ព័ត៌មានទាន់ហេតុការណ៍៖

ក្មេង១ក្រុមដើររកបាចត្រី ប្រទះឃើញសាកសពមនុស្សប្រុសម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្មេងៗ១ក្រុម ដើររកបាចត្រីតាមវាលស្រែក្បែរភូមិ ប្រទះឃើញសាកសពមនុស្សប្រុសម្នាក់ដេកស្លាប់ ក៏ប្រញាប់រត់មករាយការណ៍ប្រាប់អ្នកភូមិ ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលនៅម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចវាលស្រែខាងលិចភូមិពោធិ៍ ឃុំព្នាយ ស្រុកសំរោងទង ។

សាកសពជនរងគ្រោះឈ្មោះ ទិត្យ ស៊ុន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិក្រាំងរលួស ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជាមនុស្សមានជំងឺសរសៃប្រាសាទ ។

ប្រភពព័ត៌មានពីអ្នកភូមិ បានប្រាប់សមត្ថកិច្ចថា នៅមុនពេលផ្អើលឆោឡោ មានក្មេង១ក្រុមមានគ្នា៣នាក់ទី១ ឈ្មោះខន ទី ភេទប្រុស អាយុ២៣ឆ្នាំ,ទី២ឈ្មោះ លី ទិត្យ ភេទប្រុស អាយុ១៥ឆ្នាំ និងទី៣ឈ្មោះ ឡុង សុខចាន់ ភេទប្រុស អាយុ១២ឆ្នាំ ។ ពួកគេទាំង៣នាក់ រស់នៅភូមិកើតហេតុខាងលើ បានដើររកបាចត្រីតាមវាលស្រែខាងលិចភូមិ ចម្ងាយប្រហែល១គីឡូម៉ែត្រ បានប្រទះឃើញសាកសពជនរងគ្រោះ ដេកស្លាប់យ៉ាងអាណោចអាធ័ម ក៏រត់មកប្រាប់អ្នកភូមិ ។

ប្រភពដដែលបន្តថា នៅពេលអ្នកភូមិ នាំគ្នារត់ទៅមើលក៏ស្គាល់អត្តសញ្ញាណជនរងគ្រោះ ជាមនុស្សសរសៃប្រសាទ ដើរតែលតោលគ្មានគោលដៅ រួចក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកស្រាវជ្រាវរកសាច់ញាតិ ។

ក្រោយពីសមត្ថកិច្ច ចមកដល់ពិនិត្យ សាកសពគ្មានពាក់ពន្ធ័នឹងអំពើឃាតកម្មទេ គឺជនរងគ្រោះ ដេកស្លាប់ដោយអត់បាយ រួចក៏ទាក់ទងក្រុមគ្រួសារ ឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សេនាស័ក្តិ


ចែករំលែក៖