សិង្ហបុរ ៖ ក្រុមហ៊ុន គ្រីសអេនើជី អិលធីឌី (តទៅនេះហៅថា “គ្រីសអេនើជី” ឬ “ក្រុមហ៊ុន”) ដែលជាក្រុមហ៊ុនរុករកប្រេង និងឧស្ម័នឯករាជ្យ សូមប្រកាសថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ SJ Production Barge Ltd បានផ្ដល់កិច្ចសន្យាដល់ក្រុមហ៊ុន Keppel Shipyard Ltd (តទៅនេះហៅថា “Keppel Shipyard”) សម្រាប់ការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវនាវាផលិតកម្មរបស់ខ្លួន សម្រាប់ការប្រើប្រាស់ក្នុងការអភិវឌ្ឍន៍អណ្ដូងប្រេងកាតអប្សរានៅក្នុងប្លុក A ស្ថិតក្នុងដែនសមុទ្រកម្ពុជា។ អណ្ដូងប្រេងអប្សរាគឺជាការអភិវឌ្ឍន៍ អ៊ីដ្រូកាបូនដំបូងគេបំផុតក្នុងប្រទេសកម្ពុជា។
ទំហំការងារទទួលខុសត្រូវរបស់ក្រុមហ៊ុន Keppel Shipyard សម្រាប់នាវាផលិតកម្មរួមមាន ការដំឡើង ម៉ូឌុលបង្កើតថាមពល ឈ្មោះ Electrical House ទីកន្លែងស្នាក់នៅថ្មី និងការងារជួសជុលដំឡើងផ្សេងៗទៀត។ នៅពេលបញ្ចប់ការងារសព្វគ្រប់ ក្នុងអំឡុងត្រីមាសទី ៣ ឆ្នាំ ២០១៩ នាវាផលិតកម្មនឹងមានសមត្ថភាពក្នុង ការធ្វើប្រព្រឹត្តកម្មសន្ទនីយ៍រហូតដល់ទៅ ៣០.០០០ បារ៉ែលក្នុងមួយថ្ងៃ និងមានបំពាក់នូវឋាបនៈភ័ណ្ឌ ដែលអាចញែកឧស្ម័ន ប្រេង និងទឹក។
ទំហំទឹកប្រាក់នៃកិច្ចសន្យានេះគឺប្រមាណជា ២១,៧ លានដុល្លារអាមេរិក ដែលក្នុងនោះ ការទូទាត់មួយភាគនឹងត្រូវធ្វើឡើងទៅតាមលក្ខខណ្ឌពន្យារ។ កិច្ចសន្យានេះត្រូវបានផ្ដល់ ស្របទៅតាមកិច្ចព្រមព្រៀង សហប្រតិបត្តិការ ដែលធ្លាប់បានយល់ព្រមពីមុនជាមួយនឹងក្រុមហ៊ុន Keppel FELS Limited និង Keppel Shipyard ហើយគឺជាផ្នែកមួយនៃប្រតិបត្តិការបុគ្គលភាគី ដែលនឹងអនុវត្តក្រោមអាណត្តិប្រតិបត្តិការបុគ្គលភាគី ដែលយល់ព្រម និងអនុម័តដោយភាគហ៊ុនិករបស់ក្រុមហ៊ុននៅក្នុងអង្គប្រជុំវិសាមញ្ញកាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៨ ។
លោក Brian Helyer នាយករងផ្នែកប្រតិបត្តិរបស់ក្រុមហុនគ្រីសអេនើជី បានថ្លែងថា៖ “យើងមានសេចក្តីរីករាយក្នុងការរួមដៃគ្នាធ្វើការជាមួយនឹងក្រុមហ៊ុន Keppel Shipyard សម្រាប់គម្រោងអភិវឌ្ឍន៍ប្រេងដ៏ធំសម្រាប់កម្ពុជានេះ។ តាមរយៈការជួយគាំទ្រពីដៃគូដែលមានបទពិសោធន៍ និងមានសមត្ថភាពបែបនេះ យើងជឿថា យើងនឹងអាចអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនូវធនធានប្រេងក្នុងប្លុក A ដើម្បីជាប្រយោជន៍ដល់ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធរបស់យើង”។
លោក Chor How Jat នាយកគ្រប់គ្រង (ផ្នែកកែច្នៃ និងជួសជុល) របស់ Keppel O&M និងជានាយកគ្រប់គ្រងរបស់ Keppel Shipyard បានថ្លែងថា៖ “ជាមួយនឹងបទពិសោធន៍ជាច្រើនលើការងារគម្រោងជួសជុល កែច្នៃ និងកែលម្អ Keppel Shipyard ពិតជាមានសមត្ថភាពក្នុងការរៀបចំផ្នែកវិស្វកម្ម និងផ្ដល់នូវដំណោះស្រាយយ៉ាងទូលំទូលាយសម្រាប់នាវាផ្សេងៗ។ កិច្ចសន្យាថ្មីពីក្រុមហ៊ុនគ្រីសអេនើជីនេះ គឺជាគម្រោងដំបូងរបស់យើងដែលធ្វើរួមគ្នា ចាប់តាំងពីមានការតែងតាំងក្រុមហ៊ុន Keppel O&M កាលពីដើមឆ្នាំនេះ ឲ្យធ្វើជាដៃគូសម្រាប់កញ្ចប់ការងារផ្នែកដំណោះស្រាយប្រេង និងឧស្ម័នក្នុងដែនសមុទ្រ”។
ក្រុមហ៊ុនគ្រីសអេនីជីគឺជាប្រតិបត្តិករនៃប្លុក A របស់កម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីទំហំ ៣.០៨៣ គីឡូម៉ែត្រការ៉េ នៃអាងសមុទ្រខ្មែរ ក្នុងឈូងសមុទ្រថៃ ដែលនៅទីនោះ ជម្រៅទឹកគឺមានចន្លោះពី ៥០ ទៅ ៨០ ម៉ែត្រ។ ដំណាក់កាល 1A នៃការអភិវឌ្ឍន៍អណ្ដូងប្រេងអប្សរា រួមមានផ្លាតហ្វមក្បាលអណ្តូងផលិតកម្ម ដែលបញ្ជាពីចម្ងាយមួយ ទ្រទ្រង់ដល់អណ្តូងបូមប្រេងចំនួន ២៤ ដែលបញ្ជូនសន្ទនីយ៍ ទៅកាន់នាវាផលិតកម្ម មួយ ។ ប្រេងឆៅដែលផលិតបាន នឹងត្រូវបញ្ជូនតាមបំពង់បង្ហូរប្រេងប្រវែង ១,៥ គីឡូម៉ែត្រ ទៅកាន់នាវា បណ្តែត ផ្ទុក និងផ្ទេរប្រេងអចិន្រ្តៃយ៍មួយ ៕ វឌ្ឍនា