ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌឺមៀពូទីន បានប្រកាសថា រុស្ស៊ីបានបញ្ចប់ ការផលិតបរមាណូ ដែលមានកម្លាំងខ្លាំងបំផុត ដោយអាច កម្ទេចទីក្រុង មួយទាំងមូលឲ្យទៅជាផេះ ដោយមិនមាន អ្វីអាចរារាំងបានឡើយ ។ បរមាណូ នឹងហោះសម្តៅទីក្រុង ក្នុងល្បឿនលឿនជាងសម្លេងដល់ទៅ ២០ដង។
ការប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី បានបង្កក្តីបារម្ភយ៉ាងខ្លាំង ពីសង្គ្រាមលោកលើកទីបី កើតឡើងក្នុងពេលដែល កំពុងតែមានភាពតានតឹង រវាងរដ្ឋាភិបាលទីក្រុងមូស្កូ នឹងវ៉ាស៊ីនតោន ។ លោកពូទីន បានលើកឡើងថា គ្មានអាវុធណា ដែលអាចរារាំង បានឡើយ ។
លោកពូទីនបញ្ជាក់ថា «យើងដឹងយ៉ាងច្បាស់ថា នេះជាការពិត ហើយ មិត្តរូបការងារបស់ខ្ញុំប្រាកដជាដឹងច្បាស់នៅរឿងនោះ ។ យើងបានឈានមុខលើគូប្រជែង នៅក្នុងវិស័យ សព្វាវុធ »។
លោកពូទីនបញ្ជាក់ថា «ទាំងនោះជាការឆ្លើយតបនឹងការអភិវឌ្ឍព័ន្ធមីស៊ីលរបស់អាមេរិក ។ យើងកំពុងតែ ផលិត និងត្រៀមលក្ខណៈ រួចរាល់ ក្នុងការដាក់ឲ្យប្រើប្រាស់។ នៅក្នុងវិស័យឧស្សាហកម្មមីស៊ីល បរមាណូ ល្បឿនលឿនខាងលើ ត្រូវបានគេដាក់ឈ្មោះថា Avangard នឹងដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ២០១៩ ខាងមុខ» ។
ការប្រកាសរបស់ប្រធានាធិបតីរុស្ស៊ីកើតឡើង ក្រោយពេលដែល ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាស ថានឹងដកអាមេរិកចេញពីសន្ធិសញ្ញាបរមាណូ ជាមួយរុស្ស៊ី ។ សកម្មភាពនោះ ជំរុញឲ្យមានការប្រកួតប្រជែងអាវុធសារជាថ្មីនៅលើពិភពលោក ៕ ម៉ែវ សាធី