មានប្រសាសន៍នៅក្នុងកិច្ចប្រជុំជាបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា អគ្គលេខារងអង្គការសហប្រជាជាតិ ទទួលបន្ទុកនយោបាយ លោកស្រី Rosemary Dicarloបានអំពាវនាវឲ្យរុស្ស៊ី និងអ៊ុយក្រែន បញ្ចៀសសកម្មភាព ដែលអាចជំរុញឲ្យមានការប្រឈមមុខតានតឹងដាក់គ្នា ។
លោកស្រីបន្តទៀតថា នៅពេលនេះ ភាគីទាំងពីរចាំបាច់ត្រូវតែកាត់បន្ថយកម្តៅនៃការប្រឈមមុខដាក់គ្នា នៅលើដែនសមុទ្រ Azov និងសមុទ្រខ្មៅ ។ អង្គការសហប្រជាជាតិអំពាវនាវដល់ភាគីទាំងពីរស្វែងរកដំណោះស្រាយដោយសន្តិភាព ។ សូមបញ្ជាក់ថា ការប្រឈមមុខតានតឹងរវាងអ៊ុយក្រែន នឹងរុស្ស៊ី កើតឡើងក្រោយពេលរុស្ស៊ីចាប់នាវាចម្បាំងអ៊ុយក្រែន៣គ្រឿង នៅសមុទ្រខ្មៅកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ។
ចំណែកអាមេរិកវិញ បានព្រមានដល់រុស្ស៊ីពីទង្វើ ខុសផ្លូវច្បាប់ទៅលើអ៊ុយក្រែន ហើយសកម្មភាពទាំងនោះរបស់រុស្ស៊ី កំពុងតែបំផ្លាញទំនាក់ទំនងជាមួយអាមេរិក ។ សហរដ្ឋអាមេរិក បានព្រមានរុស្ស៊ីថា សកម្មភាពរំលោភបំពានលើច្បាប់ដូច ជាការរឹបអូសទូកអ៊ុយក្រែននៅឯសមុទ្រ Azov នៃតំបន់ឧបទ្វីបគ្រីមៀ នឹងរារាំងមិនឲ្យទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូមាន ទំនាក់ទំនងជាប្រក្រតីឡើងវិញ ។
ថ្លែងនៅឯកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Nikki Haley បាននិយាយថា សហរដ្ឋអាមេរិកពិតជាចង់មានទំនាក់ទំនងជាធម្មតាឡើងវិញជាមួយរុស្ស៊ី ក៏ប៉ុន្តែទង្វើក្រៅច្បាប់របស់រុស្ស៊ីមិន អាចឲ្យបំណងនេះសម្រេចទៅរួចឡើយ ។ ភាពតានតឹងរវាងរុស្ស៊ី នឹងអ៊ុយក្រែន បានកើតឡើងកាលពីថ្ងៃអាទិត្យ កន្លងទៅ ក្រោយ ឆ្មាំសមុទ្ររុស្ស៊ីបើកការបាញ់ប្រហារ និងរឹបអូសទូកអ៊ុយក្រែនចំនួន៣គ្រឿង ដោយចោទថាបានចូលក្នុងដែនទឹករបស់ខ្លួនដោយ ខុសច្បាប់ ។
ជុំវិញភាពតានតឹងនេះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានថាលោកមិនសប្បាយចិត្ត ទាល់តែសោះចំពោះស្ថានភាពបច្ចុប្បន្នរវាងអ៊ុយក្រែន និងរុស្ស៊ី ហើយថារដ្ឋាភិបាលអឺរ៉ុបគួរតែដោះស្រាយបញ្ហានេះ ។ ចំណែកឯ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ក៏បានថ្កោលទោសសកម្មភាពរបស់រុស្ស៊ីដែលលោកផ្ទាល់ហៅថាជាទង្វើ ឈ្លានពាន និងអំពាវនាវឲ្យទីក្រុងម៉ូស្គូដោះលែងក្រុមនាវិក និងទូកអ៊ុយក្រែនចំនួនបីគ្រឿងវិញផងដែរ ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ សភាអ៊ុយក្រែនបានបោះឆ្នោតគាំទ្រច្បាប់អាជ្ញាសឹកមានរយៈពេល៣០ថ្ងៃ នៅឯតំបន់ព្រំដែន របស់ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko ហើយ ។ រីឯរុស្ស៊ីវិញក៏បានព្រមានដែរថានឹងចាត់វិធានការឆ្លើយតប ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន ស្របពេលក្រុមអ្នកជំនាញមួយចំនួនព្រួយបារម្ភថាជម្លោះនេះអាចនឹងទាញឲ្យរុស្ស៊ី និងអង្គការណាតូប្រឈមមុខដាក់គ្នាកាន់តែខ្លាំង៕ ម៉ែវ សាធី