ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ ស្ថិរភាពនយោបាយសេដ្ឋកិច្ចពាណិជ្ជកម្ម កំពុងតែរងការបំផ្លាញដោយសហរដ្ឋអាមេរិក

ចែករំលែក៖

ក្រោយរយៈពេលជិតពីរឆ្នាំនៃការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើឲ្យគ្រប់យ៉ាងនៅលើពិភពលោក មានការប្រែប្រួលទាំងសន្តិសុខ នយោ បាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ដោយសារតែ គោលនយោបាយ អាមេរិក ជាដំបូង របស់ លោកត្រាំ ។ នៅពេលនេះដែរ ដោយសារ តែខ្លាចអាមេរិក មានអាវុធចាញ់គេនៅ លើពិភពលោក បានធ្វើឲ្យលោកត្រាំ ប្រកាស ដកអាមេរិកចេញពីសន្ធិសញ្ញា អាវុធបរមាណូជាមួយរុស្ស៊ីបន្តទៀត ដើម្បី បន្តផលិត មីស៊ីលនិងបរមាណូ ។

ជាមួយគ្នានោះអាមេរិក បានបង្កើនការ ដាក់ទណ្ឌកម្ម ទៅលើប្រទេស ដែលអាមេ រិកចាត់ទុកថាជាសត្រូវក្នុងនោះមានរុស្ស៊ី ហើយពេលនេះចិនបន្តទៀត។ ថ្នាក់ដឹក នាំចិន និងរុស្ស៊ី បានចេញមុខ មករិះគន់ ទណ្ឌកម្មរបស់អាមេរិកនេះ ដែលគេចាត់ ទុកថា ជាទណ្ឌកម្មបង្ករឿង ជ្រៀតជ្រែក ច្រណែននឹងទំនាក់ទំនងរបស់ប្រទេស ផ្សេង។ លោកGengShuangអ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រតិកម្មថា វាជារឿងហួសហេតុ ហើយបានអំពាវនាវ ឲ្យរដ្ឋាភិបាលអាមេរិក លុបចោលទណ្ឌ កម្មនេះជាបន្ទាន់ ពុំនោះទេអាមេរិក នឹងរងផលលំបាកតបទៅវិញ។ តំណាង រដ្ឋាភិបាលចិនរូបនេះ បានលើកឡើងថា ទណ្ឌកម្មគ្មានហេតុផលរបស់អាមេរិកនេះ គឺវាបំពានទៅនឹងគោលការណ៍គ្រឹះ នៃ ច្បាប់​ទំនាក់ទំនងអន្តរជាតិ ហើយវាបំពានទៅដល់កិច្ចការផ្ទៃក្នុង កងទ័ពជាតិរបស់ ប្រទេសគេផ្សេង។

ដូចគ្នាដែរ ភាគីរុស្ស៊ី បានចាត់ទុកថា “អាមេរិកដឹកនាំដោយលោកដូណាល់ ត្រាំ កំពុងតែធ្វើឲ្យពិភពលោកចលាចល មានភាពតានតឹង បាត់បង់ស្ថិរភាព និង តុល្យភាព”។ លោក SergeuiRiabkovអនុ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានលើកឡើង ក្នុងលិខិតប្រកាសរបស់ខ្លួនថា “អាមេរិក កំពុងតែប្រលែងលេងជាមួយនឹងភ្លើង ដែលនេះគឺជារឿងមួយល្ងង់ខ្លៅជាទីបំផុត”។

ក្នុងលិខិតដដែលនេះ មន្ត្រីរុស្ស៊ីរូបនេះ សរសេរថា ពីទណ្ឌកម្មមួយទៅទណ្ឌ កម្មមួយ ដែលអាមេរិក ខំប្រឹងដាក់មក លើរុស្ស៊ី គឺវាស្តែងឲ្យឃើញថា ហាក់បីដូចជាមេដឹកនាំអាមេរិកទាំងអស់ ចូលចិត្ត ធ្វើរឿងនេះខ្លាំងណាស់ ពោលគឺយកការ ដាក់ទណ្ឌកម្មលើរុស្ស៊ី ជាការសប្បាយ របស់ជាតិអាមេរិកតែម្តង។ បើគិតពីឆ្នាំ ២០១១ ទណ្ឌកម្មអាមេរិក ដាក់លើរុស្សុី គឺមានប្រហែល៦០ដងហើយ។ ទណ្ឌកម្ម កាន់តែច្រើន គឺវាកាន់តែបង្ហាញថា ទណ្ឌ កម្មទាំងនោះ គ្មានន័យខ្លឹមសារ។

ជារួម ទណ្ឌកម្មថ្មីរបស់អាមេរិក គឺវា បន្ថែមពីលើភាពតានតឹងផ្នែកពាណិជ្ជកម្ម ដែលរដ្ឋាភិបាលលោកដូណាល់ ត្រាំបាន បង្កភាពវឹកវររួចទៅហើយ។ តើថ្ងៃមុខ មាន រឿងអ្វីទៀត បើសិន ជាចិន ឬរុស្ស៊ី សម្រេច ឆ្លើយតបវិញ? ការកំញើញចង្កូមដាក់ គ្នានេះ មិនមែនជារឿងល្អទេ សម្រាប់ស្ថិរ ភាពសាកលលោកយើង។

រុស្ស៊ីចោទអាមេរិក ថាបំផ្លាញស្ថិរភាព សកល តាមរយៈការដាក់ទណ្ឌកម្មលើចិនដែលទិញសព្វាវុធរុស្ស៊ី

ថ្ងៃព្រហស្បតិ៍ទី២០កញ្ញា រដ្ឋាភិបាល អាមេរិក បានសម្រេចដាក់ទណ្ឌកម្ម លើ អង្គភាពយោធារបស់ចិនមួយ ដោយហេតុ ថា អ្នកទទួលខុសត្រូវ និងអង្គភាពចិននោះ បានទិញសម្ភារសព្វាវុធយោធា ពីរុស្ស៊ី។ នេះជាលើកទីមួយហើយ ដែលរដ្ឋាភិបាល អាមេរិក ដាក់ទណ្ឌកម្មប្រទេសផ្សេងមួយ ទៀត ដែលរកស៊ីពាក់ព័ន្ធជាមួយនឹង បណ្តាញយោធារបស់រុស្សុី។ ទណ្ឌកម្ម របស់អាមេរិក បានបង្កឲ្យមានប្រតិកម្ម ភ្លាមៗ ពីសំណាក់ រដ្ឋាភិបាលចិន និង រុស្ស៊ី។ ប្រទេសទាំង២ ចាត់ទុកទណ្ឌ កម្មនេះ ថាជាការរករឿង បង្កជម្លោះទាស់ ទែង ដោយគ្មានហេតុផល ហើយដែលវា នឹងគំរាមកំហែង ដល់ស្ថិរភាពរបស់ពិភព លោក។

យ៉ាងណាក៏ដោយ ព្រមជាមួយគ្នានេះ មានក្រុមហ៊ុននិងជនជាតិរុស្ស៊ីច្រើននាក់ផ្សេងទៀត ដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅ របស់អាមេរិកនេះដែរ។ តាមពិតទៅ គឺ អាចជារុស្ស៊ីទៅវិញទេ ដែលរដ្ឋាភិបាល អាមេរិក មានបំណងវាយសង្គ្រុប។

ជាការណ៍ពិតណាស់ តាមពិតទៅ ក្នុងរឿងនេះ គឺចិន ជាអ្នកទទួលថ្មបាក់ ព្រោះថាកម្មវត្ថុពិតប្រាកដនៃទណ្ឌកម្មនេះ គឺរុស្ស៊ីតែម្តង។ បញ្ជីខ្មៅអាមេរិក ដែលផ្អែកលើច្បាប់មួយអនុម័តឆ្នាំ២០១៧ សំដៅ ដាក់ទណ្ឌកម្មលើភ្នាក់ងារកងទ័ព ឬចារ កិច្ចរបស់រុស្ស៊ីនោះ គឺមានជាប់ឈ្មោះ មនុស្ស ឬអង្គភាពចំនួន៤៩រួចហើយ។ ឥឡូវជាមួយទណ្ឌកម្មថ្មីនេះ គឺគេបន្ថែម ៣៣ទៀត គឺវាឡើងដល់៧២ឈ្មោះ។

ក្នុងចំណោមអ្នកថ្មីដែលទើបជាប់បញ្ជីខ្មៅគឺមានឈ្មោះ Igor Korobov មេធំបំផុតនៃភ្នាក់ងារចារកិច្ចកងទ័ពរុស្ស៊ី អង្គការ Paramilitaire PMC Wagner និងនាយកហិរញ្ញវត្ថុអង្គការនេះជាជនជាតិរុស្ស៊ី ឈ្មោះ EvguéniPrigojine។ ជនម្នាក់នេះ គឺជា មហាសេដ្ឋីរុស្ស៊ី ដែលល្បីថាស្និទ្ធខ្លាំងនឹងលោកពូទីន។ ក្រៅពីនេះ នៅមានរោង ចក្រផលិតយន្តហោះរុស្ស៊ី ដែលជាក្រុម ហ៊ុនផលិតយន្តហោះចំបាំង Soukhoïនេះ តែម្តង ហើយនិងមានភ្នាក់ងាររុស្ស៊ី មួយ ទៀត ឈ្មោះ Internet Research Agency។ គឺភ្នាក់ងារនេះហើយ ដែលពាក់ព័ន្ធ នឹង រឿងរ៉ាវ អន្តរាគមន៍លូកដៃរបស់រុស្ស៊ី មក ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។

បើយើងវិភាគឲ្យមែនទែន តាមរយៈ ទណ្ឌកម្មនេះ គឺរដ្ឋាភិបាលលោកដូណាល់ ត្រាំ ប្រើព្រួញតែមួយ តែបាញ់បានសត្វ២។ ទីមួយ ដាក់ទណ្ឌកម្មលើក្រុមហ៊ុនអ្នក ជំនួញ ឬអង្គភាព ដែលឃុបឃិតជាមួយកង ទ័ពរុស្ស៊ី ហើយទី២ ទណ្ឌកម្មនេះគឺជាសារ ប្រាប់ទៅប្រជាពលរដ្ឋអាមេរិក ឲ្យដឹងថា រដ្ឋាភិបាលលោកត្រាំ មិនមែនរណបរុស្ស៊ី ឬខ្លាចលោកពូទីន ដូចដែលធ្លាប់មានគេ និយាយរិះគន់នោះទេ។ ក្រៅពីនេះទៀត ប្រទេសផ្សេងទៀត ដូចជាទួរគី ដែលកំពុងចរចាទិញមីស៊ីលរបស់រុស្ស៊ីនោះ ក៏ត្រូវតែ ភ័យខ្លួនដែរ៕ ម៉ែវ សាធី


ចែករំលែក៖