ខេត្តកំពង់ស្ពឺ៖ ករណីហិង្សាដោយចេតនារវាងអ្នកលេងល្បែងជល់មាន់ភ្នាល់គ្នារហូត ឈានដល់ថ្នាក់យកកាំបិតមកកាប់ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅភូមិព្រៃពង្ររ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
មន្ត្រីនគរបាល ស្រុកគងពិសីបានឲ្យដឹងថា នៅមុនពេលមានជម្លោះពាក្យសម្តីរហូតឈានដល់ប្រើអំពើហិង្សាយកកាំបិតទៅកាប់លើជនរងគ្រោះនោះ គឺពួកគេបានយកមាន់មកប្រជល់គ្នា និងភ្នាល់ដាក់លុយ នៅចំណុចភូមិ ឃុំកើតហេតុខាងលើហើយឈ្មោះ ប៊ុន សីហាក់ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិបឹង ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានយកមាន់មកជល់ជាមួយមាន់របស់ឈ្មោះ យ៉ុង ផាត់ ភេទប្រុស អាយុ៥២ឆ្នាំរស់នៅភូមិព្រៃពង្ររ ស្រុកគងពិសី ។
ដោយភ្នាល់គ្នាក្នុងតម្លៃ៣០០ដុល្លាអាមេរិក ហើយភ្នាល់គ្នាខាងក្រៅ ២០០០ដុល្លារទៀត ដោយសារមាន់ឈ្មោះយ៉ុង ផាត់ នោះចាញ់បានឲ្យកូនប្រុសរបស់គាត់ ឈ្មោះ ផាត់ វើយ បីមាន់យកទៅផ្ទះបាត់ ថែមទាំងមិនឲ្យលុយចាញ់ទៀតផង ។ រហូតជនរងគ្រោះបានទារលុយ ស្រាប់តែ យ៉ុង ផាត់ បានទូរស័ព្ទហៅកូនប្រុសដែលបីមាន់ទៅផ្ទះនោះ ឲ្យមកវិញ ព្រមទាំងឲ្យកូនហៅកម្មករឈ្មោះ ហុង ហ៊ួត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទងយកទាំងកាំផ្គាស់ និងដំបងមកព្រួតគ្នាវាយទៅជនរងគ្រោះបណ្តាលឲ្យរងរបួសប្រអប់ដៃឆ្វេងចេញឆ្នឹង ។
ប្រភពបានបន្តថា ដោយសារមានគេ ដែលទៅលេងជាមួយបានជួយឃាត់ និងដឹកជនរងគ្រោះគេច និងយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ស្រុកណ្តាលស្ទឺង ជនសង្ស័យទាំងបីនេះកំពុងរត់គេចខ្លួនបច្ចុប្បន្នមន្ត្រីនគរបាលជំនាញ ស្រុកគងពិសីសហការជាមួយនគរបាលប៉ុស្តិ៍បន្តស្រាវជ្រាវ និងតាមចាប់ក្រុមជនសង្ស័យយកមកផ្តន្តាទោសតាមច្បាប់ ៕ សេនាស័ក្តិ