ប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា បានបង្ហោះរូបភាព ស្តីពីការ ប្រលែងលេងជាមួយសត្វសុនខ គួរឲ្យស្រឡាញ់ Gomi ដែលមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ផ្ញើជូនកាលពីខែកញ្ញាកន្លងមក ។ រូបភាពខាងលើ ជាសញ្ញាមួយបង្ហាញឲ្យឃើញពីទំនាក់ទំនងយ៉ាងល្អប្រសើរ និងជាការនឹករលឹកដល់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។
កាលពីខែកញ្ញា លោក គីម ជុងអ៊ុន បានជូនកាដូសត្វ សុនខ ពីរក្បាល ប្រភេទ Pungsan ដែលមានឈ្មោះថា Gomi និង Songgang ដល់ សមភាគី ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនជេ អ៊ីន ដើម្បីជំរុញសន្តិភាព ក្នុងពេលដែលទំនាក់ទំនងកាន់តែប្រសើរឡើង ។ ពូជសុនខ Pungsan មានភាពល្បីល្បាញពីភាពស្មោះត្រង់ និងពូកែចាប់សត្វ ។ ប្រភេទសត្វសុនខខាងលើ ត្រូវបានចាត់ទុកថា ជាតំណាងជាតិកូរ៉េខាងជើង ។
ពេលថ្មីៗនេះ សុនខ Gomi បង្កើតបានកូន៦ក្បាល ក្នុងនោះ ឈ្មោល៣ក្បាល និងញី៣ក្បាល។
ប្រធានាធិបតីកូរ៉េខាងត្បូង បានបង្ហោះរូបភាព ពីសត្វសុនខគួរឲ្យស្រឡាញ់ទាំងនោះ នៅលើបណ្តាញសង្គមផ្លូវការរបស់លោក កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេ អីន បានសរសេរនៅលើបណ្តាញ Twitter ថា «Gomi មានផ្ទៃពោះ ពេលមករស់នៅជាមួយយើងខ្ញុំ ។ យើងខ្ញុំសង្ឃឹមថា បញ្ហាកូរ៉េខាងជើង នឹងលូតលាស់ដូចសុនខ ដែលបានបង្កើតកូនយ៉ាងស្រស់ស្អាត»។
ក្រោយពេលសត្វ សុនខខាងលើ កើតកូន កូរ៉េខាងត្បូង បានបញ្ជូនយន្តហោះដឹកជញ្ជូនយោធា ធំៗ ៤គ្រឿង ដឹកផ្លែក្រូច ជាង ២០០តោន ទៅជូនដល់កូរ៉េខាងជើង ដែលជាទឹកចិត្តរបស់ពលរដ្ឋកូរេខាងត្បូង សម្រាប់កូរ៉េខាងជើង ។ កន្លងមក កូរ៉េខាងជើង ក៏បានផ្តល់កាដូ ផ្សិតមានតម្លៃ ដល់កូរ៉េខាងជើងផងដែរ ។
មេដឹកនាំទាំងពីរ ម៉ូនជេ អីន និងគីម ជុងអ៊ុន បានជួបគ្នា៣លើករួចមកហើយ ក្នុងរយៈពេលមិនដល់១ឆ្នាំ ហើយដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការផ្សះផ្សាទំនាក់ទំនងជាមួយ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង ប្រធានាធិបតី ម៉ូន ជេអីន ជាមេដឹកនាំកូរ៉េខាងត្បូង ទីមួយដែលបានថ្លែងសុន្ទរកថា ទៅកាន់ពលរដ្ឋកូរ៉េខាងជើង ។
ពេលថ្មីៗនេះ ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានបង្ហាញពីការជឿជាក់ថា សង្គ្រាមឧប្បទ្វីប នឹងបញ្ចប់ទៅនៅពេលឆាប់នេះ ដោយសន្ធិសញ្ញាសន្តិភាព ជំនួសនៅបទឈប់បាញ់កាលពីឆ្នាំ១៩៥៣ ៕ ម៉ែវ សាធី