ព័ត៌មានទាន់ហេតុការណ៍៖

ទួរគីស្នើឲ្យអារ៉ាប៊ីសាអ៊ូឌីតបញ្ជូនជនសង្ស័យ១៨នាក់ដែលសម្លាប់អ្នកសារព័ត៌មាន

ចែករំលែក៖

ក្រសួងយុត្តិធម៌ទួរគី កាលពីថ្ងៃទី២៦ ខែតុលា បានស្នើជាផ្លូវការទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតឲ្យបញ្ជូនជនសង្ស័យ១៨នាក់ ដែលចូលរួមសម្លាប់អ្នកសារព័ត៌មាន Jamal Khashoggi។

ជនសង្ស័យទាំង១៨នាក់គឺជាជនជាតិអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានរដ្ឋាភិបាលទីក្រុង រីយ៉ាដ ចាប់ខ្លួនដើម្បីបើកការស្រាវជ្រាវ។ ក្រុមរដ្ឋអាជ្ញាប្រទេសទួរគីបានត្រៀម លក្ខណៈចោទប្រកាន់ពីបទសម្លាប់មនុស្ស ដោយមានគម្រោងគិតទុកជាមុន។

តាមការលើកឡើងរបស់រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ទួរគី លោក Abdulhamit Gul បានបញ្ជាក់ថា «រដ្ឋាភិបាលទួរគីប្តេជ្ញាធ្វើឲ្យច្បាស់នូវរឿងរ៉ាវទាំងនោះ»។

ពេលដំបូងមន្ត្រីអារ៉ាប៊ីសាអ៊ូឌីតបានច្រានចោលការជាប់ពាក់ព័ន្ធ ប៉ុន្តែក្រោយ មកក៏បានប្រកាសទទួលស្គាល់ថា មានការឈ្លោះប្រកែកគ្នានៅក្នុងស្ថានទូត រហូត ដល់កើតអំពើហិង្សា ទើបសម្លាប់អ្នកសារ ព័ត៌មានខាងលើ។ កន្លងមកថ្មីៗ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌អារ៉ាប៊ីសាអ៊ូឌីត ក៏បាន ទទួលស្គាល់ថាសកម្មភាពសម្លាប់អ្នកសារព័ត៌មានគឺបានឡើងគម្រោងជាមុន។

បណ្តាប្រទេសលោកខាងលិចមិនពេញចិត្តនឹងសកម្មភាពបិទបាំងព័ត៌មាន ដោយបានអនុម័តការដាក់ទណ្ឌកម្មទៅលើប្រទេសនេះ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានសម្រេចលុបទិដ្ឋាការដល់មនុស្ស ២១នាក់ពាក់ព័ន្ធនឹងការស្លាប់អ្នកសារព័ត៌មានខាងលើ៕ ម៉ែវ សាធី


ចែករំលែក៖