ព័ត៌មានទាន់ហេតុការណ៍៖

ពុលសម្លកកូរផ្សិតមួយគ្រួសារ ស្លាប់ម្នាក់ និងមានអាការៈធ្ងន់ស្រាល៥នាក់

ចែករំលែក៖

ខេត្តព្រះវិហារៈ បុរសវ័យចំណាស់ម្នាក់បានស្លាប់ នៅពេលបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ និង៥នាក់ទៀត មានអាការៈធ្ងន់ស្រាល ក្រោយរងការពុលសម្លកកូរផ្សិតហូនបាយជុំគ្នា កាលពីព្រលប់ ថ្ងៃ អង្គារ ១៤ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិរំចេក ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

លោកវរសេនីយ៍ទោ ឡាញ់ លីស៊ីវឡេង អធិការនគរបាលស្រុកគូលែន បានប្រាប់ ឲ្យដឹង ថា មុនពេលកើតហេតុ កូនប្រុសរបស់ជនរងគ្រោះ បានដកផ្សិតកញ្ជូរពីក្នុងព្រៃ យកមកឲ្យម្តាយស្លកកូរហូបជុំគ្នាពេលល្ងាច។ បន្ទាប់ពីហូបបានរយៈពេល១ម៉ោង ជនរងគ្រោះជាឪពុក និងកូនប្រុស ដែលជាអ្នកដកផ្សិតនោះមានអាការៈហៀរទឹកមាត់ ក្អួតចង្អោរ ចុកពោះ ដោយពុលខ្លាំងជាងគេ។ ពេលឃើញអាការៈដូច្នោះ ជនរងគ្រោះទាំង២ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅឯមណ្ឌលសុខភាពស្រុកគូលែន តែអកុសលជនរងគ្រោះជាឪពុក ដែលមានអាការពុលធ្ងន់ធ្ងរជាងគេ បានស្លាប់បាត់បង់ជីវិតឬៅ ។ ដោយឡែកកូនប្រុស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ត នៅឯមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ហើយម្តាយនិងកូន៣នាក់ទៀត ពុលបន្តិចបន្តួចប៉ុណ្ណោះតញរូវបានសង្រ្គោះបឋមនៅក្នុងភូមិ ។

លោកអធិការបានឲ្យដឹងទៀតថា ជនរងគ្រោះជាឪពុក ដែលស្លាប់មានឈ្មោះ ស្រី លួន ភេទប្រុស អាយុ៦៧ឆ្នាំ ចំណែកកូនប្រុសឈ្មោះ ស្រី យ៉ា អាយព២៤ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។

ក្រោយការពិនិត្យសាកសពជនរងគ្រោះដោយកម្លាំងជំនាញវិទ្យាសាស្ត្របច្ចេកទេស របស់អធិការនគរបាលស្រុកគូលែន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំស្រយ៉ង់ អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យ និងគ្រួសារជនរងគ្រោះឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារពុលសម្លកកូរផ្សិត ប្រាកដមែន ព្រោះមានហៀរទឹកមាត់ តាមដងខ្លួនហើយពុំមានស្លាកស្នាមអ្វីគួរឲ្យគត់សម្គាល់ថាជាអំពើឃាតកម្មនោះទេ ទើបសមត្ថកិច្ចប្រគល់សាកសព ជូនក្រុមក្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកលោក សុក វាសនា ប្រធានមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារវិញ បានឲ្យដឹងថា ជនរងគ្រោះដែលពុលផ្សិតធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរបស់លោក ពេលនេះមានអាការៈធូរស្រាលហើយ។ ករណីនេះដែរលោកក៏សូមអំពាវនាវដល់ ប្រជាពលរដ្ឋដែលរងទទួលការពុលផ្សេងៗ សូមប្រញាប់ប្រញាល់មកមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា ដើម្បីក្រុមគ្រូពេទ្យអាចជួយសង្រ្គោះជីវិតបាន និងមិនត្រូវហូបបន្លែបង្ការណាដែលសង្ស័យថាមានជាតិេបុលនោះឡើយ ៕ សហការី


ចែករំលែក៖