ប៉ោយប៉ែត៖ សេចក្ដីរាយការណ៍ប្រាប់ថា មានរថយន្តពីរគ្រឿង រអិលរេចង្កូតធ្លាក់ប្រឡាយមួយគ្រឿង ដឹកបន្លែចំណែក មួយគ្រឿងទៀត ដឹកម៉ាស៊ីនច្រូតស្រូវ តែសំណាង ពុំមានបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស ។
ហេតុការណ៍នេះ កើតឡើងកាលពីព្រឹកថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ចម្ងាយពីវត្តអូរខាយដន ប្រហែ៦០ម៉ែត្រឋិតក្នុងភូមិកូនដំរី សង្កាត់ផ្សារកណ្ដាល ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។
ប្រភពពីអ្នកស្រុកប្រាប់ថា ចំពោះរថយន្តទាំងពីរគ្រឿង ធ្លាក់ប្រឡាយនោះ មួយគ្រឿងម៉ាក សាំយ៉ុង ដឹកបន្លែ ពីបាត់ដំបង ដើម្បីយកមកលក់នៅទីក្រុងប៉ោយប៉ែត ក្នុងទិសដៅពីកើតមកលិច ចំណែករថយន្តដឹកគ្រឿងម៉ាស៊ីនច្រូតស្រូវបានបើក ពីលិចមកកើត លុះបើកមកមកដល់ចំណុចកើតហេតុ រថយន្តទាំងពីរគ្រឿង ក៏រេចង្កូតធ្លាក់ប្រឡាយតែម្ដង ។
ប្រភពបញ្ជាក់ថា មូលហេតុ ដែលរថយន្តទាំងពីរគ្រឿង រេចង្កូតធ្លាក់ប្រឡាយនោះ គឺបណ្ដាលមកពីចំណុចកើតហេតុមានដីច្រើន ដែលធ្លាក់ចេញពីរថយន្ត ដឹកដី ស្របពេលមេឃរលឹមផងនោះ ហើយរថយន្តបើកក្នុងល្បឿនលឿនមិនដឹងថា កន្លែងកើតហេតុមានកំណកដីភ្ជាប់លើផ្លូវជាតិ ដែលធ្លាក់ចេញពីរថយន្តដឹកដី ចេញពីការរដ្ឋានមួយកន្លែង នៅក្នុងអាងអូរខាយដន ឋិតក្នុងភូមិកូនដំរី ក្នុងមួយថ្ងៃរាប់រយគ្រឿង ដោយមិនមានយកស្បៃ ឬតង់គ្រប់លើរថយន្តដឹកដី ទើបធ្លាក់នៅកន្លែងកើតហេតុច្រើន កាបង្កអនាធិបតេយ្យនេះ កើតមានយូរហើយ តែចំណាត់ការហាក់បីដូចមានកម្រិត ។ ប្រភពបញ្ជាក់ថា សួម្បីតែម៉ូតូបើកកាត់ ក៏ដួលជាច្រើនគ្រឿងដែរ ។
ទោះយ៉ាងណា នៅព្រឹកថ្ងៃកើតហេតុនោះដែរ គេឃើញមានរថយន្តពីរគ្រឿង មួយគ្រឿងម៉ាក ឡេវ៉ាឡឺ និងមួយគ្រឿងទៀតជាប្រភេទរថយន្តដឹកទឹករបស់សង្កាត់ផ្សារកណ្ដាលដើម្បីលាង និងឈួសឆាយផ្លូវដើម្បីបញ្ជៀសគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ៕ វណ្ណា