ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម Femen ៖ អាមេរិកជាអ្នកបង្កើតសន្តិភាពក្លែងក្លាយ

ចែករំលែក៖

ដំណើរទស្សនកិច្ចទៅកាន់បារាំងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីចូលរួមអបអរសាទរខួប១០០ឆ្នាំថ្ងៃបញ្ចប់សង្គ្រាមលោកលើកទី១ ទទួលរងការធ្វើបាតុកម្មប្រឆាំងពីពលរដ្ឋនៅក្នុងប្រទេសបារាំង ពិសេសគឺក្រុមការពារសិទ្ធិស្ត្រីFemen ដែលជាក្រុមមានភាពល្បីល្បាញនៅជុំវិញពិភពលោក ដោយសកម្មភាពធ្វើបាតុកម្មអាក្រាតល្វែងលើ នៅចំពោះមុខមេដឹកនាំជាច្រើនជុំវិញពិភពលោក។

ស្ត្រីម្នាក់ប្រលែងល្វែងលើអាចជាសមាជិក ក្រុមសិទ្ធិស្ត្រី Femen បានប្រថុយនឹងគ្រោះថ្នាក់សម្រុកចូលទៅគៀករថយន្តដឹកប្រធានាធិបតី ដូណាល់ ត្រាំ ដែលមកបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស។ ក្រុមបាតុករខាងលើប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោក ត្រាំ។

លោក ត្រាំ បានទៅកាន់បារាំង ដើម្បីរូចរួមទិវា១០០ឆ្នាំនៃការបញ្ចប់សង្គ្រាមលោកលើកទី១។ រថយន្តរបស់លោក ត្រាំ ធ្វើដំណើរ ដល់ Arc De Triomphe លើមហាវិថី Champs Elysees ពេលនោះបាតុករស្ត្រី អាក្រាតល្វែងលើក៏បានសម្រុកចូលទៅគៀករថយន្តលោក ត្រាំ ក៏ត្រូវកម្លាំងការពារចាប់ខ្លួន។ ហេតុការណ៍ខាងលើកើតឡើនៅថ្ងៃទី១១ ខែវិច្ឆិកា។

រូបភាពបានបង្ហាញឲ្យឃើញថា នាងបានចូលទៅគៀករថយន្តរបស់លោក ត្រាំ មានចម្ងាយតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ។ ចំណុចទាំងនោះធ្វើឲ្យមានសំណួរជាច្រើនបានចោទសួរឡើងពីបញ្ហាសន្តិសុខនៅទីក្រុងប៉ារីស ដែលជាទីកន្លែងមានមេដឹកនាំជុំវិញពិភពលោក ជាង៧០ប្រទេសចូលរួម ក្នុងនោះមានទាំងប្រធានាធិបតីរុស្ស៊ី លោក ពូទីន ផងដែរ។

ក្រុម Femen ដែលជាក្រុមការពារសិទ្ធិស្ត្រី ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន បានប្រកាសថាជាសកម្មភាពរបស់ក្រុមខ្លួន។ ស្ត្រីខាងលើបានសរសេរអក្សនៅលើដងខ្លួន ដ៏ស្រស់ស្អាតរបស់នាងថា លោក ត្រាំ គឺជា «អ្នកបង្កើតសន្តិភាពក្លែងក្លាយ»។ មេដឹកនាំក្រុមFemen គឺលោកស្រី Inna Shevchenko បាននិយាយថា «ពួកគេមកទីនេះដើម្បីអបអរសារទរនូវសន្តិភាព ប៉ុន្តែពួកគេកំពុងតែជំរុញឲ្យមានសង្គ្រាម ។

បណ្តាញទូរទស្ស TF1 ថតបានទិដ្ឋភាពដែលស្ត្រីខាងលើ ចូលទៅគៀករថយន្តរបស់លោក ត្រាំ ដោយវិធីណា។ ទាំងនោះជាសំណួរចោទសួរពីសកម្មភាពការពារសន្តិសុខ ដល់ប្រមុខដឹកនាំក្រៅប្រទេស របស់ក្រុមសន្តិសុខជាតិបារាំង៕ ម៉ែវ សាធី


ចែករំលែក៖