស័យដែលខ្លួនស្រលាញ់ នាងបានចូលរួមសម្តែងក្នុងភាពយន្តមួយចំនួនរួចមកហើយ ដូចជារឿង មន្តស្នេហ៍ឧត្តមសេនីយ៍ រឿង ភ្លើង រឿង វិញ្ញាណស្នេហ៍ជ្រែកបេះដូង និងរឿង និស្ស័យស្នេហ៍នាងកែវមនោរាហ៍ ជាដើម។
នាងថា មិនមែនជាឧបសគ្គទេសម្រាប់នាងក្នុងការសម្តែងជាតួអង្គកាចឆ្នាសឆ្នើមក្នុងភាពយន្តថ្មីចុងក្រោយនេះ។
នាងថា ការរៀនសូត្រពីរាមច្បងសិល្បៈ ការច្នៃប្រឌិត ការហ្វឹកហាត់បន្ថែមនិងការតាំងចិត្តខ្ពស់របស់នាងនឹងធ្វើឲ្យការសម្តែងរឿងថ្មីនេះបានល្អប្រសើរជាងរឿងកន្លងទៅ។ តារាស្រីរូបនេះបានដាក់ក្តីរំពឹងខ្ពស់ថាភាពយន្តនេះនឹងជួយឲ្យនាងលេចមុខមាត់កាន់តែខ្លាំង ខណៈដែលភាពយន្តនេះមានសាច់រឿងល្អ ក្រោមការផលិតរបស់ក្រុមអ្នកជំនាញមានបទពិសោធន៍ខ្ពស់ និងការប្តេជ្ញាចូលរួមសហការពីបណ្តាសិល្បករក្មេងចាស់ប្រុសស្រីទាំងអស់នៅក្នុងរឿងនេះ។
ក្រៅពីការសម្តែងភាពយន្តថ្មីចុងក្រោយនេះនាងក៏កំពុងទទួលបានចាប់អារម្មណ៍ច្រើនពីផលិតករនៃបណ្តាផលិតកម្មមួយចំនួនកំពុងទំនាក់ទំនងនាងឲ្យចូលរួមការសម្តែងផងដែរ ។
នាងរំពឹងទុកដែរថា ដើមឆ្នាំក្រោយទីផ្សារការងារសិល្បៈរបស់នាងនឹងអាចឈានឡើងមួយកម្រិតទៀត៕ វឌ្ឍនា