អ្វីដែលមេដឹកនាំកូរ៉េខាងជើង បានធ្វើពេលនេះ គឺជាការបង្ហាញនូវចេតនាពិតប្រាកដ ក្នុងការ បោះបង់អាវុធបរមាណូ ដើម្បីទទួលបានសន្តិភាពពេញលេញ និងជួយបង្កើនជីវភាពរស់នៅរបស់ពលរដ្ឋ ។ នៅពេលនេះ មេដឹកនាំ គីម ជុងអ៊ុន បានយល់ព្រមឲ្យ ក្រុមសង្កេតការណ៍អន្តរជាតិ ចូលទៅត្រួតពិនិត្យទីតាំង បរមាណូ Yongbyon ។
ប្រភពព័ត៌មានពីមន្ត្រីកូរ៉េខាងជើង ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា «តាមអ្វីដែលខ្ញុំបានដឹង នៅក្នុងជំនួប កាលពីខែកញ្ញាកន្លងមក រវាង មេដឹកនាំ គីម ជុងអ៊ុន នឹង ប្រធានាធិបតី ម៉ូនជេអ៊ីន មេដឹកនាំគីម ជុងអ៊ុន បានលើកឡើងថា ប្រសិនបើអាមេរិក មានសុឆន្ទៈពិតប្រាកដនោះ កូរ៉េខាងជើង មិនត្រឹមតែបិទ ទីតាំងបរមាណូប៉ុណ្ណោះទេ ថែមទាំង អនុញ្ញាតឲ្យក្រុមសង្កេតការណ៍អន្តរជាតិ ចូលទៅកាន់ ទីតាំងបរមាណូដើម្បីត្រួតពិនិត្យបញ្ជាក់ការពិត» ។
ប្រភពព័ត៌មានបានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនជេ អ៊ីន បានបញ្ជូនសារទាំងនោះ ទៅកាន់សមភាគីអាមេរិក ដូណាល់ ត្រាំ ក្នុងជំនួប នៅទីក្រុងញ៉ូវយ៉ក អាមេរិក ។ នេះជាជំហានវិជ្ជមានមួយ នៅក្នុងការឆ្ពោះទៅរកការរំសាយអាវុធបរមាណូទាំងស្រុង ដើម្បីដោះដូរសន្តិភាព ពេញលេញដល់កូរ៉េខាងជើង ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ។
ទំនាក់ទំនងរវាង អាមេរិក នឹងកូរ៉េខាងជើង មានសញ្ញាល្អប្រសើរ ក្រោយពេលដែលមានជំនួបកំពូល រវាង លោក ដូណាល់ ត្រាំ នឹង គីម ជុងអ៊ុន កាលពីថ្ងៃទី១២ ខែមិថុនា ក្នុងប្រទេសសឹង្ហបុរី ។ មេដឹកនាំទាំងពីរ បានចេញសេចក្តីប្រកាសរួម ក្នុងនោះ ទីក្រុងព្យុងយ៉ាងបានសន្យាថា នឹង រំសាយអាវុធបរមាណូ ដើម្បីដោះដូរ ពីការធានាដល់សន្តិសុខពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ។
ចំណុចសំខាន់បំផុត គឺ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាស ពីគោលបំណងបោះបង់អាវុធបរមាណូ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន មានសុទិដ្ឋិនិយម មកលើកូរ៉េខាងជើង ដោយលុបទណ្ឌកម្មទាំងឡាយ ។
ពេលថ្មីៗនេះ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចាប់ផ្តើមនូវយុទ្ធនាការ បង្កើនរូបភាព និងចក្ខុវិស័យអន្តរជាតិ ។ សារព័ត៌មានកូរ៉េខាងជើង ក៏បាន លើកឡើង ពីការសាងសង់រមណីយដ្ឋានទេសចរណ៍ដ៏សំខាន់ នៅ Wosan ជាទីក្រុងឆ្នេរសមុទ្រ នៅកូរ៉េខាងជើង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ។ ទាំងនោះ ត្រូវបានគេចាត់ទុកថា ជាការរៀបចំ ស្វាគមន៍ភ្ញៀវទេសចរណ៍ ក្រោយកូរ៉េខាងជើង រួចផុតពីទណ្ឌកម្ម និងទទួលបានឯករាជ្យពិតប្រាកដ ។ ពេលនោះ អ្នកទេសចរណ៍ជុំវិញពិភពលោក នឹងសម្រុកចូលទៅកាន់ប្រទេសដ៏អាថ៌កំបាំងមួយនេះ ។
តាមសារព័ត៌មាន CNA ផ្សាយថា ដំណើរវិវឌ្ឍន៍ឆ្ពោះទៅមុខរបស់កូរ៉េខាងជើង និងនាំមកនៅស្ថេរភាពដល់កូរ៉េខាងជើង បើប្រៀបធៀបនឹងការដឹកនាំជំនាន់មុនៗ របស់ជីតា និងឪពុក ។ ប្រទេសកូរ៉េខាងជើង នៅក្រីក្រ ហើយដើម្បីរក្សាលំនឹង កូរ៉េខាងជើង ចាំបាច់ត្រូវតែ បង្កើនជីវភាពរស់នៅរបស់ពលរដ្ឋ កាន់តែប្រសើរឡើង ។
ដើម្បីជួយដល់ជីវភាពរបស់ពលរដ្ឋ មេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន នឹងត្រូវ បញ្ចុះបញ្ចូលពិភពលោក និងបង្ហាញពីភាពស្មោះត្រង់ នៅក្នុងការលះបង់អាវុធបរមាណូ ៕