ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិក «ត្បកផង អង្អែលផង» ទៅលើប្រទេសរុស្ស៊ី

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បាន ព្រមានបង្កើនទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី បន្ថែមទៀត ប៉ុន្តែព្រមជាមួយគ្នានោះ ក៏ បានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក ពូទីន មកបំពេញទស្សនកិច្ច នៅទីក្រុង វ៉ាស៊ីនតោនផងដែរ។

សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨ បានផ្សាយថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) បានឲ្យដឹងថា សេតវិមានបានអញ្ជើញប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ជាផ្លូវការហើយ ដើម្បី បំពេញទស្សនកិច្ចមកកាន់ទីក្រុងវ៉ាស៊ីនតោន។ ក៏ប៉ុន្តែទន្ទឹមនឹងការអញ្ជើញនេះ លោក Bolton ក៏បានព្រមានដែរថា សហ រដ្ឋអាមេរិកកំពុងពិចារណាដាក់ទណ្ឌកម្ម បន្ថែមប្រឆាំងនឹងទីក្រុងមូស្គូ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Reuters នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក Bolton បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានអញ្ជើញលោកប្រធានាធិបតីរុស្ស៊ី ពូទីន មកកាន់ទីក្រុងវ៉ាស៊ីនតោន… ប៉ុន្តែ គោលនយោបាយ និងអាកប្បកិរិយារុស្ស៊ី គឺជាហេតុផលដែលជំរុញឲ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើរុស្ស៊ី»។

ទីប្រឹក្សាសន្តិសុខជាតិរូបនេះបានបន្ថែម ទៀតថា «វានឹងក្លាយជាក្ដីសង្ឃឹមមួយ បើ សិនជាពួកគេ (រុស្ស៊ី) បញ្ឈប់ការលូកដៃ ចូលក្នុងកិច្ចការបោះឆ្នោតរបស់ពួកយើង… ដកខ្លួនចេញពីតំបន់គ្រីមៀ និងតំបន់ ដុនបាស (Donbass) ប្រទេសអ៊ុយក្រែន ព្រមទាំងបញ្ឈប់ការប្រើប្រាស់អាវុធគីមី ដើម្បីសម្លាប់អតីតមន្ត្រីរុស្ស៊ីដែលកំពុងរស់នៅនិរទេសខ្លួនក្នុងបណ្ដាប្រទេសលោកខាងលិច និងធ្វើសកម្មភាពវិជ្ជមាននៅ មជ្ឈិមបូព៌ា»។

តែទោះជាយ៉ាងណាក៏ដោយ ខាងទី ក្រុងមូស្គូមិនទាន់បានបញ្ជាក់ថា លោក ពូទីន ទទួលយកការអញ្ជើញនេះហើយ ឬយ៉ាងណានោះទេ ខណៈវាត្រូវបានគេ រំពឹងថា នឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយ ពោលគឺបន្ទាប់ពីការបោះឆ្នោតសភាពាក់ កណ្ដាលអាណត្តិនៅថ្ងៃទី៦ ខែវិច្ឆិកាខាង មុខនេះ។

គួររំលឹកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោកប្រធានា ធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានជួបគ្នាក្នុង កិច្ចប្រជុំកំពូលនៅឯទីក្រុងហែលស៊ីងគី (Helsinki) ប្រទេសហ្វាំងឡង់កាលពីខែ កក្កដាកន្លងទៅ ហើយបើទោះជាបានជួប មុខគ្នាក៏ដោយ ក៏ទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរ មិនមានភាពល្អ ប្រសើរគួរឲ្យកត់សម្គាល់នោះដែរ៕ ម៉ែវ សាធី


ចែករំលែក៖